ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការឆ្លើយតបដ៏ខ្លាំងក្លាមួយចំពោះសំណើច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង ហើយវិធានការនេះនឹងត្រូវប្រកាសនៅក្នុងសប្ដាហ៍នេះ។
រដ្ឋសភាប្រទេសចិនត្រូវគេរំពឹងថានឹងអនុម័តលើសំណើច្បាប់សន្តិសុខមួយដែលនឹងកាត់បន្ថយឋានៈស្វ័យតស្របច្បាប់របស់ទីក្រុងហុងកុងនៅថ្ងៃព្រហស្បតិ៍ស្អែក។
នៅក្នុងសន្និសីទកាសែតរបស់សេតវិមាន លោក Trump ត្រូវបានគេសួរថាតើលោកមានគម្រោងដាក់ទណ្ឌកម្មប្រឆាំងនឹងចិនទាក់ទិននឹងបញ្ហាទីក្រុងហុងកុង និងដាក់កំហិតទិដ្ឋាការលើនិស្សិត និងអ្នកស្រាវជ្រាវមកពីប្រទេសចិន ឬក៏យ៉ាងណានោះ។
លោក Trump បានឆ្លើយថា៖ «ឥឡូវនេះ យើងកំពុងតែពិចារណាអំពីវិធានការដែលត្រូវធ្វើ។... ខ្ញុំនឹងនិយាយអំពីវិធានការនេះនៅពេលប៉ុន្មានថ្ងៃខាងមុខ»។
រដ្ឋាភិបាលចិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Trump នេះ ដោយបានព្រមានថា ខ្លួននឹងសងសឹកប្រឆាំងនឹងវិធានការថ្មីណាមួយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា៖ «យើងនឹងមិនទទួលយកការជ្រៀតជ្រែកណាមួយពីបរទេសនោះទេ។ ទាក់ទិននឹងទង្វើខុសឆ្គងរបស់មហាអំណាចបរទេសនៅក្នុងការជ្រៀតជ្រែកក្នុងបញ្ហាទីក្រុងហុងកុងនេះ យើងនឹងចាត់វិធានការចាំបាច់នានាប្រឆាំងតបតវិញជាមិនខាន»៕