ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ៖ តុលាការកំពុងស៊ើបអង្កេតរឿងបណ្តឹងលើមន្រ្តីអាដហុក លោក ស៊ឹង សែនករុណា


រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក នៅការិយាល័យអាដហុក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក នៅការិយាល័យអាដហុក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​មន្រ្តី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ពាក់ព័ន្ធ​នឹង​ការប្រើពាក្យ​ពេចន៍​ តាម​រយៈ​សារព័ត៌មាន​ The Cambodia Daily។ នេះ​បើ​យោង​តាម​លោក ប្លង់ សុផល អ្នកនាំពាក្យ​របស់​តុលាការ។

លោក ប្លង់ សុផល ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​តាម​ប្រព័ន្ធ​តេឡេក្រាម​ក្នុង​ន័យ​ដើម​ថា៖​ «ខ្ញុំ​អាច​ជូន​ព័ត៌មាន​បាន​អំពី​សំណុំ​រឿង​នេះ​ជា​រួម​ថា​ តំណាង​អយ្យការ​កំពុង​តែ​ធ្វើការ​ស៊ើប​អង្កេត​ ហើយ​ជន​សង្ស័យ​មិន​ទាន់​បាន​ចូល​មក​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​នៅ​ឡើយ​ទេ»។

លោក ស៊ឹង សែនករុណា អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​បដិសេធ​មិន​អត្ថាធិប្បាយ។ វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក នី សុខា ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​នៅ​ឡើយ​ទេ។

ចំណែក​សហមេធាវី​ការពារ​ក្តី​គណបក្ស​ប្រជាជន​កម្ពុជា លោក ម៉ម ចាន់ណែត ក៏​បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ថា​ «សុំ​រក្សា​ការ​សម្ងាត់​វិជ្ជាជីវៈ»។

បើ​តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី​ ៥​ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន បានប្តឹង​លោក ​ស៊ឹង សែនករុណា ពី​បទ​បរិហារកេរ្តិ៍ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ២ ​ពាន់​លាន​រៀល​ ឬ​ប្រមាណ​ ៥០ ​ម៉ឺន​ដុល្លារ​អាមេរិក ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​នៅ​លើ​សារព័ត៌មាន ដែលគណបក្ស​កាន់​អំណាច​ថា​ «មួល​បង្កាច់​នាំ​ឱ្យ​ប៉ះ​ពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្សប្រជាជន​កម្ពុជា»។

លោក ស៊ឹង សែន​ករុណា ត្រូវ​បាន​សារព័ត៌មាន​យោង​សម្តីក្នុង​ឃ្លា​ថា​«គណបក្ស​កាន់​អំណាច​តែង​តែ​យក​តុលាការ​មក​ធ្វើ​ជា​របាំង​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន»។

ទោះ​ជាយ៉ាងណា លោក ស៊ឹង សែនករុណា ធ្លាប់​បាន​បដិសេធ​ថា​ រាល់​ការ​ស្រង់​ពាក្យ​សម្តី​របស់​លោក​ទៅ​បន្ថែម​បន្ថយ​បញ្ចេញ​បញ្ចូល​វាយ​ប្រហារ​ចំៗ​លើ​ឈ្មោះ​បក្ស​នយោបាយ​ណា​មួយ​នោះ វា​មិន​មែន​ជា​ចេតនា និង​គោលបំណង​របស់​លោក​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG