ការិយាល័យជំរឿនពលរដ្ឋអាមេរិក បានចេញផ្សាយទិន្នន័យស្ថិតិថ្មីស្តីពីជំរឿនចំនួនប្រជាជនអាមេរិក១០ឆ្នាំម្តង ដោយបង្ហាញថា បណ្តារដ្ឋនៅភូមិភាគខាងត្បូងនិងខាងលិចរបស់ប្រទេសមួយចំនួន មានការកើនឡើងចំនួនអាសនៈក្នុងរដ្ឋសភា ដោយសារចំនួនកត្តាពលរដ្ឋកើនឡើងនៅទីនោះ និងការធ្វើចំណាកស្រុក។ ដោយឡែករដ្ឋមួយចំនួនទៀតនៅភាគខាងជើងប្រទេសបានបាត់បង់ចំនួនអាសនៈរដ្ឋសភា ដែលនេះនឹងធ្វើឲ្យឥទ្ធិពលនយោបាយជាតិចាប់ផ្លាស់ប្តូរទៅនៅមូលដ្ឋាននានាដែលគាំទ្រគណបក្សសាធារណរដ្ឋ។
ការរាប់ស្ថិតិពលរដ្ឋក្នុងរដ្ឋនីមួយៗ ត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយក្នុងការធ្វើជំរឿនចំនួនពលរដ្ឋក្នុងរយៈពេល១០ឆ្នាំម្តង ដើម្បីកំណត់ថា តើរដ្ឋនិមួយៗមានការកើនឡើងចំនួនអាសនៈរដ្ឋសភា និងចំនួនអង្គបោះឆ្នោត (Electoral College)ឬយ៉ាងណា។ ការផ្លាស់ប្តូរខាងស្ថិតិប្រជាជននេះក៏នឹងប្រែក្លាយទិដ្ឋភាពនយោបាយសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខទៀត។
លទ្ធផលជំរឿនឆ្នាំ២០២០នេះ បង្ហាញថា រដ្ឋ Texas នៅភាគនិរតីអាមេរិក កើនអាសនៈរដ្ឋសភាច្រើនជាងគេចំនួន ២ ថែមទៀត។ ចំណែករដ្ឋខាងត្បូងដែលកើនចំនួនអាសនៈរដ្ឋសភាចំនួនមួយនោះ គឺរដ្ឋ Florida និងរដ្ឋ North Carolina ហើយរដ្ឋនៅភាគខាងលិចអាមេរិក ដែលកើនអាសនៈរដ្ឋសភាមួយអាសនៈដែរនោះ មានរដ្ឋ Colorado រដ្ឋ Montana និងរដ្ឋ Oregon។
ចំណែករដ្ឋដែលបាត់បង់អាសនៈរដ្ឋសភា រួមមានរដ្ឋ New York រដ្ឋ California រដ្ឋ Illinois រដ្ឋ Michigan រដ្ឋ Ohio រដ្ឋ Pennsylvania និងរដ្ឋ West Virginia។
រដ្ឋ California នៅតែជារដ្ឋដែលមានចំនួនពលរដ្ឋរស់នៅច្រើនជាងគេ ក្នុងបណ្តារដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ប៉ុន្តែដោយសារចំនួនពលរដ្ឋក្នុងរដ្ឋនេះមានការថយចុះនោះ ធ្វើឲ្យរដ្ឋនេះបាត់បង់អាសនៈសភាមួយ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
ជារួម ជំរឿនឆ្នាំ២០២០បង្ហាញថា សហរដ្ឋអាមេរិកមានប្រជាជនសរុបចំនួន ៣៣១.៤៤៩.២៨១ នាក់ គឺមានការកើនឡើងចំនួន៧,៤% ពីស្ថិតិជំរឿនពលរដ្ឋអាមេរិក កាលពីឆ្នាំ២០១០កន្លងទៅ៕