នាយកប្រតិបត្តិក្រុមហ៊ុន Eskom លោក Andre de Ruyter បាន «តម្រូវឲ្យចាកចេញ» ពីការងាររបស់លោក «ជាបន្ទាន់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ។
លោក De Ruyter បានដាក់ពាក្យសុំលាឈប់កាលពីចុងឆ្នាំមុន ដោយនិយាយថា លោកមិនអាចជួយស្រោចស្រង់ក្រុមហ៊ុនដែលជាប់ក្នុងអំពើពុករលួយនេះបាននោះទេ។ ភ្លាមៗបន្ទាប់មក លោកបានលើកឡើងថា មានការប៉ុនប៉ងបំពុលសម្លាប់រូបលោក។
ប៉ុន្តែលោកមានគម្រោងពីដំបូងថានឹងបន្តកាន់តំណែងនេះរហូតដល់ចុងខែមីនា ហើយអ្នកជំនួសរូបលោកមិនទាន់ត្រូវបានរកឃើញនោះទេ។
ព័ត៌មាននៃការចាកចេញពីតំណែងមុនពេលកំណត់របស់លោក de Ruyter កើតឡើងភ្លាមៗបន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ បើកទម្លាយមួយនៅប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកនាសប្តាហ៍នេះ ដោយចោទប្រកាន់មន្រ្តីជាន់ខ្ពស់ពីការដឹងឮនិងទទួលយកអំពើពុករលួយ។
អ្នកនាំពាក្យក្រុមហ៊ុន Eskom លោក Sikonathi Mantshantsha និយាយថា គណៈគ្រប់គ្រងក្រុមហ៊ុនបានធ្វើកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ ហើយមានការព្រមព្រៀមជាទូទៅលើការពង្រួញពេលវេលា ចំពោះការលាឈប់របស់លោក de Ruyter។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «បន្តមកទៀតគណៈគ្រប់គ្រងបានសម្រេចថា លោក de Ruyter នឹងមិនតម្រូវឲ្យបំពេញតាមកាតព្វកិច្ច នៅក្នុងពាក្យសុំឈប់របស់លោកនោះទេ ហើយលោកនឹងត្រូវតម្រូវឲ្យចាកចេញពីតំណែងជាបន្ទាន់»។
កាលពីដើមខែកុម្ភៈកន្លងទៅ ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានប្រកាសពីគ្រោះមហន្តរាយថ្នាក់ជាតិមួយ ដោយសារតែវិបត្តិដាច់ចរន្តអគ្គិសនីនេះ។
ការកាត់ផ្តាច់ចរន្តអគ្គិសនី ដែលគេស្គាល់ថាជា «loadshedding» នោះ គឺដើម្បីកាត់បន្ថយសម្ពាធលើបណ្តាញផ្គត់ផ្គង់ដែលកំពុងរងការប្រើប្រាស់ច្រើនជ្រុល ស្របពេលស្ថានីយថាមពលដើរដោយធ្យូងមួយចំនួន ដែលមានសភាពចាស់ទ្រុឌទ្រោម និងមិនមានការថែទាំបានល្អនោះ បានប្រឈមនឹងការខូចខាតជាប្រចាំ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសអាហ្វ្រិកខាងត្បូងលោក Enoch Godongwana បានថ្លែងសុន្ទរកថាស្តីពីកញ្ចប់ថវិកាកាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈកន្លងទៅថា ការដាច់ចរន្តអគ្គិសនីដែលពេលខ្លះមានរហូតដល់១២ម៉ោងក្នុងមួយថ្ងៃនោះ បានប៉ះពាល់សេដ្ឋកិច្ចអាហ្រ្វិកខាងត្បូង ដែលមានវិស័យឧស្សាហកម្មជឿនលឿនជាងគេនៅអាហ្វ្រិក។
បន្ទាប់មក លោកក៏បានប្រកាសពីការជួយសង្រ្គោះដ៏ធំមួយដល់ក្រុមហ៊ុននេះ ដែលកំពុងស្ថិតក្នុងបំណុលចំនួន ២៣ពាន់លានដុល្លារអាមេរិកនោះ។
លោក Godongwana ថ្លែងដូច្នេះថា៖ «កង្វះការផ្គត់ផ្គង់អគ្គិសនីដ៏គួឱ្យទុកចិត្តបាន គឺជាឧបសគ្គរេរាំងដ៏ធំបង្អស់មួយលើផ្នែកសេដ្ឋកិច្ច។ ការកាត់ផ្តាច់ចរន្តអគ្គិសនីយូរបំផុត ដែលមិនធ្លាប់ក្នុងពេលកន្លងមក បានកើតឡើងកាលពីឆ្នាំ ២០២២។ គេប្រាប់ខ្ញុំថា មានការដាច់ចរន្តអគ្គិសនីចំនួនប្រមាណ ២០៧ថ្ងៃ»។
លោក Lumkile Mondi សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Witwatersrand ក្នុងក្រុង Johannesburg បានប្រាប់វីអូអេថា ជំនួយសង្រ្គោះបំណុល គឺជាជំហានល្អមួយពីសំណាក់រដ្ឋាភិបាល។
លោកថ្លែងដូចនេះថា៖ «ការដាក់បំណុលចូលនៅក្នុងបញ្ជីតុល្យភាពជាតិ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Eskom ប្រើប្រាស់ថវិកាដោយវៃឆ្លាត ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីបញ្ជូនចរន្តអគ្គិសនី ស្របពេលមានថវិកាដើម្បីទ្រទ្រង់ស្ថានីយថាមពលដើរដោយធ្យូងមួយចំនួននោះ។ ដូច្នេះសរុបមក ខ្ញុំគិតថា នេះជារឿងវិជ្ជមាន»។
អ្នកវិភាគឯករាជ្យលោកស្រី Asanda Ngoasheng បានកត់សម្គាល់ថា វិបត្តិនាពេលបច្ចុប្បន្នកើតចេញពីកត្តាជាច្រើន។ អំឡុងពេលសម័យកាលនៃការប្រកាន់ពូជសាសន៍ ពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលភាគច្រើនជាជនស្បែកសនោះ មានអគ្គិសនីប្រើប្រាស់ ដូច្នេះនៅពេលអាហ្រ្វិកខាងត្បូងបានផ្លាស់មកប្រកាន់យកលទ្ធិប្រជាធិបតេយ្យវិញ រដ្ឋាភិបាលថ្មីត្រូវតែផ្តល់អគ្គិសនីដល់ប្រជាពលរដ្ឋទាំងអស់។
លោកស្រីបន្ថែមថា៖ «និយាយរួមគឺជាការគួបផ្សំគ្នានៃហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម ដែលមិនទទួលបានការថែទាំល្អ ជាហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបម្រើដល់មនុស្សច្រើនជាងមុន បើប្រៀបនឹងពេលមុន ហើយរូមផ្សំនឹងអំពើពុករលួយផងនោះ ដែលធ្វើឲ្យអ្វីៗកាន់តែអាក្រក់ជាងមុនថែមទៀត»។
លោក De Ruyter គឺជានាយកប្រតិបត្តិទី១៣ របស់ក្រុមហ៊ុន Eskom ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ។ ក្រុមហ៊ុននេះនិយាយថា ខ្លួនកំពុងស្វែងរកអ្នកជំនួសរូបលោក De Ruyter ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា