ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានប្រកាសពីឆ្លងថ្មីនៃវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន២៣១ ករណី ដែលបានធ្វើឲ្យករណីឆ្លងសរុបក្នុងប្រទេសនេះកើនដល់ ៨៣៣ករណី។ មន្ត្រីកូរ៉េខាងត្បូងបានរាយការណ៍ពីចំនួនអ្នកស្លាប់ថ្មីពីរនាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបពីមេរោគនេះនៅកូរ៉េខាងត្បូងកើនដល់៧នាក់។
នៅមុនការប្រកាសពីករណីថ្មីក្នុងថ្ងៃចន្ទនេះ កូរ៉េខាងត្បូងបានបង្កើនកម្រិតគ្រោះថ្នាក់ក្នុងប្រទេសរហូតដល់ពណ៌ក្រហមដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត ហើយប្រធានាធិបតី Moon Jae-in បានទទូចឲ្យមន្ត្រីទាំងឡាយកុំរារែកក្នុងការ «ចាត់វិធានការធ្ងន់ធ្ងរនានាដែលមិនធ្លាប់ធ្វើពីមុនមក» ដើម្បីទប់ស្កាត់ការបន្តរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មីដែលហៅជាផ្លូវការថា Covid-19 នេះ។
ការដាក់កម្រិតគ្រោះថ្នាក់ក្នុងប្រទេសដល់ពណ៌ក្រហមនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរនានាមានអំណាចអាចបិទសាលារៀន និងមធ្យោបាយធ្វើដំណើរសាធារណៈនានា។ ការបើកបវេសនកាលថ្មីត្រូវបានពន្យារពេលមួយសប្តាហ៍មកហើយ។
កូរ៉េខាងត្បូងជាប្រទេសដែលចំនួនអ្នកឆ្លងមេរោគ Covid-19 ច្រើនជាងគេក្រៅពីប្រទេសចិន។
នៅថ្ងៃចន្ទនេះ ប្រទេសចិនបានរាយការណ៍ថា ខ្លួនមានការឆ្លងថ្មីចំនួន៤០៩ករណី ដែលធ្វើឲ្យចំនួនសរុបនៃការឆ្លងកើនដល់ ៧៧.០០០នាក់ និងអ្នកមានស្លាប់ថ្មី១៥០នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបពីវីរុសកូរ៉ូណា Covid-19 នៅក្នុងប្រទេសចិនកើនដល់ ២.៥៩២នាក់។
នៅក្រៅប្រទេសចិន មានមនុស្សជាង២០០០ នាក់បានឆ្លងមេរោគនេះនិងរាប់សិបនាក់បានស្លាប់។
ករណីផ្ទុះរាលដាលថ្មីៗជាងគេមាននៅប្រទេសអ៊ីរ៉ង់ ដែលបានរាយការណ៍នៅថ្ងៃចន្ទនេះថាមានមនុស្សស្លាប់ពីមេរោគ Covid-19 រហូតដល់ ១២នាក់។ ប្រទេសប៉ារែនបានរាយការណ៍ករណីឆ្លងទី១។
នៅប្រទេសអ៊ីតាលី ក្រុមមន្ត្រីចាប់ផ្តើមចាត់វិធានការធ្ងន់ធ្ងរដូចនៅក្នុងប្រទេសចិនដែរ រួមទាំងការបិទការប្រកួតបាល់ទាត់សំខាន់ៗផង ខណៈដែលចំនួនអ្នកស្លាប់ពីមេរោគកូរ៉ូណាប្រភេទថ្មីនេះនៅក្នុងប្រទេសអ៊ីតាលីបានកើនដល់៤នាក់ក្នុងថ្ងៃចន្ទ៕