ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសន្យាថានឹងស្វែងរកការគាំទ្រពីរដ្ឋាភិបាលក្រុងសេអ៊ូល មុនពេលធ្វើសកម្មភាពយោធាណាមួយប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើង។
កាលពីថ្ងៃពុធម្សិលមិញ លោក Moon Jae In បានសន្យាថានឹងការពារមិនឲ្យមានជម្លោះយោធាកើតឡើងម្ដងទៀតនៅលើឧបទ្វីបកូរ៉េនោះទេ។ លោកថ្លែងដូច្នេះនៅក្នុងអំឡុងពេលលោកធ្វើសន្និសីទព័ត៌មានផ្សាយតាមកញ្ចក់ទូរទស្សន៍ ចំថ្ងៃដែលលោកបានធ្វើជាប្រធានាធិបតីកូរ៉េខាងត្បូងបានរយៈពេល ១ រយថ្ងៃ។ សង្គ្រាមស៊ីវិលពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបញ្ចប់ទៅដោយកិច្ចព្រមព្រៀងផ្អាកធ្វើសង្គ្រាម ដូច្នេះភាគីទាំងពីរនៅតែស្ថិតក្នុងស្ថានការណ៍មានជម្លោះជាមួយគ្នាដដែល។
លោក Moon Jae In ដែលមានទស្សនៈសេរីនិយម បានចូលកាន់តំណែងជាប្រធានាធិបតីកាលពីខែឧសភាកន្លងទៅនេះ ជាមួយនឹងក្ដីសង្ឃឹមមួយដើម្បីស្ដារឡើងវិញនូវទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ប៉ុន្តែកិច្ចប្រឹងប្រែងរបស់លោកត្រូវបានកូរ៉េខាងជើងបដិសេធ។
នៅថ្ងៃព្រហស្បតិ៍នេះ លោក Moon Jae In បាននិយាយថា លោកមានឆន្ទៈក្នុងការអត់ធ្មត់ជាមួយនឹងកូរ៉េខាងជើង ប៉ុន្តែបានព្រមានថា លោកនឹងមិនអាចមានភាពអត់ធ្មត់នោះទេ ប្រសិនបើកូរ៉េខាងជើងសម្រេចបាននូវគ្រាប់ផ្លោងមីស៊ីលដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរនោះ។
លោក Moon Jae In បានបន្ថែមថា វោហារសាស្ត្របែបសង្គ្រាមរបស់លោក Donald Trump គឺមិនមានគោលបំណងដើម្បីជាការបង្ហាញនូវឆន្ទៈក្នុងការចាត់វិធានការយោធានោះទេ ប៉ុន្តែដើម្បីបង្ហាញពីដំណោះស្រាយដ៏ខ្លាំងក្លាមួយដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង៕