ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ពន្យារ​ការ​បើក​សាលារៀន​ឡើង​វិញ​ខណៈ​មាន​​កើន​ថ្មី​ករណី​ឆ្លង​កូវីដ១៩


មន្ត្រី​សុខាភិបាល​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​រីករាលដាល​នៃ​​​
មេរោគ​កូរ៉ូណា​នៅ ក្នុង​ថ្នាក់រៀន​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
មន្ត្រី​សុខាភិបាល​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​រីករាលដាល​នៃ​​​ មេរោគ​កូរ៉ូណា​នៅ ក្នុង​ថ្នាក់រៀន​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​សម្រេច​ពន្យារ​ការ​បិទ​សាលារៀន​មួយ​សប្តាហ៍បន្ត​ទៀត ខណៈ​ដែល​ករណី​កើត​ជំងឺកូវីដ១៩​ថ្មីដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ​មាន​ការ​កើន​ឡើង។

សិស្សានុសិស្ស​នៅ​ថ្នាក់​មួយ​ចំនួននៅ​តាម​វិទ្យាល័យគ្រោង​នឹង​ចូល​រៀន​វិញ​នៅ​ក្នុង​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ប៉ុន្តែ​ក្រសួងអប់រំ​កូរ៉េ​ខាង​ត្បូង​ឥឡូវ​នេះ​ថា​ខ្លួន​បាន​ពន្យារ​ពេល​ការ​ចូល​រៀន​វិញ​នេះ​ដល់​ថ្ងៃ​ទី​២០​ខែ​ឧសភា​វិញ។

លោក Park Baeg-beom អនុរដ្ឋមន្ត្រី​អប់រំ​ បាន​ថ្លែងក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​ពន្យារ​ពេល​នេះ​មាន​បំណង​ធានា​ឲ្យ​បាននូវ​សុវត្ថិភាព​សម្រាប់​សិស្សានុសិស្ស នេះ​បើ​តាម​ការ​រាយការណ៍​ទី​ភ្នាក់ងារ​ព័ត៌មាន Yonhap។

ការប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​អំពី​ការពន្យារ​ពេលការ​បិទ​សាលារៀន​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រក​ឃើញបណ្តុះ​នៃ​ការ​ឆ្លង​ថ្មី​នូវ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ទូទាំង​ទី​ក្រុង​សេអ៊ូល​នៅ​តំបន់​ដទៃ​ទៀត។

មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង​កូរ៉េ​ខាង​ត្បូង​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា យ៉ាង​ហោច​ណាស់​មាន​ករណី​ឆ្លង​កូវីដ​១៩​ចំនួន​៨៦​នាក់​ត្រូវ​បានគេ​រក​ឃើញ​ថា​ទាក់ទងនឹង​បុរសអាយុ​ជាង​ម្ភៃ​ឆ្នាំម្នាក់​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ឯ​តំបន់កម្សាន្តសប្បាយ​ពេល​រាត្រី​នៃ​ទី​ក្រុង​សេអ៊ូល​កាល​ពី​ដើម​ខែឧសភា​នេះ។ ក្រុម​មន្ត្រី​ព្រមាន​ថា មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ទៅ​លេង​បារ​និង​ក្លឹប​កម្សាន្ត​នៅ​តំបន់នោះ​អាច​បាន​ឆ្លង​វីរុស​កូរ៉ូណា​ហើយ ពួក​គេ​គួរ​ទៅ​ធ្វើ​តេស្ត។

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន អភិបាល​ក្រុង​សេអ៊ូល លោក Park Won-soon បាន​បញ្ជា​ឲ្យ​បិទបារ​និង​ក្លឹប​កម្សាន្ត​ទាំង​អស់​របស់​ទី​ក្រុង​នេះ រហូត​មាន​ការ​ជូន​ដំណឹង​បន្ត​ទៀត ដោយ​លោក​បាន​រិះ​គន់​អ្នក​ដែល​មិន​បាន​ពាក់​ម៉ាស់​មុខ​ពេល​ចូល​ក្នុង​កន្លែង​ទាំង​នោះ ដោយ​លោក​ថា​ «ការ​ធ្វេសប្រហែស​របស់​ពួក​គេ» បង្ក​ហានិភ័យ​ខាង​សុខភាព​ដល់​អ្នក​ដទៃ។​

នៅ​មុន​ការ​ផ្ទុះ​រាលដាល​ជា​ថ្មី​នេះ ចំនួន​ករណី​ឆ្លង​វីរុស​ករ៉ូណា​ថ្មី​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ការ​ថយ​ចុះជា​បន្ត​បន្ទាប់ ដោយ​ចំនួន​នៃ​ការ​ឆ្លងថ្មី​ក្នុង​សហគមន៍​មិន​ដែល​លើស​ពី​១០​ទេ​ក្នុង​មួយ​ថ្ងៃ​អស់​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ដែល​បាន​នាំ​ឲ្យ​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​សង្គម​ដែល​ខ្លួន​បាន​ដាក់៕

XS
SM
MD
LG