ជនជាតិស៊ីមបាវ៉េរាប់ពាន់នាក់ដែលរត់គេចពីវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសពួកគេ កំពុងតែរងការប្រព្រឹត្តមិនគប្បីនៅកសិដ្ឋានប៉ែកខាងជើងប្រទេសអាហ្វ្រិកខាងត្បូង។
លោក Thembani Ndlovu ដែលមានសញ្ជាតិស៊ីមបាវ៉េ បានធ្វើការនៅក្នុងកសិដ្ឋានJohannesburg ក្នុងខេត្ត Limpopo ប៉ែកខាងជើងប្រទេសអាហ្វ្រិកខាងត្បូងអស់រយៈពេល៨ឆ្នាំមកហើយ។ លោកពណ៌នាការងារលោកនៅកសិដ្ឋាន ថាជាការងារដែលលំបាកខ្លាំងណាស់។
លោកធ្វើការមួយថ្ងៃ១៨ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ ប៉ុន្តែលោកទទួលបានប្រាក់ឈ្នួលតែ១២០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ចំនួននេះ គឺ៥០ភាគរយក្រោមប្រាក់ខែចំនួន២៤០ដុល្លារដែលជាប្រាក់បៀវត្សរ៍ចែងក្នុងច្បាប់សម្រាប់កម្មករនៅកសិដ្ឋាន។
លោក និងជនជាតិស៊ីមបាវ៉េដទៃទៀត កំពុងស្នាក់នៅមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបណ្តោះអាសន្ននៅខេត្ត Limpopo បន្ទាប់ពីពួកគេរងការវាយតប់យ៉ាងដំណំពីថៅកែរបស់ពួកគេ ដោយមានជំនួយពីម្ចាស់កសិដ្ឋានដទៃទៀត ព្រោះតែការទាមទារប្រាក់ឈ្នួលបន្ថែមចំនួន០,៥៩ដុល្លារក្នុងមួយថ្ងៃ សម្រាប់ការធ្វើលើសម៉ោងរាល់ម៉ោងលើសក្នុងការងារ។
លោក Ndlovu និយាយថា នៅថ្ងៃដែលពួកគេត្រូវបានបណ្តេញចេញពីកសិដ្ឋាន ថៅកែរបស់ពួកគេ បានរួមដៃជាមួយម្ចាស់កសិដ្ឋាននៅក្បែរនោះ ព្រលែងឆ្កែ បាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រទៅលើពួកគេ។ លោករៀបរាប់ដោយកំហឹងថា សូម្បីតែសត្វក៏ទទួលបានការអាណិតអាសូរច្រើនជាងអ្វីដែលពួកគេទទួលបានពីថៅកែដែរ។
«ពួកយើងទាំងអស់គ្នាសុទ្ធតែជាមនុស្សដូចគ្នា។ ពួកយើងជាជនជាតិអាហ្រ្វិក។ ពួកគេមិនអាចចាត់ទុកពួកយើងដូចជាសត្វបានទេ។ ទោះបីជាជនជាតិស្បែកស ក៏ពួកគេ ត្រូវបានគេប្រាប់ថា ពួកយើងជាមនុស្ស ហើយពួកយើងត្រូវការសិទ្ធិស្មើគ្នា»។
ប្រធានកម្មវិធីអង្គការ Solidarity Center លោក Peter Hardie ចង់ឲ្យរដ្ឋាភិបាលបញ្ឈប់ការជិះជាន់នេះជាបន្ទាន់។ លោកបានអំពាវនាវឲ្យក្រសួងការងារនៃប្រទេសអាហ្វ្រិកខាងត្បូងរៀបចំការការពារកម្មករចំណាកស្រុកដែលគ្មានឯកសារ និងធានាថា ម្ចាស់កសិដ្ឋានផ្តល់ប្រាក់ឈ្នួលដែលកំណត់តាមច្បាប់។
លោកបានមានប្រសាសន៏ថា «ច្បាប់គឺមានស្រាប់ហើយ។ ឧបសគ្គធំបំផុតជុំវិញបញ្ហានេះ គឺកង្វះសមត្ថភាពក្នុងការអនុវត្តអ្វីដែលបានចែងទុកក្នុងសៀវភៅ»។
លោកស្រី Janet Munakamwe ពីបណ្តាញការងារ African Diaspora Workers Network និយាយថា អង្គការជនចំណាកស្រុក ចង់ឲ្យរដ្ឋាភិបាលធ្វើការដោះស្រាយជាមួយនឹងម្ចាស់កសិដ្ឋាននៅក្រុង Johannesberg ដើម្បីបញ្ឈប់ការរំលោភបំពាននេះជាបន្ទាន់។
«សិទ្ធិសង្គម និងសេដ្ឋកិច្ចរបស់កម្មករត្រូវបានជិះជាន់ ហើយពួកគេត្រូវបានគេចាត់ទុកដូចជាទាសករ។ តាមការពិតថៅកែបានដកហូតទុកឯកសារដើម្បីជាការឃុំឃាំង។ លើកនេះ ពួកយើងនឹងមិនឲ្យម្ចាស់កសិដ្ឋាននោះរត់រួចទេ ដោយពួកយើងបានស៊ើបអំពីទង្វើទាំងឡាយរបស់ម្ចាស់កសិដ្ឋានពាណិជ្ជកម្មទាំងនោះ»។
អាហ្រ្វិកខាងត្បូងជាជម្រើសដំបូងសម្រាប់ជនចំណាកស្រុកជនជាតិអាហ្វ្រិករាប់ពាន់នាក់ ដែលពួកគេភៀសខ្លួនពីសង្គ្រាម និងវិបត្តិសេដ្ឋកិច្ចនៅមាតុភូមិរបស់ពួកគេ។
អង្គការសិទ្ធិមនុស្សឲ្យដឹងថា នឹងអាចមានជនចំណាកស្រុកកាន់តែច្រើនទៀត ដោយសារគ្រោះរាំងស្ងួត និងការធ្លាក់ចុះកាន់តែខ្លាំងក្នុងវិស័យសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក៕
ប្រែសម្រួលដោយ វិញ សុជាតា