ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អភិវឌ្ឍ​និង​ភាព​ខ្វះ​ខាត​កើត​មាន​ដំណាល​គ្នា​នៅ​កូរ៉េ​ខាង​ជើង


កប៉ាល់​ដឹក​ទំនិញ​ស្ថិត​នៅ​កំពង់ផែ Rajin របស់​កូរ៉េ​ខាង​ជើង។
កប៉ាល់​ដឹក​ទំនិញ​ស្ថិត​នៅ​កំពង់ផែ Rajin របស់​កូរ៉េ​ខាង​ជើង។

តាម​របាយការណ៍​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មាន​ភាព​ផ្ទុយ​គ្នា​នោះ​គឺ​ថា សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ជើង​កំពុង​តែ​រីក​លូត​លាស់ ​ខណៈ​ពេល​ដែល​ពលរដ្ឋ​របស់​ខ្លួន​ក៏​កំពុង​ជួប​ប្រទះ​កង្វះ​ស្បៀង​អាហារ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​បញ្ហា​គ្រោះ​រាំង​ស្ងួត។ របាយការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែង​ចែក​ដាច់​ស្រឡះ​ពី​គ្នា​ដែល​កើត​មាន​នៅ​ក្នុង​រដ្ឋ​ដែល​ស្ថិត​នៅ​ដាច់​តែ​ឯង​និង​មាន​ការ​កៀប​សង្កត់​ដ៏​តឹងរ៉ឹង​បំផុត​មួយ​ក្នុង​ពិភពលោក​នេះ។

លោក​ Go Myong-Hyun​ អ្នក​វិភាគ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​នៃ​វិទ្យាស្ថាន​ Asan សម្រាប់​ការ​សិក្សា​គោល​នយោបាយ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល​បាន​ថ្លែង​ថា៖ «យើង​ត្រូវយល់​ថា កូរ៉េ​ខាង​ជើង​គឺ​ជា​សង្គម​មួយ​ដែលមាន​ភាព​មិន​ស្មើ​គ្នា​យ៉ាង​ខ្លាំង»។

សេដ្ឋកិច្ច​កំពុង​រីក​លូត​លាស់​

យោង​តាម​ធនាគារ ​Bank of Korea​ នៅ​ទីក្រុង​សេអ៊ូល សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ជើង​បាន​កើន​ឡើង​ក្នុង​កម្រិត​៣,៩​ភាគ​រយ​កាល​ពី​ឆ្នាំ​មុន ដែល​នេះជា​កំណើន​លឿន​បំផុត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​១៧​ឆ្នាំ​នេះ បើ​ទោះ​បី​ជា​ប្រទេស​នេះ​ទទួល​រង​នូវ​ទណ្ឌកម្ម​អន្តរជាតិ​ដោយ​សារ​តែ​កម្មវិធី​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ខ្លួន​ក៏​ដោយ។ ការ​នាំ​ធ្យូង​ថ្មនិង​រ៉ែ​ដទៃ​ទៀត​ចេញ​ទៅ​ប្រទេស​ចិន គឺ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឆ្នាំ​នេះ​ប្រទេស​ចិន​បាន​នាំ​ចូល​ធ្យូង​ថ្ម​ពី​កូរ៉េ​ខាង​ជើង​តិច​ជាង​ឆ្នាំ​មុន​រហូត​ដល់​ទៅ​៥៤​ភាគរយ។ កាល​ពី​ខែ​មីនា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ហាម​ឃាត់​ការ​នាំ​ចូល​ធ្យូង​ថ្ម​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ទាមទារ​ឲ្យ​ចិន​ចាត់​វិធានការ​ខ្លាំង​ជាង​មុន​ដើម្បី​រារាំង​ដល់​រដ្ឋាភិបាល​របស់​លោក គីម ជុងអ៊ុន។

សមាគម​ជំនួញ​អន្តរជាតិ​កូរ៉េ​ក៏​បាន​រាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​នាំ​ចេញ​របស់​ចិន​ទៅ​កាន់​កូរ៉េ​ខាង​ជើង​បាន​កើន​ឡើង​ជិត​២០​ភាគ​រយ នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជំនួញ​ចេញ​ក្រៅ​ប្រទេស​សរុប​១,៦៦​ប៊ីលាន​ដុល្លារ។ ការ​នាំ​ចេញ​ប្រេង​សម្រាប់​ចាក់​យន្តហោះ​របស់​ចិន​ទៅ​កាន់​កូរ៉េ​ខាង​ជើង​បាន​កើន​ឡើង​១៨​ភាគរយ បើ​ទោះ​ជា​ជំនួញ​នេះ​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្រោម​លក្ខខណ្ឌ​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ក៏​ដោយ ចំណែក​ការ​នាំ​ចេញ​ទូរស័ព្ទ​ចល័ត​វិញ​បាន​កើន​យ៉ាង​គំហុក​រហូត​ដល់​ជាង​៩០​ភាគរយ។

