ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស្ប៉ាញ​​​​សុំឱ្យ​​អាមេរិក​សម្អាត​​កន្លែង​​​ធ្លាក់​​​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​សម័យ​សង្គ្រាម​ត្រជាក់


រូបឯកសារ៖ ធុងសាំង​ជាង ១០០០ ដែល​ផ្ទុក​ដី​មាន​ជាតិ​វិទ្យុសកម្ម​នៅ​ក្បែរ Palomares ក្នុង​ប្រទេស​អេស៉្បាញ កាល​ពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៦៦។
រូបឯកសារ៖ ធុងសាំង​ជាង ១០០០ ដែល​ផ្ទុក​ដី​មាន​ជាតិ​វិទ្យុសកម្ម​នៅ​ក្បែរ Palomares ក្នុង​ប្រទេស​អេស៉្បាញ កាល​ពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៦៦។

ក្នុង​ពេលជិត​៦០ឆ្នាំក្រោយគ្រោះថ្នាក់​នុយក្លេអ៊ែរ​អាក្រក់​បំផុត​ក្នុងពិភពលោក ប្រទេស​អេស្ប៉ាញបាន​សុំឱ្យសហរដ្ឋ​អាមេរិកសម្អាត​ដី​មាន​វិទ្យុសកម្មរាប់ម៉ឺនតោន​ហើយ​បញ្ចប់ជំពូក​ចម្រូង​ចម្រាស​មួយនៃ​សង្គ្រាម​ត្រជាក់។​

រដ្ឋាភិបាលក្រុង​ម៉ាឌ្រីដសង្ឃឹម​ថាទំនាក់ទំន​ងល្អ​ប្រសើរ​ជាងមុនជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនអាច​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនធ្វើ​តាម​ការសន្យា​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៥​ថា​នឹងសម្អាត​ដីមាន​វិទ្យុសកម្ម។

កាល​ពី​ឆ្នាំ​១៩៦៦ ​យន្តហោះ​ទម្លាក់គ្រាប់បែក​ធុន​ B-52 ​មួយ​គ្រឿង​បាន​ធ្វើ​ឱ្យ​ធ្លាក់គ្រាប់បែកអ៊ីដ្រូសែន (hydrogen) ​បួន​គ្រាប់ក្រោយពីវា​បាន​ប៉ះទង្គិច​ជាមួយយន្តហោះ​ចាក់សាំង​មួយ​គ្រឿងនៅ​ពីលើ​ភូមិ Palomares ​នា​ប៉ែក​ខាងត្បូង​ប្រទេសអេស្ប៉ាញ។

ទោះ​ជាគ្រាប់បែក​ hydrogen ​ទាំងនេះ​មិន​បានផ្ទុះក៏​ដោយ ​ក៏​គ្រាប់បែក​ពីរ​គ្រាប់​ក្នុងចំណោម​បួន​គ្រាប់​នេះ​បានបញ្ចេញសារធាតុ ​plutonium ​នាំ​ឱ្យ​ផ្ទៃ​ដី​ពីរ​គ.ម.ក្រឡា​មាន​វិទ្យុសកម្ម។

មាន​បុគ្គលិក​កងទ័ព​អាកាសស.រ.អ.ប្រមាណ១៦០០​នាក់​ត្រូវ​បានបញ្ជូន​ពី​មូលដ្ឋាន​យោធា​មួយ​នៅ​ជិត​ទី​នោះ​ឱ្យ​ទៅ​សម្អាត​តំបន់​នោះ ​តែ​បានទទួលសម្ភារៈ​ការពារ​ខ្លួន​បន្តិចបន្តួចនៅពេ​លចំណាយ​ពេល​ច្រើន​សប្ដាហ៍​ធ្វើការនៅ​ក្នុង​កន្លែង​ដាច់ស្រយាល​នោះ។ បុគ្គលិក​ទាំង​នេះ​មួយ​ចំនួនបានស្លាប់​នៅ​ពេល​បន្ទាប់មក។​

ដីប្រមាណ​១៤០០​តោន​ត្រូវ​បានដឹក​ជញ្ជូនទៅ​កាន់​កន្លែង​មួយ​ក្នុង​រដ្ឋ South Carolina ស.រ.អ.។​

ពេល​នោះជា​ពេល​វេលា​មាន​សង្គ្រាមត្រជាក់​ខ្លាំ​ង ហើយ​បញ្ហា​នេះត្រូវ​បានចាត់ទុក​ថា​ជា​បញ្ហា​រសើបណាស់ ​ដូច្នេះអាទិភាព​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គឺ​កម្ចាត់ឱ្យ​បាន​ឆាប់រហ័ស​នូវ​ភ័ស្តុតាងទាំងអស់​នៃគ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​ធំ​បំផុត​មួយក្នុង​ប្រវត្តិសាស្ត្រ។​

ច្រើន​ឆ្នាំបន្ទាប់មក កង្វល់​អំពីផលប៉ះពាល់នៃការប៉ះ​ទង្គិច​យន្តហោះ​នោះ​បាន​ចាប់​ផ្តើម​លេចឡើង​វិញនៅ​ក្រោយ​ការ​សិក្សា​ស្រាវជ្រាវ​មួយកាលពី​ឆ្នាំ២០០៧​ដោយក្រុមប្រឹក្សា​សុវត្ថិភាព​នុយក្លេអ៊ែរ​អេស្ប៉ាញ​ដែល​ថា​ផ្ទៃ​ដី​រហូត​ដល់៥០.០០០ម៉ែត្រ​ក្រឡានៅ​តែមានវិទ្យុ​សកម្ម​។​ តំបន់នោះត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​របងហើយត្រូវ​បាន​ហាម​ប្រាម​មិនឱ្យប្រើប្រាស់សម្រាប់ធ្វើការ​អភិវឌ្ឍន៍​ឬ​ធ្វើ​កសិកម្ម​ឡើយ៕

(ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន ​AP)

XS
SM
MD
LG