ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កូរ៉េ​ខាង​ត្បូង​ព្រមាន​អំពី​ការ​ផ្ទុះ​រាតត្បាត​កូវីដ១៩​លើក​ទី​២​នៅ​តំបន់​ក្រុង​សេអ៊ូល


មនុស្ស​ម្នា​ចុះ​ពី​រថភ្លើង​នៅ​ស្ថានីយ៍​​រថភ្លើងទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃទី​ព្រហស្បតិ៍​ទី​១១ ខែមិថុនា ឆ្នាំ២០២០។
មនុស្ស​ម្នា​ចុះ​ពី​រថភ្លើង​នៅ​ស្ថានីយ៍​​រថភ្លើងទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃទី​ព្រហស្បតិ៍​ទី​១១ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រី​សុខាភិបាល​កូរ៉េ​ខាង​ត្បូង​ បាន​ព្រមាន​ថា អាជ្ញាធរ​ប្រទេស​នេះ​ត្រូវ​ចាត់​វិធានការ​បន្ទាន់​ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​រាតត្បាត​ជា​លើក​ទី​២​នៃ​ជំងឺ​កូវីដ១៩ ក្រោយ​ពី​គេ​ឃើញ​មានការ​ឆ្លង​វីរុស​កូរ៉ូណាកើន​ឡើង​យ៉ាង​គំហុក​នៅ​តំបន់​ទី​ក្រុង​សេអ៊ូល។

មជ្ឈមណ្ឌល​ទប់​ស្កាត់​ជំងឺ​ឆ្លង CDC​ កូរ៉េ​ខាង​ត្បូងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​រាយការណ៍​ការ​ឆ្លង​ថ្មីចំនួន​ ៤៥ ករណី ដែល​ភាគ​ច្រើន​បាន​កើត​នៅ​តំបន់​ក្រុង​សេអ៊ូល​ ដែល​នៅ​ទី​នោះ​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​យ៉ាង​លំបាក​ក្នុង​ការបង្ការ​ការ​ចម្លង​ថ្មី។

ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃ​ពុធ ប្រធាន CDC កូរ៉េខាង​ត្បូង​ថ្លែង ពេល​នេះ​មាន​ចង្វាក់​នៃ​ការ​ចម្លង​កំពុង​កើត​ឡើង​ហើយ ​ប្រសិន​បើ​គេ​មិន​អាច​ផ្តាច់​វា​បាន​ទេ នឹង​អាច​មាន​ការ​ផ្ទុះ​រាតត្បាត​ជា​ទ្រង់ទ្រាយ​ធំ​កើត​ឡើង។ មន្ត្រី​នោះ​បញ្ជាក់​ថា ​ការ​ឆ្លង​ថ្មី​នេះ​លេច​ឡើង​ ក្រោយ​ពី​អាជ្ញាធរ​ចាប់​ផ្តើម​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​សកម្មភាព​សង្គម។​

មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូងបាន​ប្រឆាំង​នឹង​ការ​ដាក់​វិធានការ​រឹតត្បិត​ខ្លាំង​ឡើង​វិញ​ និង​ការ​តម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា ដោយ​បារម្ភ​ថា ​វិធានការ​តឹងតែង​ទាំង​នេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែល​ផុយ​ស្រួយ​ស្រាប់។

ប៉ុន្តែ​មន្ត្រី​សុខាភិបាល​ថា នៅ​ពេល​ពលរដ្ឋ​ចូល​រួម​សកម្មភាព​សង្គម​ឡើង​វិញ ពួក​គេ​កាន់​តែ​ពិបាក​តានដាន​ការ​ចម្លង​របស់វីរុស​នេះ ហើយក្រុម​មន្ត្រី​បាន​ទទូច​ឲ្យ​សាធារណជន​កូរ៉េ​ខាង​ត្បូង​បន្ត​ពាក់​ម៉ាស់​ និង​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម៕

XS
SM
MD
LG