ជំនួញ​ដែល​មាន​ការ​កើន​ឡើង​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​មិន​ស្មើ​គ្នា​ដល់​ពួក​អភិជន​នយោបាយ​និង​យោធា​ដែល​មាន​ចំនួន​តិច​តួច ដែល​ពួកគេ​គាំទ្រ​រដ្ឋាភិបាល​របស់​លោក គីម ជុងអ៊ុន។ ពួក​អភិជន​ទាំង​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា ទទួល​បាន​ផ្ទះ​សម្រាប់​ស្នាក់​នៅ ការងារ​ល្អ ​មាន​លទ្ធភាព​អាច​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ Masikryong Ski ​ដែល​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ​២០១៣ អាច​ទទួល​ទាន​អាហារ​ក្នុង​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​ក្នុង​ទីក្រុង​ព្យុងយ៉ាង និង​អាច​ទិញ​គ្រឿង​ស្រវឹង​ជា​ច្រើន​ប្រភេទ​លំដាប់​អន្តរជាតិ ឬ​ក៏​សម្លៀក​បំពាក់​រចនា​ម៉ូដ​ថ្លៃៗ​ផង​ដែរ។

អភិជន​មួយ​ចំនួន​តូច​ថែម​ទាំង​អាច​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​រឹត​ត្បិត​ឡើយ រួម​ទាំង​គណនីបណ្តាញ​សង្គម​ដូច​ជា​ហ្វេសប៊ុក និង​គេហទំព័រ​ទិញ​ឥវ៉ាន់​ដូច​ជា Amazon និង​ Alibaba ដែល​បណ្តាញ​ទាំង​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ប្រើ​ប្រាស់​ដើម្បី​ទាក់​ទង​ទៅ​ពិភព​ខាង​ក្រៅ​ឡើយ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​វិភាគ​សន្តិសុខ​ឈ្មោះ​ថា Recorded Future។

ភាព​ក្រីក្រ

ភាគ​ច្រើន​បំផុត​នៃ​ចំនួន​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ដែល​មាន​សរុប​២៥​លាន​នាក់​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​បើ​យោង​តាម​របាយការណ៍​មួយរបស់​អង្គការ​សហប្រជាជាតិ​ដែល​ចេញ​ក្នុង​ឆ្នាំ​នេះ «អសន្តិសុខ​ស្បៀង​ដ៏​រ៉ាំរ៉ៃ កង្វះ​អាហារូបត្ថម្ភ​សម្រាប់​ក្មេង​តូចៗ និង​អសន្តិសុខ​អាហារូបត្ថម្ភ» នៅ​តែ​បន្ត​កើត​មាន​នៅ​ទូទាំង​ប្រទេស ដែល​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៩៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១៨ ក្នុង​សន្ទស្សន៍​នៃ​ភាព​អត់​ឃ្លាន​សកល Global Hunger Index។

អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ហៅកាត់​ថា​ FAO កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​របាយការណ៍​មួយ​ព្រមានថា កូរ៉េ​ខាង​ជើង​អាច​នឹង​ពើប​ប្រទះ​នូវ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ឆ្នាំ​នេះ​គិត​ចាប់​ពី​ឆ្នាំ​២០០១​មក។

លោក Vincent Martin តំណាង​អង្គការ​ FAO ក្នុង​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ការ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​កសិករ​ដែល​រង​ការ​ប៉ះពាល់ ​និង​ដើម្បី​ជៀស​វាង​ការ​ប្រើយុទ្ធសាស្ត្រ​ដោះ​ស្រាយ​ដែលយើង​មិន​ចង់​បាន សម្រាប់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត ​ដូច​ជា​ការ​កាត់​បន្ថយ​ការ​បរិភោគ​អាហារ​ប្រចាំ​ថ្ងៃ​ជា​ដើម»។

ស្ថានភាព​ធូរស្រាល

សម្រាប់​មនុស្ស​ភាគ​ច្រើន នៅ​ពេល​និយាយ​ដល់​កង្វះ​ខាត​អាហារ​នៅ​កូរ៉េ​ខាង​ជើង គេ​តែង​នឹកស្រមៃ​ឃើញ​ដល់​គ្រោះ​ទុរ្ភិក្ស​កាល​ពី​ទសវត្សរ៍​១៩៩០ ដែល​គេ​ស្គាល់​ថា​ Arduous March ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣​លាន​នាក់។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ស្ថានភាព​សព្វថ្ងៃ​នេះ​មាន​សភាព​ខុស​គ្នា​ពី​ពេល​នោះ ហើយ​ការ​អត់​អាហារ​ទូទាំង​ប្រទេស​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ភាគរយ​ទាប​បំផុត។

