មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសនេះមានចាប់មានករណីឆ្លងកូវីដ១៩ថ្មីកើនឡើងច្រើនវិញជាលើកដំបូងក្នុងរយៈពេល៧សប្តាហ៍ចុងក្រោយនេះ ក្រោយពីអាជ្ញាធរកូរ៉េខាងត្បូងបានបន្ធូរបន្ថយវិធានការរឹតត្បិតមួយចំនួន។
អនុរដ្ឋមន្ត្រីសុខាភិបាលលោក Kim Kang-lip បានថ្លែងនៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃក្នុងទីក្រុងសេអ៊ូលថា ករណីឆ្លងចំនួន៣៧ នៃករណីថ្មីទាំងអស់៤០ គឺជាប់ទាក់ទងទៅនឹងការផ្ទុះឆ្លងនៅក្នុងក្លឹបកម្សាន្តពេលរាត្រីមួយក្នុងទីក្រុងសេអ៊ូល ហើយករណីទាំង៣ផ្សេងទៀតមកពីបរទេស។
ករណីឆ្លងថ្មីស្ទើរទាំងអស់បានកើតឡើងនៅសង្កាត់មានមនុស្សច្រើននៅក្នុងក្រុងសេអ៊ូល ដែលមន្ត្រីនៅទីនោះកំពុងស្រវ៉ាស្រទេញព្យាយាមបញ្ឈប់ការចម្លងវីរុសនៅក្លឹបកម្សាន្ត ហាងខារ៉ាអូខេ និងឃ្លាំងមួយរបស់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញ។
លោក Kim ថា អាជ្ញាធរកំពុងតាមដានឃ្លាំងរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញឈ្មោះ Coupang ក្រោយពីគេបានរកឃើញមានករណីឆ្លងជាប់ទាក់ទងនឹងអ្នកធ្វើការនៅឃ្លាំងនោះ ហើយអាជ្ញាធរកំពុងធ្វើតេស្តបុគ្គលិកទាំង៣.៦០០នាក់នៃក្រុមហ៊ុននេះដើម្បីរកវីរុស។
មកទល់នឹងពេលនេះ កូរ៉េខាងត្បូងបានរាយកាណ៍ចំនួនអ្នកស្លាប់ដោយកូវីដ១៩ចំនួន២៦៩នាក់និងករណីឆ្លងសរុបជាង១១.០០០ករណី ក្រោយពីប្រទេសនេះបានទប់ស្កាត់ដោយជោគជ័យនូវការរាតត្បាតទី១។
ករណីផ្ទុះឆ្លងថ្មីនេះក៏កើតមានឡើងក្រោយសិស្សកូរ៉េខាងត្បូងប្រមាណ២លាននាក់បានចូលរៀនវិញកាលពីថ្ងៃពុធ៕