រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃពុធ បានជូនដំណឹងទៅសភាសហរដ្ឋអាមេរិកថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ លែងចាត់ទុកក្រុងហុងកុងថាជាដែនដីដែលមានស្វ័យភាពពីប្រទេសចិនដីគោកទៀតហើយ។
លោក Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ហុងកុងលែងបន្តទទួលបាននូវសិទ្ធិក្រោមច្បាប់សហរដ្ឋអាមេរិក ដូចពេលច្បាប់សហរដ្ឋអាមេរិកត្រូវបានអនុវត្តចំពោះហុងកុងនៅមុនខែកក្កដា ឆ្នាំ១៩៩៧ទៀតហើយ»។
ការជូនដំណឹងនេះនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដកនូវលក្ខខណ្ឌអនុគ្រោះផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុពិសេសដែលខ្លួនផ្តល់ឲ្យក្រុងហុងកុង ចាប់តាំងពីអតីតដែនដីអាណានិគមអង់គ្លេសនេះត្រូវបានផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនវិញ។
កាលពីថ្ងៃពុធ ប៉ូលិសហុងកុងបានធ្វើការចាប់ខ្លួនមនុស្សជាង៣០០នាក់ដែលបានធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់សន្តិសុខជាតិថ្មី ដែលរំពឹងថានឹងត្រូវគេអនុម័តនៅថ្ងៃព្រស្បតិ៍នេះ និងសេចក្តីព្រាងច្បាប់ដែលនឹងដាក់ទោសឧក្រិដ្ឋចំពោះអ្នកដែលមិនគោរពភ្លេងជាតិចិន៕