អ្នកតំណាងពិសេសទទួលបន្ទុកកិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកគ្រោងនឹងធ្វើដំណើរទស្សកិច្ចទៅកាន់ប្រទេសកម្ពុជានៅដើមសប្តាហ៍ខាងមុខ។ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិកម្មករបានប្រាប់ VOAថាពួកគាត់ជឿជាក់ថា ដំណើរទស្សនកិច្ចដ៏កម្រនេះ នឹងជួយឱ្យមានការគោរពសិទ្ធិកម្មករនិងកាត់បន្ថយភាពតានតឹងនយោបាយក្នុងប្រទេសផងដែរ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិពលកម្មអន្តរជាតិនិងធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជានាសប្តាហ៍ខាងមុខ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក ដែល VOA បានទទួលនាព្រឹកថ្ងៃសុក្រ។
មន្ត្រីសង្គមស៊ីវិលនិងអ្នកការពារសិទ្ធិកម្មករ សង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យសិទ្ធិការងារនិងការគោរពសិទ្ធិមិនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា លោកស្រី Sarah Fox អ្នកតំណាងពិសេសទទួលបន្ទុកកិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងផងដែរថា លោកស្រីកំពុងធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា មុនពេលបន្តដំណើរមកកាន់ប្រទេសកម្ពុជានាដើមសប្តាហ៍ខាងមុខ។ នៅក្នុងទស្សនកិច្ចនាប្រទេសកម្ពុជាដែលចាប់ផ្តើមនាថ្ងៃច័ន្ទខាងមុខ អ្នកស្រី Sarah Fox នឹងគ្រោងជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា អ្នកការពារសិទ្ធិមនុស្សនិងសង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះ៖ «នៅក្នុងប្រទេសកម្ពុជា អ្នកស្រីតំណាងពិសេស Fox នឹងគ្រោងជួបថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជាអង្គការពលកម្ម អង្គការសង្គមស៊ីវិល និងផ្នែកឯកជនមួយចំនួន ដើម្បីលើកពីបញ្ហាសិទ្ធិសេរីភាពក្នុងការប្រមួលផ្តុំ ការតស៊ូមតិជំរុញការងារល្អប្រសើរ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមភាពនិងកាលានុវត្តនភាពជាដើម»។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា Central បានប្រាប់ VOA ថា លោកនិងអង្គការសង្គមស៊ីវិលសំខាន់ៗមួយចំនួន គ្រោងនឹងជួបអ្នកស្រី Sarah Fox ដើម្បីបញ្ចាក់ពីក្តីបារម្ភ និងការវិវត្តចុងក្រោយជុំវិញសិទ្ធិមនុស្សនិងការគោរពសិទ្ធិការងារជាដើម។
«យើងនិងពន្យល់ប្រាប់គាត់អំពីស្ថានភាពពិតប្រាកដរបស់កម្មករ ស្ថានភាពពិតប្រាកដរបស់សហជីពដែលកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ជាពិសេសអាចថាស្ថានភាពសិទ្ធិមនុស្សផងដែរ។ ជាពិសេសគឺការរៀបចំច្បាប់ថ្មីៗ និងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល។ ជាពិសេសច្បាប់សហជិពថ្មីហ្នឹង ដែលមានការរឹតត្បិត ក៏ដូចជារឹតត្បិតសេរីភាពក្នុងការបង្កើតសហជីព ក្នុងការចរចាររួម ហើយហ្នឹងការធ្វើកូដកម្មដោយសន្តិវិធី»។
កាលពីដើមខែកក្កដាកន្លងទៅ ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសពីការអនុគ្រោះពាណិជ្ជកម្មដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ដោយមិនបាច់បង់ពន្ធលើទំនិញនានា ដូចជាវ៉ាលីស កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅពេលដែលធ្វើដំណើរជាមួយរបស់ទាំងនោះទៅកាន់សហរដ្ឋអាមេរិក។
តាមរយៈការអនុគ្រោះពាណិជ្ជកម្មថ្មីបន្ថែមនេះ លោក មឿន តុលា សង្ឃឹមថា អ្នកស្រី Sarah Fox សហនឹងអាចជួយជំរុញឲ្យមានការគោរពសិទ្ធិការងារ សិទ្ធិនយោបាយ និងបន្ធូរបន្ថយបរិយាកាសតានតឹងនយោបាយនៅក្នុងប្រទេសកម្ពុជាដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរីនិងគ្មានភាពភ័យខ្លាចនាពេលខាងមុខ។
«យើងចង់ឱ្យអាមេរិកប្រើ Quota System ហ្នឹងឬក៏កិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយកម្ពុជាហ្នឹង ក្នុងលក្ខខ័ណ្ឌមួយសុំឲ្យកម្ពុជាហ្នឹង ដោះស្រាយនូវវិបត្តិនយោបាយ ឬក៏បើកសិទ្ធិសេរីភាពឡើងវិញឲ្យកម្មករ និយោជិកឡើងវិញពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ ហើយជាពិសេសហ្នឹងគឺនៅក្នុងឆ្នាំក្រោយនេះ គឺឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ យើងនឹងមានការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិអញ្ចឹងយើងចង់ឃើញស្ថានភាពនយោបាយឬក៏ Political climate ហ្នឹងមិនមានភាពគម្រាមកំហែង»។
ស្របគ្នានោះដែរ លោក គង់ អាទិត្យ អគ្គលេខានៃសហភាពការងារកម្ពុជា (CLC) ក៏បានបញ្ជាក់ប្រាប់ VOA ផងដែរថា លោកសង្ឃឹមថាដំណើរទស្សនកិច្ចពីរថ្ងៃរបស់លោកស្រី Sarah Fox នាសប្តាហ៍ខាងមុខ នឹងស្វែងយល់ពីការវិវត្តចុងក្រោយរបស់ប្រទេសកម្ពុជា។
អ្នកការពារសិទ្ធិកម្មកររូបនេះក៏រំពឹងថា លោកស្រីតំណាងពិសេសទទួលបន្ទុកកិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏នឹងអាចជួយជំរុញឲ្យមានការបន្ធូរបន្ថយការរឹតត្បិតលើសិទ្ធិកម្មករ សិទ្ធិការងារនិងសហជីពនៅក្នុងប្រទេសកម្ពុជា ជាពិសេសច្បាប់គ្រប់គ្រងសហជីពនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសជាដើម។
«វាអត់មានអីជាផលផ្ទាល់ទេ តែជាលក្ខណៈសម្ពាធបែបនយោបាយខ្លះទៅខាងរដ្ឋាភិបាលដើម្បីឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើការចាត់វិធានការណ៍មកលើសហជិព ដើម្បីវាមានជាលក្ខណៈស្តង់ដាបន្ថែមទៀត ហើយនិងដើម្បីសម្ពាធពីអន្តរជាតិមកអំពីអ្វីទៅដែលសហគមន៍អន្តរជាតិចង់បាន»។
នាថ្ងៃសុក្រនេះ VOA មិនអាចទំនាក់ទំនងសុំក្តីអធិប្បាយពីមន្ត្រី និងអ្នកនាំពាក្យនៃក្រសួងការងារកម្ពុជាបានទេ។
ការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី Sarah Fox អ្នកតំណាងពិសេសទទួលបន្ទុក កិច្ចការពលកម្មអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនាថ្ងៃច័ន្ទខាងមុខ។
ការប្រកាសការធ្វើដំណើររទស្សនកិច្ចរបស់មន្ត្រីការបរទេសអាមេរិករូបនេះគឺមិនប៉ុន្មានម៉ោង ក្រោយពីរដ្ឋាភិបាលកម្ពុជាសម្រេចតម្លើងប្រាក់ខែគោលអប្បបរមារបស់កម្មករកាត់ដេរដល់១៥៣ដុល្លារអាមេរិកពីចំនួន១៤០ដុល្លារក្នុងឆ្នាំ២០១៦នេះ៕