ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ថា និស្សិត​បញ្ចក់​ការ​សិក្សា​នៅ​អាហ្វ្រិក​ខាង​ត្បូង​ជាង​ពាក់​កណ្តាល​ពិចារណា​ធ្វើ​ចំណាក​ស្រុក


រូបឯកសារ៖ អ្នក​ស្វែងរកការងារ​រង់ចាំ​រថយន្ដ​ក្រុង​នៅ​តាម​ដង​ផ្លូវ​មួយ​នៅ​ក្រុង Eikenhof ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ទីក្រុង​ Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ អ្នក​ស្វែងរកការងារ​រង់ចាំ​រថយន្ដ​ក្រុង​នៅ​តាម​ដង​ផ្លូវ​មួយ​នៅ​ក្រុង Eikenhof ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ទីក្រុង​ Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២។

ការ​ស្ទង់​មតិ​មួយ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បង្ហាញ​ថា និស្សិត​បញ្ចប់​ការ​សិក្សា​ជាង​ពាក់​កណ្តាល​កំពុង​ពិចារណា​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ផ្សេង​ដោយសារ​តែ​មាន​ឱកាស​តិចតួច​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​មូលនិធិ​ស្រាវជ្រាវ​សង្គម (Social Research Foundation) ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អង្គការ​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​ថ្មី​មួយ។

លោក Frans Cronje ដែល​ជា​ប្រធាន​អង្គការ​នេះ បាន​ច្រាន​ចោល​ការ​រិះគន់​តាម​បណ្តាញ​សង្គម​អនឡាញ​ដែល​ថា អង្គការ​នេះ​ទទួល​បាន​មូលនិធិ​ពី​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ (Democratic Alliance Party) ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

លោក Cronje បាន​ថ្លែង​ថា អ្នក​ស្រាវជ្រាវ​ទទួល​បាន​មូលនិធិ​ឯកជន និង​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​អង្គការ​ណា​មួយ​នោះ​ទេ។

លោក​ថា អ្នក​ធ្វើ​ការ​ស្ទង់​មតិ​របស់​លោក​បាន​ស្ទង់​មតិ​ពី​មនុស្ស​ជាង ៣.០០០ នាក់។

លោក Cronje បាន​និយាយ​ដូច្នេះ​ថា៖ «ទាក់ទិន​នឹង​សំណួរ​រឿង​ធ្វើ​ចំណាក​ស្រុក អ្វី​ដែល​គេ​រក​ឃើញ​គឺ​ថា មនុស្ស​ពេញ​វ័យ​ប្រមាណ ២៥% នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កំពុង​ពិចារណា​ធ្វើ​ចំណាក​ស្រុក ហើយ​ចំនួន​នេះ​កើន​ឡើង​ខ្លាំង​នៅ​ពេល​ដែល​យើង​និយាយ​អំពី​អ្នក​ដែល​មាន​ជំនាញ​ខ្ពស់។ ដូច្នេះ​ចំនួន​និស្សិត​បញ្ចក់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​មាន​ចំនួន​ប្រមាណ ៥០% នៅ​ក្នុង​ចំណោម​នោះ ហើយ​ពួកគេ​ក៏​ជា​អ្នក​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ផងដែរ»។

លោក Cronje ថា តួលេខ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ត្រូវ​គ្នា​នឹង​ការ​ស្រាវជ្រាវ​ពី​មតិ​សាធារណៈ​ផ្សេង​ទៀត​ដែល​មូលនិធិ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ។

លោក Cronje បាន​បញ្ជាក់​ថា៖ «ការ​ស្ទង់មតិ​នេះ​គឺ​ត្រូវ​គ្នា​ខ្លាំង​នឹង​មតិ​សាធារណៈ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​បាន​បង្ហាញ​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​លំបាក​ផ្នែក​សេដ្ឋកិច្ច​និង​ទស្សនវិស័យ​មិន​ច្បាស់លាស់​ដែល​កំពុង​កើន​ឡើង​នៃ​អនាគត​នយោបាយ​នៅ​ក្នុង​ប្រទេស កម្រិត​នៃ​ការ​បារម្ភ​អំពី​អនាគត​រយៈពេល​វែង​បាន​ធ្វើ​ឱ្យ​អត្រា​នេះ​កើន​ឡើង​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​មក​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​លើ​បញ្ហា​នេះ»។

លោក Joshua Jacobs កំពុង​ស្វែងរក​ការងារ​ចាប់តាំង​ពី​ពេល​លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​កាលពី​ឆ្នាំ​មុន​មក។ លោក​កំពុង​ពិចារណា​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​វៀតណាម ឬ​កូរ៉េ​ខាង​ត្បូង​ដើម្បី​បង្រៀន​ភាសា​អង់គ្លេស បើ​ទោះបីជា​វា​មិន​មែន​ជា​អ្វី​ដែល​លោក​បាន​សិក្សា​ក៏ដោយ។

លោក Jacobs បាន​ថ្លែង​ថា៖ «វា​ជា​រឿង​គួរ​ឱ្យ​បារម្ភ​នៅ​ពេល​នេះ។ ឱកាស​នៅ​ទីនេះ​ដូចជា​មិន​មាន​ទេ។ ខ្ញុំ​មាន​មិត្តភក្តិ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ចំណាក​ស្រុក ហើយ​បើ​ផ្អែក​តាម​អ្វី​ដែល​ពួកគេ​បាន​ឆ្លងកាត់ ឱកាស​នៅ​ទីនោះ​ហាក់​ដូចជា​មាន​ច្រើន​ជាង​នៅ​ទីនេះ»។

លោក Jacobs ថា លោក​បាន​សិក្សា​អស់​រយៈពេល ៣ ឆ្នាំ និង​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ទទួល​បាន​សញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​កាលពី​ឆ្នាំ​មុន។

លោក Jacobs បាន​លើកឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​ការងារ​ទាក់ទង​នឹង​ជំនាញ​របស់​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​មិន​មាន​សំណាង​នោះ​ទេ។ វា​ជា​ស្ថានភាព​ចម្លែក​ដែល​ខ្ញុំ​ជួប​ប្រទះ។ ដោយសារតែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ការ​សិក្សា​របស់​ខ្ញុំ ទីផ្សារ​ការងារ​ទាក់ទង​នឹង​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ប៉ុន្តែ​ឥឡូវ​នេះ​វា​ហាក់​ដូចជា​មិន​មាន​ឱកាស​ដូច​ពេល​នោះ​ទេ។ សម្រាប់​ឱកាស​ដែល​មាន​នៅ​ពេល​នេះ ប្រាក់​ខែ​មាន​ចំនួន​តិច​ជាង​មុន ហើយ​បទពិសោធន៍​ដែល​ត្រូវការ​គឺ​ច្រើន​ជាង​មុន»។

លោក Bonang Mohale ប្រធាន​មជ្ឈមណ្ឌល Business Unity South Africa បាន​ថ្លែង​ថា វា​ជា​រឿង​ដ៏​គួរ​ឱ្យ​សោកស្តាយ​ណាស់​នៅ​ពេល​ដែល​ប្រទេស​មួយ​មិន​អាច​ចាប់​យក​ធនធាន​មនុស្ស​ដែល​ខ្លួន​បាន​វិនិយោគ​យ៉ាង​ច្រើន​សម្រាប់​ពេល​អនាគត។

លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ​និស្សិត​បញ្ចប់​ការ​សិក្សា​ចាកចេញ​ពី​ប្រទេស​ក្នុង​ចំនួន​ដ៏​ច្រើន​នោះ?

លោក Mohale បាន​បញ្ជាក់​ដូច្នេះ​ថា៖ «សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​រួច​ទៅ​ហើយ។ វា​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែម​ទៀត»។

អង្គការ​មូលនិធិ​ស្រាវជ្រាវ​សង្គម​ដែល​បាន​ធ្វើ​ការ​ស្ទង់មតិ​លើ​រឿង​នេះ មាន​គម្រោង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត​ទៀត​អំពី​រឿង​នេះ៕

XS
SM
MD
LG