បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden និងលោក Bernie Sanders បានប្រកែកគ្នាអំពីប្រវត្តិនៃកិច្ចការខាងសុខាភិបាលរបស់ពួកគេកាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេជជែកដេញដោលគ្នាទៅលើផែនការរបស់ពួកគេរៀងខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី។ វីរុសកូរ៉ូណាថ្មីនេះកំពុងតែផ្លាស់ប្ដូរជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងសហរដ្ឋអាមេរិកក៏ដូចជានៅក្នុងពិភពលោកទាំងមូល។
ដោយឈរនៅចម្ងាយជិតពីរម៉ែត្រពីគ្នា បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden និងលោក Bernie Sanders បានជជែកដេញដោលគ្នាដោយគ្មានទស្សនិកជនទស្សនាដោយផ្ទាល់នៅក្នុងបន្ទប់ផ្សាយមួយរបស់បណ្ដាញព័ត៌មាន CNN ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកសម្របសម្រួលកម្មវិធីដែលជាអ្នកយកព័តមានបានសាកសួរពួកគេទាំងពីរនាក់ ក្រោយពីក្រុមមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកបានហាមឃាត់ប្រជាជនមិនឲ្យប្រមូលផ្ដុំគ្នាចាប់ពី៥០នាក់ឡើងទៅដែលមកដល់ពេលនេះបានធ្លាក់ដល់ការហាមមិនឲ្យប្រមូលផ្តុំលើសពី១០នាក់ឡើងទៅ។
ខណៈអាជីវកម្មនិងកន្លែងកម្សាន្ដជាច្រើននៅទូទាំងប្រទេសបានបិទទ្វារ ប្រជាជននាំគ្នាឈរតម្រង់ជួរដើម្បីទិញរបស់របរសំខាន់ៗ។
លោក Sanders ស្នើឲ្យកែប្រែទាំងស្រុងនូវច្បាប់ថែទាំសុខភាពរបស់សហរដ្ឋអាមេរិក។
សមាជិកព្រឹទ្ធសភារដ្ឋ Vermont លោក Bernie Sanders ថ្លែងថា៖ «យើងមានគម្រោងធានារ៉ាប់រងសុខភាពរាប់ពាន់។ ប្រព័ន្ធសុខាភិបាលនេះរបស់អាមេរិកមិនមែនជាប្រព័ន្ធមួយដែលអាចផ្ដល់សេវាថែទាំសុខភាពទេ វាមិនមែនជាប្រព័ន្ធមួយដែលអាចត្រៀមរួចរាល់ដើម្បីផ្ដល់សេវាថែទាំសុខភាពដល់អ្នកគ្រប់គ្នានោះទេ»។
លោក Biden ស្នើឲ្យមានការធ្វើតេស្តបន្ថែមទៀត បន្ទាប់ពីក្រុមមន្ត្រីនៅតាមរដ្ឋជាច្រើនត្អូញត្អែរអំពីការខ្វះខាតឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូរ៉ូណា។
លោក Joe Biden ដែលជាបេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនិយាយថា៖ «ជាដំបូង ត្រូវមានឧបករណ៍ដើម្បីធ្វើតេស្តកាន់តែឆាប់តាមតែអាចធ្វើបាន។ ទីពីរ ខ្ញុំនឹងធ្វើឲ្យប្រាកដថា គ្រប់រដ្ឋទាំងអស់នៅក្នុងប្រទេសមានយ៉ាងហោចណាស់កន្លែងធ្វើតេស្តចំនួន១០កន្លែង ដែលពួកគេអាចបើកឡានចូលពិនិត្យដោយមិនចុះពីឡានបាន»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្នកាលពីថ្ងៃសុក្រ ទី១៣ ខែមីនា កន្លងទៅនេះ។
សមាជិកគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋយល់ព្រមផ្ដល់ថវិកាដើម្បីបន្ថែមការធ្វើតេស្តនិងព្យាបាលវីរុសកូរ៉ូណាថ្មី។
លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកថ្លែងថា៖ «យើងទើបតែអនុម័តច្បាប់មួយដែលមិនតម្រូវឲ្យពលរដ្ឋបង់ប្រាក់ធ្វើតេស្តរកវីរុសកូរ៉ូណាទេ»។
លោក Bernie Sanders បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនិយាយថា៖ «មិនពិតទេ។ រឿងនេះ មិនពិតទេ។ ច្បាប់នោះមានចន្លោះប្រហោងច្រើនណាស់»។
ចិនបានប្រកាសអំពីការវិវត្តក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ដែលមានប្រភពមកពីប្រទេសចិន។ បេក្ខជនឈរឈ្មោះប្រធានាធិបតីទាំងពីរនាក់ស្នើឲ្យសហរដ្ឋអាមេរិកដើរតួដឹកនាំចាត់វិធានការរឿងនេះលើឆាកអន្តរជាតិ។
លោក Joe Biden មានប្រសាសន៍ថា៖ «យើងត្រូវមានផែនការរួមគ្នាមួយ។ គ្រប់ប្រទេសទាំងអស់រងផលប៉ះពាល់ដូចគ្នាដោយសារវីរុសកូរ៉ូណាថ្មីនេះ អាស្រ័យលើចំនួនអ្នកឆ្លងច្រើនប៉ុណ្ណា។ ដូច្នេះយើងចង់ឲ្យមានភាពជាអ្នកដឹកនាំកម្រិតពិភពលោក ភាពជាអ្នកដឹកនាំកម្រិតអន្តរជាតិ»។
លោក Biden បានសន្យាថាជ្រើសរើសយកស្ត្រីម្នាក់ធ្វើជាបេក្ខជនអនុប្រធានាធិបតីឈរឈ្មោះជាមួយលោក។ រីឯលោក Sanders ត្រូវបានគេសាកសួរថាតើលោកនឹងជ្រើសរើសអ្នកឈរឈ្មោះជាមួយបេក្ខជនអនុប្រធានាធិបតីជាស្ត្រីដែរឬយ៉ាងណា។
លោក Sanders និយាយថា៖ «ខ្ញុំទំនងជានឹងរើសដៃគូឈរឈ្មោះជាស្ត្រីដែរ»។
ការប្រកួតប្រជែងគ្នាយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកប្រព្រឹត្តទៅ ខណៈដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតសាកល៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា