ពលរដ្ឋកូរ៉េខាងត្បូងកំពុងត្រេកអរនឹងជ័យជម្នះដ៏ធំនៃភាពយន្ត Parasite របស់ប្រទេសខ្លួននៅក្នុងពិធីប្រគល់ពានរង្វាន់អូស្ការលើកទី៩២ ក្រោយពីអ្នកដឹកនាំភាពយន្តកូរ៉េខាងត្បូងនេះ គឺលោក Bong Joon-ho បាននាំមកប្រទេសវិញនូវពានរង្វាន់អូស្ការផ្នែក «រូបភាពល្អបំផុត» ដែលជារង្វាន់ធំបំផុតមួយនៅអូស្ការ។
លោក Bong អ្នកដឹកនាំភាពយន្តកូរ៉េខាងត្បូងឈ្មោះ Parasite កាលពីយប់ថ្ងៃអាទិត្យ បានឡើងលើឆាកនៅហូលីវូដ ក្បែក្រុង Los Angeles សហរដ្ឋអាមេរិក ដើម្បីទទួលរង្វាន់អូស្ការផ្នែក «រូបភាពល្អបំផុត» ឬ Best Picture ក្រោយពីភាពយន្តនេះក៏បានទទួលពានរង្វាន់អូស្ការ៣ផ្សេងទៀត គឺរង្វាន់ផ្នែក «អ្នកដឹកនាំឆ្នើមជាងគេ» (Best Director) រង្វាន់ផ្នែកភាពយន្តបរទេសល្អជាងគេ និងរង្វាន់ផ្នែកការសម្តែងល្អជាងគេ (Best Orgitinal Screenplay)។
នៅក្នុងសេចក្តីថ្លែងយ៉ាងខ្លីរបស់លោក ពេលទទួលរង្វាន់ លោក Bong Joon-ho បាននិយាយដោយកំប្លែងថា៖ «ខ្ញុំស្មានថាការងាររបស់ខ្ញុំចប់ត្រឹមថ្ងៃនេះ ហើយខ្ញុំអាចសម្រាកបាន។ (ប៉ុន្តែឥឡូវ) ខ្ញុំនឹងផឹកស្រារហូតដល់ព្រឹកស្អែក»។
នៅក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ពលរដ្ឋបានចូលទៅបណ្តាញសង្គម Twitter និងបណ្តាញសង្គមដទៃទៀតដើម្បីសរសេរអបអរនិងបង្អួតអំពីការឈ្នះជាប្រវត្តិសាស្ត្រនៃភាពយន្តនេះ។ ខ្សែភាពយន្ត Parasite ជាខ្សែភាពយន្តបរទេសមិននិយាយភាសាអង់គ្លេសដំបូងគេដែលបានទទួលពានរង្វាន់ធំ «រូបភាពល្អបំផុត» Best Picture នៅពិធីអូស្ការ ហើយក៏ជាភាពយន្តកូរ៉េខាងត្បូងដំបូងដែលបានទទួលរង្វាន់អូស្ការ។
ឈ្មោះរបស់អ្នកដឹកនាំភាពយន្តលោក Bong Joon-ho ចាប់ផ្តើមក្លាយជាឈ្មោះដែលប្រជាប្រិយជាងគេក្នុងបណ្តាញ Twitter របស់កូរ៉េខាងត្បូង ខណៈដែលរោងភាពយន្តនៅទូទាំងទីក្រុងសេអ៊ូល បានប្រញាប់ប្រញាល់ប្រកាសថាខ្លួននឹងធ្វើការបញ្ចាំងភាពយន្ត Parasite នេះឡើងវិញ គឺនៅ៩ខែក្រោយពីភាពយន្តនេះត្រូវបានគេចាក់បញ្ចាំងដំបូង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសរសេរសារអបអរក្នុង Twitter ថា «ខ្ញុំមានមោទកភាពចំពោះអ្នកដឹកនាំភាពយន្តលោក Bong Joon-ho តួសម្តែងទាំងអស់និងក្រុមការងារទាំងអស់។ ខ្ញុំដឹងគុណជាពិសេសចំពោះពួកគេដែលបានជំរុញនូវមោទនភាពនិងសេចក្តីក្លាហានដល់ពលរដ្ឋយើង ខណៈដែលយើងរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា»៕