ប្រទេសកូរ៉េខាងត្បូងនិងស.រ.អា. នឹងពិភាក្សាគ្នាជាផ្លូវការអំពីការដាក់ពង្រាយប្រព័ន្ធការពារនឹងកាំជ្រួចមីស៊ីលមួយដែលគេស្គាល់ថា THAAD ក្រោយពីប្រទេសកូរ៉េខាងជើងបានអះអាងថាខ្លួនបានបង្ហោះផ្កាយរណបមួយចូលទៅក្នុងអវកាស។
សេចក្តីថ្លែងការណ៍រួមមួយដោយក្រុមយោធានៃប្រទេសទាំងពីរបាននិយាយថាកិច្ចចរចាគ្នានឹង «ស្វែងរកលទ្ធភាពនៃការដាក់ពង្រាយ THAAD ទៅកាន់ឧបទ្វីបកូរ៉េនិងធ្វើប្រតិបត្តិការនៅលើឧបទ្វីបនេះនៅថ្ងៃខែណាមួយដែលឆាប់បំផុតតាមដែលអាចធ្វើបាន។»
យោងតាមទីភ្នាក់ងារស.រ.អា. ខាងការពារប្រឆាំងនឹងកាំជ្រួចមីស៊ីល ថាប្រព័ន្ធស្ថានីយ៍ការពារតំបន់ខ្ពស់ក្នុងអាកាសដែលភាសាអង់គ្លេសហៅថា Terminal High Altitude Area Defense ហៅកាត់ថា THAAD មានប្រដាប់បាញ់បង្ហោះមួយតម្លើងនៅលើឡានមួយគ្រឿងដែលអាចបាញ់ស្ទាក់និងបំផ្លាញកាំជ្រួចផ្លោង «នៅខាងក្នុងឬនៅខាងក្រៅបរិយាកាស។»
លោក Yoo Jeh-Seung អនុរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកខាងគោលនយោបាយនៃរដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា «យើងបានធ្វើការសម្រេចចិត្ត ចាប់ផ្តើមធ្វើការចរចាជាផ្លូវការអំពីលទ្ធភាពនៃការដាក់ពង្រាយប្រព័ន្ធ THAAD នៅក្នុងប្រទេសកូរ៉េខាងត្បូងជាផ្នែកមួយនៃវិធានការនានាដើម្បីបង្កើនកិច្ចការពារប្រឆាំងនឹងកាំជ្រួចមីស៊ីលរបស់សម្ព័ន្ធភាពកូរ៉េ-ស.រ.អា.។»
លោក Yoo បាននិយាយនៅក្នុងការប្រជុំខ្លីមួយប្រាប់ទៅក្រុមអ្នកកាសែតជាមួយលោកឧត្តមសេនីយឯក Thomas Vandal អគ្គមេបញ្ជាការនៃកងទ័ពស.រ.អា. ទី៨មានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូងថា «សម្ព័ន្ធភាពកូរ៉េ-ស.រ.អា. គ្មានជម្រើសក្រៅពីធ្វើសកម្មភាពការពារមួយពីព្រោះកូរ៉េខាងជើងបានបង្ករឿងញុះញង់ខាងយុទ្ធសាស្ត្រហើយបានប្រកែកមិនព្រមធ្វើការសន្ទនាគ្នាជាក់លាក់មួយអំពីការដកអាវុធបរមាណូ៕»