យោធាកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានបាញ់«មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់» នៅថ្ងៃចន្ទនេះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋាភិបាលជប៉ុនបានប្រកាសសញ្ញាប្រុងប្រៀប ហើយឆ្មាំការពារដែនសមុទ្ររបស់ខ្លួនបាននិយាយថា កូរ៉េខាងជើងបានបាញ់អ្វីដែលទំនងជាមីស៊ីលបាល់លីស្ទិក។
បណ្តាញផ្សាយព័ត៌មាន NHK របស់ជប៉ុនបានបញ្ជាក់ថា មីស៊ីលនោះទំនងបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ រីឯទូរទស្សន៍របស់ជប៉ុន NTV បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់មកចុះផ្សាយថា គ្រាប់នោះជាមីស៊ីលបាលីស្ទិកវង់ប្រតិបត្តិការខ្លី។
នាយអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះអ្វីដែលខ្លួនបានសង្ស័យថាជាមីស៊ីលបាលីស្ទិកវង់ប្រតិបត្តិការខ្លីជាច្រើនគ្រាប់ចេញពីតំបន់មួយនៅជិតរដ្ឋធានីព្យុងយ៉ាងរបស់ខ្លួន។ លោកមិនបានផ្តល់សេចក្តីលម្អិតបន្ថែមឡើយ។
របាយការណ៍នៃការបាញ់បង្ហោះនេះបានកើតមានឡើង នៅពេលដែលកូរ៉េខាងត្បូងបាននិយាយថា មន្ត្រីយោធាកំពូលម្នាក់របស់ខ្លួនគឺឧត្តមនាវីឯក Kim Myung-soo បានធ្វើជាម្ចាស់ផ្ទះរៀបចំទទួលលោកនាយឧត្តមសេនីយ៍ Stephen Whiting មេបញ្ជាការទីបញ្ជាការអវកាសសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍របស់កូរ៉េជើង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងមូស្គូដែលកំពុងកើនឡើង៕
វេទិកាបញ្ចេញមតិ