ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក​មុន​ជំនួប​រវាង​លោក Trump និង​លោក Kim Jong Un ចូល​មក​ដល់


នាយករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​តូក្យូកាលពី​ថ្ងៃទី​០៦ មិថុនា​ ២០១៨ មុន​នឹង​ចាកចេញ​ទៅសហរដ្ឋ​អាមេរិក។
នាយករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​តូក្យូកាលពី​ថ្ងៃទី​០៦ មិថុនា​ ២០១៨ មុន​នឹង​ចាកចេញ​ទៅសហរដ្ឋ​អាមេរិក។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សេតវិមាន​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី Donald Trump ឲ្យ​យល់​អំពី​ចំណាប់​អារម្មណ៍​របស់​ប្រទេស​ជប៉ុន នៅ​មុន​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក Trump ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ។

មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​ជប៉ុន​គ្រោង​នឹង​រៀបចំ​រយៈពេល​ពីរ​ម៉ោង​សម្រាប់​ការ​ពិភាក្សា​គ្នា និង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា។

មុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក លោក Abe បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​ចង់​ឃើញ​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៃ​ការ​ដាក់​កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​កិច្ចការ​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​លោក​ចង់​ឲ្យ​លោក Trump ពិភាក្សា​ជាមួយ​នឹង​លោក Kim Jong Un អំពី​បញ្ហា​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ចាប់​ពង្រត់​កាល​ពី​អំឡុង​ទសវត្សរ៍ ១៩៧០ និង​ទសវត្សរ៍ ១៩៨០។

លោក Abe ក៏​ទំនងជា​ពិភាក្សា​ផង​ដែរ​អំពី​ការ​សម្រេច​ចិត្ត​នា​ពេល​ថ្មីៗ​នេះ​របស់​លោក Trump នៅ​ក្នុង​ការ​យក​ពន្ធ​គយ​ថ្មី​លើ​ការ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម​មក​ក្នុង​សហរដ្ឋ​អាមេរិក។ សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ដែល​មាន​ទាំង​ជប៉ុន​ផង​ដែរ បាន​ប្រឆាំង​ទៅ​នឹង​វិធានការ​នេះ​របស់​លោក Trump និង​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​លើកលែង​ការ​យក​ពន្ធ​គយ​ថ្មី​នេះ។

មេដឹកនាំ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ក៏​បាន​ជះ​ឥទ្ធិពល​ផង​ដែរ​ទៅ​លើ​ជំនួប​រវាង​លោក Trump និង​លោក Kim Jong Un ដែល​នឹង​ចូល​មក​ដល់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ខាង​មុខ​នេះ។ មេដឹកនាំ​ប្រទេស​ចិន និង​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ជួប​ជាមួយ​នឹង​លោក Kim Jong Un ពីរ​ដង​រួច​មក​ហើយ​បន្ថែម​ទៅ​នឹង​ការ​ប្រឹក្សា​កន្លង​មក​ជាមួយ​នឹង​រដ្ឋបាល​របស់​លោក Trump៕

XS
SM
MD
LG