ក្រុមអង្គការសង្គមស៊ីវិល និងយុវជនមួយចំនួនបានចេញសេចក្តីថ្លែងការណ៍រួម ដោយស្នើសុំគណបក្សប្រជាជនកម្ពុជា ពោលគឺលោក ហ៊ុន សែន ឱ្យដកពាក្យបណ្តឹងលើមន្រ្តីជាន់ខ្ពស់សមាគមអាដហុក លោក ស៊ឹង សែនករុណា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលចេញផ្សាយកាលពីចុងសប្តាហ៍។
ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព យុវជន ប្រមាណ ១០ ដែលរួមមានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា សមាគម IDEA សមាគមបណ្តាញយុវជន និងក្រុមអ្នកវិភាគវ័យក្មេងជាដើម កាលពីថ្ងៃទី ៩ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយ «ស្នើសុំឱ្យដើមបណ្តឹងពិចារណាដកពាក្យបណ្តឹងលើរូបលោក ស៊ឹង សែនករុណា» អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលកំពុងរងបណ្ដឹងទាក់ទងនឹងបទសម្ភាសន៍មួយជាមួយ សារព័ត៌មាន The Cambodia Daily។
សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងថា ក្នុងបទសម្ភាសន៍នោះ លោក ស៊ឹង សែនករុណា «មិនមានចេតនាទុច្ចរិតណាមួយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ» ព្រោះលោក ស៊ឹង សែនករុណា បានបដិសេធលើការបន្ថែមបន្ថយសម្រង់សម្ដីដើមរបស់លោក ដែលមានបញ្ជាក់ឈ្មោះគណបក្សប្រជាជនកម្ពុជា។
នៅក្នុងបេសកកម្មលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងក្នុងតួនាទីអនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងចំណាយពេលជាច្រើនក្នុងការចែករំលែកចំណេះដឹង និងទស្សនៈទៅកាន់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា ប្រកបដោយអព្យាក្រឹតភាព និងប្រកបដោយវិជ្ជាជីវៈ។ នេះបើតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍ដដែលអំពាវនាវដល់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ពិចារណាដកពាក្យបណ្តឹង ក្នុងស្មារតីធានា និងលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេងដែលបានចូលរួមគាំទ្រសេចក្តីថ្លែងការណ៍នេះ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា វាហាក់ដូចជាមានកំហុសវិជ្ជាជីវៈផ្នែកសារព័ត៌មាន ជាជាងកំហុសរបស់អ្នកផ្តល់បទសម្ភាសន៍។
កញ្ញាថ្លែងថា៖ «យើងមើលឃើញថា រឿងរ៉ាវទាំងអស់ហ្នឹងវាអាចនៅក្នុងការកែប្រែទៅលើសម្រង់សម្តីឱ្យទៅសម្រង់សម្តីដើមអ៊ីចឹង កំហុសប្រភពគឺវាអត់មានទេ។ យើងមើលជារួមទៅ អាចនៅក្នុងទិដ្ឋភាពកំហុសវិជ្ជាជីវៈសារព័ត៌មាន ឬក៏ការសម្រង់សម្តីខុសទេ មិនមែនប្រភពជាអ្នកផ្តល់ឱ្យខុសទេ»។
អ្នកវិភាគវ័យក្មេងរូបនេះបន្ថែមថា៖ «លោក ស៊ឹង សែនករុណា ខ្លួនឯងហ្នឹងក៏បានបដិសេធទៅលើការបន្ថែមបន្ថយសម្រង់សម្តីនៅក្នុងអត្ថបទចុះផ្សាយ របស់ The Cambodia Daily ទៀត។ ហើយ The Cambodia Daily ខ្លួនឯងហ្នឹងក៏គាត់បានកែសម្រង់សម្តីហ្នឹងឱ្យវាសមស្របជាមួយហ្នឹងសម្រង់សម្តីដើមរបស់លោក ស៊ឹង សែនករុណា ដែរ អត់មានបញ្ជាក់ឈ្មោះគណបក្សណាមួយនោះទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការចេញសេចក្តីថ្លែងការណ៍ ឬការដាក់ញត្តិទាមទារឱ្យមានការដកពាក្យបណ្តឹងគឺសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អង្គការ និងក្រុមយុវជនទាំងនោះ។ លោកថាករណីនេះទុកឱ្យតុលាការជាអ្នកសម្រេច។
លោកថ្លែងថា៖ «ការធ្វើញត្តិក៏ដោយ ការមានមតិយ៉ាងណាក៏ដោយដែលសំណូមពរ ឬទាមទារឱ្យដកពាក្យបណ្តឹងនោះ វាហួសពេលទៅហើយ។ យើងចាត់ទុកការចេញសេចក្តីថ្លែងការណ៍ឬមួយការមានមតិបែបណា អាហ្នឹងគ្រាន់តែជាសិទ្ធិបញ្ចេញមតិ។ ប៉ុន្តែការសម្រេចយ៉ាងណា វាមិនលើគាត់ទេ វាលើដើមបណ្តឹង ហើយដើមបណ្តឹងនេះ បានដាក់ចូលដៃតុលាការហើយ។ អ៊ីចឹងដើមបណ្តឹងទុកឱ្យតុលាការលោកចាត់នីតិវិធី ស្របតាមតួនាទី ភារកិច្ចរបស់លោក»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមមេធាវីរបស់លោក ហ៊ុន សែន បានដាក់ពាក្យប្តឹងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ទៅតុលាការ និងទាមទារសំណងជំងឺចិត្តចំនួន ២ ពាន់លានរៀល ឬប្រមាណ ៥០ ម៉ឺនដុល្លារ ពាក់ព័ន្ធនឹងអត្ថបទមួយដែលចេញផ្សាយដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី ២ ខែកុម្ភៈ ដោយដកស្រង់សម្តីរបស់លោក ស៊ឹង សែនករុណា។
ក្នុងអត្ថបទសារព័ត៌មាន The Cambodia Daily ដែលមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង ១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច» លោក ស៊ឹង សែនករុណា ត្រូវបានដកស្រង់សម្តីមកសរសេរថា៖ «វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ ... គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ ... គណបក្សនយោបាយទាំងអស់គួរតែប្រើប្រាស់វិធីចាស់ទុំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ»។
ក្រោយមានការប្តឹងផ្តល់នេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា លោកមិនបានប្រើប្រាស់ពាក្យពេចន៍ចំៗលើគណបក្សប្រជាជនកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ។
ក្រោយមានការប្តឹងផ្តល់ដោយសំអាងលើអត្ថបទសារព័ត៌មាន ស្ថាប័ន The Cambodia Daily ដែលផ្សាយចេញពីសហរដ្ឋអាមេរិកតាមហ្វេសប៊ុកនិងគេហទំព័រ បានចេញសេចក្តីជូនដំណឹងមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនបានកែសម្រួលសម្តីដកស្រង់របស់លោក ស៊ឹង សែនករុណា មួយចំនួន ដែលក្នុងនោះលុបចោលនូវសម្តីចម្រូងចម្រាស ដូចជា «គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»៕
វេទិកាបញ្ចេញមតិ