មេដឹកនាំអភិរក្សនិយមនៃគណបក្សប្រឆាំងចម្បងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រឆាំងនឹងកិច្ចប្រជុំដែលនឹងចូលមកដល់រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។
មេដឹកនាំរូបនេះក៏បានបង្ហាញការព្រួយបារម្ភផងដែរថា ការពិចារណាបែបនយោបាយកំពុងធ្វើឲ្យប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In ធ្វើការសម្របសម្រួលបញ្ហាសន្តិសុខរួមជាមួយនឹងការសន្យាបោកប្រាស់របស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un រឿងលុបបំបាត់អាវុធនុយក្លេអ៊ែរ។
លោក Hong Joon Pyo ប្រធានគណបក្សសេរីភាពកូរ៉េ បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមានទុទ្ទិដ្ឋិនិយមអំពីការពិភាក្សារវាងលោក Trump និងលោក Kim Jong Un។ មធ្យោបាយតែមួយគត់សម្រាប់ប្រទេសកូរ៉េខាងជើងនៅក្នុងការរក្សារបបដឹកនាំរបស់ខ្លួនឲ្យបន្តទៅមុខ គឺមានតែកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនតែមួយមុខគត់។ នៅពេលណាដែលកូរ៉េខាងជើងលះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយនៅពេលណាដែលកូរ៉េខាងជើងបើកចំហឲ្យមានការកែទម្រង់ នៅពេលនោះរបបដឹកនាំរបស់លោក Kim Jong Un នឹងដួលរលំជាក់ជាមិនខាន»។
នៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះ លោក Trump និងលោក Kim Jong Un នឹងជួបប្រជុំគ្នានៅក្នុងប្រទេសសិង្ហបុរីដើម្បីព្យាយាមសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាថ្នូរនឹងការទទួលបាននូវការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច និងការធានាសន្តិសុខសម្រាប់ប្រទេសនេះ។
លោក Hong Joon Pyo ព្រួយបារម្ភថា លោក Trump អាចពិចារណាចំពោះកិច្ចព្រមព្រៀងមួយដែលគ្រាន់តែបញ្ចប់កម្មវិធីគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងឲ្យបានឆាប់ ប៉ុន្តែទុកបញ្ហាគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោះស្រាយនៅពេលក្រោយ៕