ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចាកចេញពីប្រទេសសិង្ហបុរីនៅយប់ថ្ងៃអង្គារ បន្ទាប់ពីជំនួបកំពូលរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ចប់។ នេះបើយោងតាមការបញ្ជាក់របស់សេតវិមានកាលពីថ្ងៃចន្ទ ដែលបានបន្ថែមថា ជំនួបរវាងមន្ត្រីអាមេរិកនិងកូរ៉េខាងជើងកំពុងតែបន្ត ហើយ «ប្រព្រឹត្តទៅលឿនជាងការរំពឹងទុក»។
សេចក្តីថ្លែងការណ៍មួយពីសេតវិមានបានឲ្យដឹងថា លោក ត្រាំ នឹងធ្វើជំនួបមួយទល់នឹងមួយជាមួយនឹងលោក គីម នៅព្រឹកថ្ងៃអង្គារ ដោយអនុញ្ញាតឲ្យតែអ្នកបកប្រែនៅជាមួយប៉ុណ្ណោះ ហើយបន្ទាប់ពីជំនួបនោះ នឹងមានអាហារពេលថ្ងៃត្រង់ និងជំនួបទ្វេភាគីមួយទៀត ដែលនឹងមានលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kelly នាយខុទ្ទកាល័យសេតវិមាន និងលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិ។
បន្ទាប់ពីនោះ លោកប្រធានាធិបតីអាមេរិកនឹងធ្វើសន្និសីទសារព័ត៌មាន មុនពេលដែលលោកចាកចេញពីប្រទេសសិង្ហបុរីនៅពេលយប់ថ្ងៃអង្គារក្នុងប្រទេសសិង្ហបុរី។
នៅមុនជំនួបដំបូងបង្អស់រវាងប្រធានាធិបតីអាមេរិកដែលកំពុងកាន់តំណែងនិងមេដឹកនាំកូរ៉េខាងជើង មន្ត្រីអាមេរិកកំពុងតែព្យាយាមធ្វើឲ្យលទ្ធផលនៃកិច្ចព្រមព្រៀងនៃជំនួបនេះអាចឈានទៅបញ្ចប់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលបាញ់ឆ្លងទ្វីបរបស់កូរ៉េខាងជើង។
លោករដ្ឋមន្ត្រីការបរទេស Pompeo បានថ្លែងទៅកាន់អ្នកកាសែតក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទថា នឹងមិនមានកិច្ចព្រមព្រៀងមិនគួរឲ្យទុកចិត្តដែលបានកើតឡើងរួចហើយរវាងរដ្ឋបាលអាមេរិកមុនៗនិងកូរ៉េខាងជើងកើតឡើងម្តងទៀតនោះទេ៕