ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនប្រេសិតពិសេសម្នាក់ទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីជំនួបកំពូលលើកទីបីរវាងមេដឹកនាំនៃប្រទេសទាំងពីរនេះ។
អ្នកនាំពាក្យម្នាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថាប្រសិតម្នាក់ដែលគេមិនទាន់ប្រាប់ឈ្មោះនឹងធ្វើដំណើរទៅកាន់ក្រុងព្យុងយ៉ាង នៅថ្ងៃពុធ។
អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបាននិយាយថា «ប្រសិតពិសេសនេះនឹងពិភាក្សាអំពីបញ្ហាមួយចំនួនដោយមានរួមបញ្ចូលថ្ងៃខែ ជាក់លាក់សម្រាប់ជំនួបកំពូលរវាងពួកមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង, ការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង, ការធ្វើកុំឱ្យមានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងការធ្វើឱ្យមានសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េផងដែរ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានយល់ស្របគ្នានៅក្នុងជំនួបកំពូលរបស់អស់លោកនៅឯ Panmunjom ថា លោក Moon នឹងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងក្រុងព្យុងយ៉ាង នៅចុងឆ្នាំនេះ។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា កូរ៉េខាងត្បូងបានស្នើបញ្ជូនប្រេសិតពិសេសនៅព្រឹកថ្ងៃសុក្រនេះ ហើយកូរ៉េខាងជើងបានយល់ព្រមតាមសេចក្តីស្នើនេះដោយទូរលេខនៅរសៀលថ្ងៃសុក្រនេះដែរ៕