ស.រ.អា.និងប្រទេសចិនបានធ្វើការតាំងចិត្តរបស់ខ្លួនឡើងវិញ ដើម្បីទុកឲ្យឧបទ្វិបកូរ៉េ នៅជាតំបន់ដែលគ្មានអាវុធបរមាណូ ប៉ុន្តែមិនបានយល់ស្របគ្នាលើការដាក់ទណ្ឌកម្មថ្មីមួយចំនួន ក្រោយពីការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះទេ។
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉េកាំងជាមួយរដ្ឋមន្ត្រីការបរទេសស..រ.អា. John Kerry រដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅថ្ងៃពុធនេះបានថ្លែងថា ប្រទេសរបស់លោកត្រៀមខ្លួនដើម្បីគាំទ្រសេចក្តីសម្រេចថ្មីមួយរបស់អ.ស.ប. ប្រឆាំងលើកម្មវិធីបរមាណូរបស់កូរ៉េខាងជើង។ ប៉ុន្តែលោកមិនបាននិយាយលម្អិតអំពីទណ្ឌកម្មជាក់លាក់ណាមួយទេ ហើយថាសេចក្តីសម្រេចនោះមិនគួរបណ្តាលឲ្យមានភាពតានតឹងថ្មីទេ។
លោក Kerry បានថ្លែងថា មានសេចក្តីត្រូវការឲ្យមានឯកភាពក្នុងសេចក្តីសម្រេចរឹងមាំមួយរបស់អ.ស.ប. ប៉ុន្តែថានៅមិនទាន់មានឯកភាពលើវិធានការណ៍ជាក់លាក់នៅឡើយទេ។ លោកបានថ្លែងថាមានការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ដែលមិនទាន់មានអាវុធបរមាណូនោះ មានចំនួនច្រើនជាងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងដែលមានអាវុធបរមាណូរួចហើយនោះ។
លោកទាំងពីរបានថ្លែងថា លោកបានពិភាក្សាគ្នាអំពីជម្លោះសមុទ្រចិនខាងត្បូងដែរ។ ប៉ុន្តែពុំមានការអធិប្បាយអំពីកិច្ចព្រមព្រាងណាមួយស្តីពីវិធានការណ៍ដើម្បីកាត់បន្ថយភាពតានតឹងក្នុងជម្លោះនេះទេ។
ក្នុងអំឡុងទស្សនកិច្ចពេញមួយថ្ងៃរបស់លោកទៅកាន់ប្រទេសចិន លោក Kerry ក៏នឹងជួបជាមួយលោកប្រធានាធិបតី Xi Jinping និង មន្ត្រីរដ្ឋាភិបាលឯទៀតផងដែរ៕