ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស AstraZeneca


វ៉ាក់សាំង AstraZeneca សម្រាប់​ចាក់​បង្ការ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ត្រៀម​រួច​ជាស្រេច​សម្រាប់​ចាក់​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
វ៉ាក់សាំង AstraZeneca សម្រាប់​ចាក់​បង្ការ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ត្រៀម​រួច​ជាស្រេច​សម្រាប់​ចាក់​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ផ្អាក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា​ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន AstraZeneca មាន​ប្រសិទ្ធភាព​តិច​ក្នុង​ការ​ប្រឆាំង​វីរុស​កូរ៉ូណា​ទម្រង់​ថ្មី​ ដែល​គេ​បាន​រក​ឃើញ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នេះ។​

អង្គការ​សុខភាព​ពិភព​លោក​នឹង​បើក​កិច្ច​ប្រជុំ​ដើម្បី​ពិភាក្សាអំពី​ស្ថានភាព​វិវត្តន៍ចុង​ក្រោយ​នៃ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។​

ការ​សិក្សាស្រាវ​ជ្រាវ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​សាកលវិទ្យាល័យ​ Witwatersrand ក្នុង​ទី​ក្រុង​ Johannesburg ហើយ​ដែល​មិន​ទាន់​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ស្ថាប័ន​ជំនាញ​ដូច​គ្នា​នោះ​ បាន​សន្និដ្ឋាន​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​របស់​ប្រទេស​អង់គ្លេស​នេះ​ អាច​ផ្តល់​ការ​ការពារ​ «​បាន​តែ​ក្នុង​កម្រិត​មួយ​តែ​ប៉ុណ្ណោះ​ ក្នុង​ការ​ប្រឆាំង​នឹង​វីរុសកូរ៉ូណា​ទម្រង់​ថ្មី ​ដែល​ទើប​ត្រូវ​បាន​រក​ឃើញនៅ​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​។ ​

ការ​រក​ឃើញ​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់យ៉ាង​ខ្លាំង​ដល់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណាប្រមាណ​ជាង ៤៦.០០០ នាក់​។ ​ប្រទេស​នេះ​ មាន​គម្រោង​ថា នឹង​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩​ ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន AstraZeneca ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន​ ចំនួន​១​លាន​ដូស​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ប៉ុន្តែ​នៅ​ពេល​នេះ​ លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​នេះ​បង្ហាញ​ថា​ វ៉ាក់សំាង​បង្ការជំងឺ​កូវីដ​១៩​ ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ឱសថ​របស់​ប្រទេស​អង់​គ្លេស​មួយ​នេះ​ មាន​ប្រសិទ្ធភាព​ត្រឹម​តែ​២២​ភាគ​រយ​តែ​ប៉ុណ្ណោះ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​វីរុស​កូរ៉ូណាទម្រង់​ថ្មី​ នៅ​អាហ្វ្រិក​ខាង​ត្បូង​នោះ។ ​

ការ​សិក្សា​នេះ​មិន​បាន​ពិនិត្យ​ទៅ​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ប្រឆាំង​នឹង​ករណី​ជំងឺក្នុង​ស្ថានភាពធ្ងន់ធ្ងរ​នោះ​ទេ។​ វីរុស​កូរ៉ូណា​ទម្រង់​ថ្មី​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ប្រទេសផ្សេងៗ​ទៀត យ៉ាង​ហោច​ណាស់​ចំនួន​៣២​ប្រទេស ដែល​ក្នុង​នោះ​ក៏រួម​មានទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ ​

ក្រុមហ៊ុន​ឱសថAstraZeneca បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​កំពុង​ផលិត​វ៉ាក់សាំង​បង្ការ​មួយ​ប្រភេទ​ថ្មី​ទៀត​ ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​វ៉ាក់សាំង​បច្ចុប្បន្ន​របស់​ខ្លួន ក្នុង​ការបង្ការ​វីរុស​កូរ៉ូណា​ទម្រង់​ថ្មីនៅ​អាហ្វ្រិក​ខាង​ត្បូង​នោះ។ គេ​រំពឹង​ថា វ៉ាក់សាំង​ប្រភេទ​ថ្មី​នេះ​នឹង​ចេញ​ជា​រូប​រាង​ នៅរដូវ​ស្លឹកឈើ​ជ្រុះ​នា​ពេល​ខាង​មុខ​នេះ៕​

XS
SM
MD
LG