ឈានមកដល់ការប្រជុំលើកទី២នៃតុចរចាត្រីភាគីក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរិមាដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងសម្រាប់ឆ្នាំ២០១៧នេះ ភាគីម្ចាស់រោងចក្រ និងភាគីរាជរដ្ឋាភិបាលនៅពុំទាន់ទទួលយក តួលេខដែលស្នើដោយសហជីពកម្មករនៅឡើយនោះទេ បើទោះជាក្រុមសហជីពទម្លាក់តម្លៃពី ១៧៩,៦ ដុល្លារ មកនៅត្រឹម ១៧៧,៥៩ ដុល្លារហើយក៏ដោយ។
ក្នុងជំនួបលើកទី២ នៃក្រុមត្រីភាគី សម្រាប់ការចរចាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរិមាដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងសម្រាប់ឆ្នាំ២០១៧ នាព្រឹកនេះ ក្រុមសហជីពបានលើកគោលជំហថ្មីអំពីការទាមទារការដំឡើងប្រាក់ឈ្នួលដែលនៅមានចំនួនតិចតូចនៅឡើយសម្រាប់កម្មករ។
គោលជំហរនោះ គឺក្រុមសហជីពបានសម្រេចទម្លាក់តម្លៃប្រាក់ឈ្នួលអប្បបរិមារបស់កម្មករនិយោជិកដែលខ្លួនបានរកឃើញចំនួន ១៧៩.៦ ដុល្លារអាមេរិកឲ្យមកនៅត្រឹម១៧៧.៥៩ ដុល្លារអាមេរិក ស្របពេលដែលភាគីនិយោជកអះអាងថា ខ្លួនអាចដំឡើងបានត្រឹម ១៤៦,៣៧ ដុល្លារអាមេរិកតែប៉ុណ្ណោះ ពោលគឺប្រមាណ ៦ដុល្លារអាមេរិក បន្ថែមលើប្រាក់ឈ្នួលអប្បបរិមាសព្វថ្ងៃ។
គម្លាតតួលេខប្រាក់ឈ្នួលសម្រាប់ការចរចាលើកទី២នេះ ខុសគ្នាប្រមាណជាង ៣០ ដុល្លារដែលនៅប្រហាក់ប្រហែលទៅនឹងការចរចាលើកទី១។
ការចរចាកាលពីព្រឹកថ្ងៃច័ន្ទនេះ ប្រធានសហជីពមួយចំនួនមិនមានវត្តមានទេ ដោយចាត់ឲ្យមានអ្នកតំណាងមកប្រជុំជំនួស។ ប្រធានសហជីពទាំងនោះមានបេសកកម្មទៅក្រៅប្រទេស ទៅតាមខេត្តនានា និងត្រូវចូលរួមក្នុងកិច្ចប្រជុំដទៃទៀត។
ទោះមិនមានវត្តមានក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះក្តី លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រាប់ VOA តាមទូរស័ព្ទថា ដោយខាងភាគីនិយោជក (ឬម្ចាស់រោងចក្រ) សម្តែងគោលជំហរដំឡើងបាន ខ្លះទើបភាគីសហជីពបញ្ចុះតួលេខមកត្រឹម ១៧៧, ៥៩ ដុល្លានេះ។
តួលេខ ១៧៧,៥៩ ថ្មីនេះគឺត្រូវបានសម្រេចក្រោយការប្រជុំទ្វេភាគីជាបន្តបន្ទាប់ចំនួនបី រវាងភាគីសហជីពនិងភាគីតំណាងរោងចក្រ។
លោកបានបន្តថា ប្រសិនបើពុំមានការដំឡើងប្រាក់ខែអប្បបរិមាឲ្យបានសមរម្យសម្រាប់ឆ្នាំ ២០១៧ នេះទេ ទាំងខាងសហជីពនិងខាងកម្មករនឹងរួមគ្នាបង្កើនការតវ៉ារបស់ខ្លួនបន្ថែមទៀត។
«ទាល់តែដំឡើងឲ្យសមរម្យ ប្រសិនបើមិនមានការដំឡើងមួយសមរម្យទេ ប្រហែលកម្មករគាត់នឹងទាមទារការតវ៉ា ឬយើងនឹងជជែកគ្នាថែមទៀត»។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានថ្លែងប្រាប់ VOA តាមទូរស័ព្ទក្រោយការប្រជុំថា អ្នកស្រី ពុំបានពេញចិត្តនឹងការទម្លាក់តួលេខនេះប៉ុន្មានទេ។
