មន្ត្រីយោធាមកពីបណ្ដាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមធ្វើទស្សនកិច្ចរយៈពេល ៤ ថ្ងៃ លើសមុទ្រចិនខាងត្បូង ដោយជិះលើកប៉ាល់ដឹកឧទ្ធម្ភាគចក្រ Izumo របស់យោធាជើងទឹកជប៉ុន ដែលនេះជាសញ្ញាថ្មីចុងក្រោយបំផុតមួយ ដែលបញ្ជាក់ថា ប្រទេសជប៉ុនកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពលដែលកំពុងតែកើនឡើងរបស់ចិន។
មន្ត្រីយោធាមកពីប្រទេសទាំង ១០ នៃសមាគមអាស៊ាន បានចូលរួមដំណើរទស្សនកិច្ចនៅលើកប៉ាល់ជប៉ុននេះ នៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃច័ន្ទនេះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការពារជាតិជប៉ុន។
អ្នកតំណាងខាងយោធាដទៃទៀតមកពីប្រទេសសមាជិកអាស៊ាន នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃ មួយផ្សេងទៀត នៅក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃអង្គារស្អែក ដើម្បីសង្កេតមើលអំពីការធ្វើសមយុទ្ធជំនួយគ្រោះមហន្តរាយយោធារបស់កងកម្លាំងការពារខ្លួន SDF របស់ជប៉ុន។ នេះបើតាមការបញ្ជាក់របស់យោធាជប៉ុន។
ព្រឹត្តិការណ៍ទាំងនេះបង្ហាញពីកម្រិតមួយដែលមិនដែលឃើញរហូតមកទល់នឹងពេលនេះ អំពីកិច្ចសម្របសម្រួលរវាងសេវាកម្មយោធាជប៉ុន និងមន្ត្រីការពារជនស៊ីវិល ដើម្បីបង្កើនទំនាក់ទំនងបរទេស។
វាក៏បង្ហាញឲ្យឃើញពីការជំរុញផ្នែកការទូតយោធាដោយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ផងដែរ។
ប្រទេសជប៉ុនមានក្ដីបារម្ភថា ប្រទេសចិនកំពុងពង្រឹងការត្រួតត្រារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ការលក់អាវុធ និងការផ្ដល់ជំនួយអភិវឌ្ឍន៍។ រដ្ឋបាលរបស់លោក Shinzo Abe ជឿថា ជប៉ុនគឺមានតួនាទីសំខាន់ជាងសហរដ្ឋអាមេរិកនៅក្នុងការទាក់ទាញបណ្ដាប្រទេសអាស៊ាននានាឲ្យងាកចេញពីឥទ្ធិពលរបស់ចិនបាន៕