សហរដ្ឋអាមេរិកសង្ឃឹមនឹងមានការរុះរើអាវុធដ៏សំខាន់ដោយកូរ៉េខាងជើងក្នុងរយៈពេល២ឆ្នាំកន្លះទៀត នេះតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីត្រាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនដែលអំពាវនាវឲ្យមានការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
បន្ទាប់ពីថ្លែងប្រាប់ពួកមន្ត្រីកូរ៉េខាងត្បូងក្នុងរដ្ឋធានីសេអ៊ូលស្តីពីជំនួបកំពូលរវាងលោកត្រាំនិងគីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីមកអ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនោះ បាននិយាយថា សហរដ្ឋអាមេរិកចង់បានសកម្មភាពដែលអាចពិនិត្យមើលផ្ទៀងផ្ទាត់បានរបស់កូរ៉េខាងជើងដើម្បីលុបចោលកម្មវិធីនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនៅពេលបញ្ចប់អាណត្តិទី១របស់ប្រធានាធិបតីត្រាំនៅខែមករា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បាននិយាយថា «ខ្ញុំមានទំនុកចិត្តថា ពួកគេយល់ថា នឹងមានការពិនិត្យផ្ទៀងផ្ទាត់យ៉ាងខ្លាំង»។ លោករដ្ឋមន្ត្រីការបរទេស Pompeo និយាយទៀតថា ការចរចាបន្តទៀតរបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងជើងថាតើធ្វើយ៉ាងដូចម្តេចនិងនៅពេលណានឹងបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងបន្តនៅពេលណាមួយក្នុងសប្តាហ៍ក្រោយ»។
លោក Pompeo មានប្រសាសន៍ទៀតថា លោកប្រធានាធិបតីត្រាំនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានឈានដល់ការយល់ពីគ្នា ដោយមិនមានចែងនៅក្នុងឯកសារលោកទាំងពីរបានចុះហត្ថលេខានោះទេ។
ពួកអ្នករិះគន់កិច្ចព្រមព្រៀងនោះបាននិយាយថា កិច្ចព្រមព្រៀងនោះមានសេចក្តីលម្អិតខ្លីពេកហើយថា ប្រធានាធិបតីត្រាំបានធ្វើសម្បទានច្រើនពេកដល់គីម ជុងអ៊ុន ជាពិសេសការប្រកាសដែលគេមិនរំពឹងទុកមួយរបស់មេដឹកនាំសហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកនឹងបញ្ចប់ការធ្វើសមយុទ្ធខាងយោធាជាមួយកូរ៉េខាងត្បូងដែលជាការក្តៅក្រហាយជាយូរយារណាស់មកហើយរបស់កូរ៉េខាងជើង៕