អ្នកស្រីបានមានប្រសាសន៍ថា៖
«សម្រាប់គោលជំហររបស់ខាងខ្ញុំ តាមពិតដល់ថ្ងៃទី២៨ ឬរហូតដល់ការបញ្ជូនទៅក្រុមប្រឹក្សាការងារសម្រេចចុងក្រោយ យើងនៅរក្សាតួលេខមួយហ្នឹង តាមពិតសម្រាប់ខ្ញុំ ខ្ញុំមិនសប្បាយចិត្តនឹងតូលេខ១៧៧,៥៩នេះទេ តែដោយសារសហជីពទាំងអស់យល់ព្រម រួមទាំងសហជីពសំខាន់ៗយល់ព្រមហើយ សម្រាប់ខ្ញុំថាបើប៉ុណ្ណឹងក៏ប៉ុណ្ណឹងទៅតែសហជីពអត់ត្រូវទម្លាក់ទៀតទេ»។
កំណើននៃការកើនឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅកម្ពុជាមានការកើនឡើងជាលំដាប់។ មុនឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រមានចំនួន១០០ ដុល្លារ។ ប្រាក់ឈ្នួលបានកើនឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សា និងអហិង្សាដែលបានបណ្តាលឲ្យមានការស្លាប់និងរងរបួស។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងនៅក្នុងកិច្ចប្រជុំរៀបចំឡើងនៅក្នុងក្រសួងការងារថា ពេលនេះនៅមិនទាន់មានលទ្ធផលអ្វីជាសម្រេចនោះទេ ហើយកិច្ចប្រជុំមួយទៀតនឹងត្រូវធ្វើឡើងនាថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ។ លោកសង្ឃឹមថាលទ្ធផលនឹងអាចសម្រេចបាននៅមុនពេលបុណ្យភ្ជុំបិណ្ឌ។
លោក ហេង សួរ បានថ្លែងថា៖
«អ្វីដែលជាសេចក្តីប្រាថ្នារបស់យើងគឺធ្វើម៉េចឲ្យប្រាក់ឈ្នួលអប្បបរិមានេះ វានឹងចប់នៅមុនរដូវបុណ្យភ្ជុំដើម្បីទី១ បង្កបរិយាកាសរីករាយទៅដល់បងប្អូនកម្មកររបស់យើង ដែលត្រូវបានឈប់សម្រាកត្រឡប់ទៅផ្ទះនេះ ក៏ទទូលបានព័ត៌មានវិជ្ជមាន»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC កាលពីប្រជុំលើកទី១ បង្ហាញថា ខ្លួនមានលទ្ធភាពផ្តល់ឲ្យកម្មករនូវប្រាក់ឈ្នួលអប្បបរិមាត្រឹមតែ១៤៤,២ដុល្លារប៉ុណ្ណោះ។ ឯលើកទី២នេះ GMAC បញ្ជាក់គោលជំហរថ្មីថា អាចឡើងបានត្រឹម ១៤៦,៧ ដុល្លា គឺប្រមាណ ២ ដុល្លារបន្ថែម។
នៅមុខបន្ទប់ប្រជុំ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងGMAC បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនការប្រជុំនាថ្ងៃច័ន្ទនេះថា ភាគីនិយោជក នឹងធ្វើការពិចារណារបស់ខ្លួនលើការទាមទារតម្លើងប្រាក់ឈ្នួលនេះ ដោយអនុលោមតាមលក្ខណៈវិនិឆ្ឆ័យពីអង្គការពលកម្មពិភពលោក (ILO) ដែលបានយកកត្តាសង្គម និងកត្តាសេដ្ឋកិច្ចមកធ្វើការគណនា។
លោក កាំង ម៉ូនីកា បានថ្លែងប្រាប់ VOA ថា៖
«និយាយជាភាគរយអត្រាអតិផរណា យើងយកផ្លូវការពីក្រសួងសេដ្ឋកិច្ចគឺ ៣.៧ %។ហើយកំណើនផលិតភាពការងារ ១៧%។ ប៉ុន្តែយើងចែកជាពីរទៅគឺម្នាក់ពាក់កណ្តាលគឺ ០,៨៥%។ ហើយការចរចារបស់យើងនេះគឺយើងមានការវិនិច្ឆ័យត្រឹមត្រូវ។ មានកត្តាសេដ្ឋកិច្ច និងកត្តាសង្គមដែលយើងយកមកធ្វើការសិក្សាច្បាស់លាស់។ ហើយរូបមន្តទាំងអស់ហ្នឹងគឺយើងមានជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ILO។ អញ្ចឹងមានន័យថា និតិវិធីដំណើរការឆ្នាំនេះគឺត្រឹមត្រូវ»។
តែទោះជាយ៉ាងណា លោកពុំទទួលស្គាល់ តួលេខដែលសហជីពស្រាវជ្រាវឃើញអំពីចំណាយប្រចាំថ្ងៃរបស់កម្មករថា ជាតម្រូវការចាំបាច់របស់កម្មករឡើយ។ លោកថា វាជាឥរិយាបថនៃការចំណាយ (Consumption Behaviour) របស់កម្មករដែលលោកជឿថា កម្មករនឹងបង្កើនការចាយវាយរបស់ខ្លួន មានន័យថា បានច្រើន គឺចាយកាន់តែច្រើន។
លោក កាំង ម៉ូនីកា បានបន្ថែមថា៖
«អ្វីដែលភាគីសហជីពដាក់មកហ្នឹង ភាគីខាងយើងយល់ថាវាជា Consumption Behavior ឬអត្តចរិកនៃការចំណាយរបស់កម្មករ ហើយការចំណាយរបស់គាត់វាអាស្រ័យទៅលើចំណូលរបស់គាត់។ បងប្អូនយើងខ្លះរកបានច្រើន គាត់ចាយច្រើនទៅ។ អញ្ចឹងអាហ្នឹងជា Consumption Behavior មិនមែនជា Basic Need (តម្រូវការចាំបាច់) ដែលជាមូលដ្ឋានដែលយើងត្រូវយកមកវិនិច្ឆ័យទេ»។
ជំនួបត្រីភាគី នេះមានតំណាងរាជរដ្ឋាភិបាល តំណាងសហជីព តំណាងម្ចាស់រោងចក្រ ១៦ រូបស្មើៗគ្នា។ លទ្ធផលចុងក្រោយនៃជំនួបត្រីភាគី ដែលជាជំនួបក្រុមការងារបច្ចេកទេសចរចាប្រាក់ឈ្នួលនេះ គឺជាលទ្ធផលដែលគេរំពឹងចេញពីការបោះឆ្នោត។ ប្រសិនបើការបោះឆ្នោតមិនអាចប្រពឹត្តិទៅបាន ដោយពុំមានសម្លេងសម្រេចរួម (កុងសង់ស៊ីស) គេនឹងបញ្ជូនសំណើរទៅគណកម្មការប្រឹក្សាការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការបោះឆ្នោតសម្រេច។
សមាសភាពនៃគណកម្មការប្រឹក្សាការងារ ឬហៅកាត់ថា LAC មានភាគីរាជរដ្ឋាភិបាលដល់ទៅ ១៤រូប ខណៈដែលភាគីនិយោជកមានតែ ៧រូប ឯភាគីសហជីពក៏មាន៧រូបដែរ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និយាយបន្ថែមថា លោកមិនរំពឹងថា គណកម្មការនោះនឹងផ្តល់យុត្តិធម៌ទេ។
លោក អាត់ ធន់ បានថ្លែងថា៖
«គណកម្មការហ្នឹងមិនមានយុត្តិធម៌ មិនស្មើភាពគ្នាទេ គឺលំអៀងរួចទៅហើយ។ ការសម្រេចហ្នឹងគេសម្រេចឲ្យមានកងសង់ស៊ីស បើមិនមានកុងសង់ស៊ីស គេសម្រេចឲ្យមានសម្លេងភាគច្រើន អញ្ចឹងអត់យុត្តិធម៌ដែរ។ តែយ៉ាងហោចណាស់យើងមានស្ថាប័នហ្នឹងសិក្សាពិនិត្យ ព្រោះយើងមិនទាន់មានស្ថាប័នថ្មីណាមួយ ជំនួសស្ថាប័នហ្នឹង»។
យ៉ាងហោចណាស់មានកម្មករ៥នាក់ស្លាប់ក្នុងបាតុកម្មធំមួយនាឆ្នាំ២០១៣ ក្នុងអំឡុងពេលបាតុកម្មទាមទារការដំឡើងប្រាក់ឈ្នួលអប្បរិមាដដែលនេះ។ ក្រោយការចរចានៅឆ្នាំ២០១៤និង២០១៥ ប្រាក់ឈ្នូលអប្បបរិមាកម្មករត្រូវបានដំឡើងមួយកម្រិតទៀតគឺពី១២៨ដុល្លារដល់១៤០ដុល្លារ ក្រោមការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក៏ប៉ុន្តែកម្មករនៅតែត្អូញត្អែរថា ចំនួននេះមិនអាចឲ្យពួកគេរស់បានក្នុងសេចក្តីថ្លៃថ្នូរ និងសមរម្យនោះទេ៕