កូរ៉េ​ខាង​ជើង​ក៏​ធ្លាប់​ឆ្លង​កាត់​គ្រោះ​រាំង​ស្ងួត​ធំៗ​ពីរ​ដង​ដែរ គឺ​នៅ​ឆ្នាំ​២០១២​និង​ឆ្នាំ ២០១៤ ហើយ​និង​មាន​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​២០០៦ ឆ្នាំ​២០០៧ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៦ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតផល​សម្រាប់​ផលិត​ស្បៀង​អាហារ ប៉ុន្តែ​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះ​អត់​ឃ្លាន​ទូ​ទាំង​ប្រទេស​ទេ។

លោក Stephan Haggard អ្នក​វិភាគ​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង​និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​គោចរ​នៅ​វិទ្យាស្ថាន​ Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ បាន​សរសេរ​កាល​ពី​ថ្មីៗ​នេះ​ថា «របាយការណ៍​របស់​អង្គការ​ FAO បាន​បង្ហាញ​ពី​ទម្រង់​មួយ​ដែល​មិន​មាន​ភាព​ជាក់​ស្តែង ហើយ​ធាតុ​អាកាស​អាច​ប្រែប្រួល​ផ្ទុយ​ពី​ការ​អះអាង»។ កាល​ពី​សប្តាហ៍​មុន ឧបទ្វីប​កូរ៉េ​បាន​ជួប​នូវ​ការ​ធ្លាក់​ភ្លៀង​ដ៏​ខ្លាំង​មួយ ហើយ​ព្យុះ​ចំនួន​៣​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​នេះ។

កំណែ​ទម្រង់​ផ្នែក​កសិកម្ម​ដែល​អនុញ្ញាត​ឲ្យ​កសិករ​កូរ៉េ​ខាង​ជើង​រក្សា​បាន​នូវ​ភាគ​រយ​មួយ​នៃ​អ្វី​ដែល​ពួក​គេ​ផលិត​បាន និង​ធ្វើ​ឲ្យ​គ្រួសារ​ជា​ច្រើន​ដាំដុះ​នៅ​លើ​ផ្ទៃ​ដី​តូច​មួយ​សម្រាប់​ប្រើ​ប្រាស់​ជា​លក្ខណៈ​ឯកជន​នោះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សូវ​ពឹង​អាស្រ័យ​លើ​ការ​ធ្វើ​កសិកម្ម​ដែល​មិន​ផ្តល់​ទិន្នផល​គ្រប់​គ្រាន់​របស់​រដ្ឋាភិបាល និង​អាច​អត់​ធន់​នឹង​ពេល​វេលា​ដែល​ជួប​ភាពខ្វះ​ខាត។

នយោបាយ​ស្បៀង​អាហារ

ការ​បញ្ជូន​ជំនួយ​ស្បៀង​អាហារ​ទៅ​កាន់​ប្រទេស​មួយ​ដែល​ចូលចិត្ត​បង្ករឿង ហើយ​ដែល​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​បាញ់​ឆ្លងទ្វីប​រយៈ​ចម្ងាយ​វែង ដោយ​រឹង​ទទឹង​ទៅ​នឹង​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ដែល​ហាម​មិន​ឲ្យ​ផលិត​អាវុធ​បែប​នេះ ក៏​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយ​ផង​ដែរ។ លោក Go និយាយ​ថា រដ្ឋាភិបាល​លោក គីម ជុងអ៊ុន អាច​បង្វែ​ទឹក​ប្រាក់​៣០០​លាន​ដុល្លារ​ចេញ​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​យក​ប្រាក់​នេះ​ទៅ​ចំណាយ​លើ​ការ​នាំ​ចូល​ស្បៀង​អាហារ ដើម្បី​ត្រៀម​សម្រាប់​កង្វះ​ខាត​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ណា​មួយ។

លោក Go និយាយ​ថា៖ «បើ​សិន​ជា​គេ​ចង់​បំពេញ​ចន្លោះ​ប្រហោង​នោះ​ដោយ​ការ​នាំ​ចូល​ស្បៀង​អាហារ​ពី​ខាង​ក្រៅ ពួក​គេ​អាច​ធ្វើ​បាន​ជាមួយ​នឹង​ប្រាក់​នោះ​យ៉ាង​ងាយ​ស្រួល។ ប៉ុន្តែ​ពួកគេ​មិន​ធ្វើ​ដូច្នេះ​ទេ ពី​ព្រោះ​ពួកគេ​តែងតែ​អាច​ទាក់​ទង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ស្ថាប័ន​អន្តរជាតិ ដែល​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ផ្តល់​ជំនួយ​ស្បៀង​អាហារ​ដោយ​ឥតគិត​ថ្លៃ​ដល់​ពួក​គេ»។

លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​បារម្ភ​ថា មន្ត្រី​កូរ៉េ​ខាង​ជើង​អាច​កែ​ប្រែ​ជំនួយ​ស្បៀង​អាហារ​នោះ​ទៅ​ជា​សាច់​ប្រាក់ ដោយ​លក់​ជំនួយ​ទាំង​នោះ​នៅ​ក្នុង​ទីផ្សារ​ងងឹត ឬ​នាំ​ចេញ​ទៅ​ប្រទេស​ចិន៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG