ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​សង្ឃឹម​ថា​​នឹង​ទទួល​បាន​សន្តិភាព


បុរស​ម្នាក់​មើល​កម្មវិធី​ទូរទស្សន៍​ដែល​បង្ហាញ​ពី​រូប​របស់​លោក​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុនអ៊ុន នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
បុរស​ម្នាក់​មើល​កម្មវិធី​ទូរទស្សន៍​ដែល​បង្ហាញ​ពី​រូប​របស់​លោក​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុនអ៊ុន នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​មាន​សុទិដ្ឋិនិយម​ថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នឹង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដើម្បី​បញ្ចប់​ការ​គំរាម​កំហែង​នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ជួប​គ្នា​នៅ​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​អង្គារ​នេះ។

មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​សង្ឃឹម​ថា ជំនួប​កំពូល​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​នៃ​ការ​មាន​សន្តិភាព​ដ៏​យូរ​អង្វែង​នៅ​ក្នុង​តំបន់​នា​ពេល​អនាគត​ បើ​ទោះ​បី​ជា​មិនមាន​កិច្ច​ព្រមព្រៀង​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ។

លោក Cho Ik-Sung អ្នក​រស់​នៅ​ទីក្រុង សេអ៊ូល​បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​ចង់​បាន​គឺ​សន្តិភាព។ ខ្ញុំ​សង្ឃឹម​ថា ជំនួប​កំពូល​នេះ​ទទួល​ជោគជ័យ​ ដូច្នេះ​សន្តិភាព​នឹង​មក​ដល់​ឧបទ្វីប​កូរ៉េ‍»។

មុន​នឹង​ឈាន​ដល់​ជំនួប​នៅ​ប្រទេស​សិង្ហបុរី​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុង​អ៊ុន មាន​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង សេអ៊ូល​ដោយ​ក្រុម​ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​ទាំង​ពីរ​បញ្ចប់​ភាព​ទាល់ច្រក​នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​ ដោយ​កិច្ច​ព្រមព្រៀ​សន្តិភាព​មួយ។

ក្រុម​អភិរក្ស​និយម​ក៏​បាន​ធ្វើ​បាតុកម្ម​ដើម្បី​ជំរុញ​មិន​ឲ្យ​អាមេរិក​ចុះញ៉ម​ជាមួយ​រដ្ឋាភិបាល​ដ៏​គាប​សង្កត់​របស់​លោក​ គីម ដែល​បាន​ក្បត់​ពាក្យ​សន្យា​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កាលពី​អតីតកាល​ផង​ដែរ។

ប៉ុន្តែ​ការ​ស្ទង់​មតិ​សាធារណៈ​បាន​ចង្អុល​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៃ​ការ​រីកចម្រើន​ទៅ​មុខ​នៃ​កិច្ចខិត​ខំ​ប្រឹងប្រែង​ផ្នែក​កាទូត​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​យល់​ព្រម​ចរចា​ពី​ការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ ប្រជា​ប្រិយភាព​របស់​លោក គីម នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ជំនួប​កំពូល​រវាង​កូរ៉េ​ទាំង​ពីរ​នេះ​កាលពី​ខែ​មេសា ដែល​លោក​ គីម ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​មាន​ការ​គំរាម​កំហែង​និង​មាន​ឆន្ទៈ​ចង់​ផ្សះផ្សា​គ្នា។

អ្នកស្រី Choi Yun-Mi អ្នក​រស់​នៅ​ទីក្រុង​សេអ៊ូល​មួយ​រូប​ថ្លែង​ថា៖ «ពាក់ព័ន្ធ​នឹង​លោក​មេដឹកនាំ គីម ជុង​អ៊ុន ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​អវិជ្ជមាន​ជាមួយ​នឹង​លោក ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​បាន​ឃើញ​លោក​នៅ​លើ​ទូរទស្សន៍​កាលពី​ជំនួប​កំពូល​លើក​មុន​មក អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​លោក​មាន​ភាព​ប្រសើរ​ឡើង‍»។

អត្រា​គាំទ្រ​លោកត្រាំ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ​ មុន​នឹង​ឈាន​ដល់​ជំនួប​កំពូល​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង សេអ៊ូល​ នៅ​តែ​បារម្ភ​ថា អាមេរិក​និង​កូរ៉េ​ខាង​ជើង​នឹង​មិន​អាច​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ពេញ​លេញ មុន​នឹង​ដក​ទណ្ឌកម្ម​នានា​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចង់​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ម្តង​បន្តិចៗ​អាស្រ័យ​លើ​ដំណាក់​កាល​នៃ​ការ​ចរចា។

បន្ទាប់​ពី​ការ​លុបចោល​ជំនួប​កំពូល​ជា​បណ្តោះ​អាសន្ន​កាលពី​ពេល​មុន លោក​ ត្រាំ​បាន​ថ្លែង​ថា លោក​បាន​ត្រៀម​ខ្លួន​ដើម្បី​ដើរ​ចេញ ប្រសិន​បើ​លោក គីម មិន​ប្តេជ្ញា​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក Shim Nu-Ri អ្នក​រស់​នៅ​ទីក្រុង​សេអ៊ូល​មួយរូប​ទៀត​ថ្លែង​ថា៖ «ខ្ញុំ​បារម្ភ​ថា អាមេរិក​ប្រហែល​លុបចោល​ជំនួប​កំពូល​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​ម្តង​ទៀត‍»។

ប៉ុន្តែ​មនុស្ស​ទូទៅ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​រំពឹង​ថា ជំនួប​កំពូល​នៅ​ប្រទេស​សិង្ហបុរី​នឹង​ផ្តល់​ជា​លទ្ធផល​វិជ្ជមាន​ដែល​នឹង​បន្ថយ​ជម្លោះ​យោធា ហើយ​ងាក​ទៅ​រក​ដំណោះស្រាយ​បែប​សន្តិវិធី​វិញ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG