ប្រជាពលរដ្ឋរាប់លាននាក់បានចេញទៅបោះឆ្នោតនៅទូទាំងប្រទេស នាថ្ងៃអាទិត្យនេះ ដោយលើកឡើងអំពីសារៈសំខាន់នៃការបោះឆ្នោត ខណៈអ្នកខ្លះបង្ហាញភាពសោកស្តាយដែលមិនមានវត្តមានគណបក្សជំទាស់ដ៏មានសក្តានុពល គឺគណបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សំរិទ្ធ សុភា អាយុ ៤៤ ឆ្នាំ ដែលបោះឆ្នោតនៅមណ្ឌលក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា ប្រាប់វីអូអេថា អវត្តមានគណបក្សជំទាស់ដ៏មានសក្ដានុពលមួយ គឺគណបក្សភ្លើងទៀនបានបង្ហាញពី «ភាពលម្អៀង» មួយ ក្នុងដំណើរការបោះឆ្នោត ដែលគេរំពឹងថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះភ្លូកទឹកភ្លូកដី។
លោកប្រាប់វីអូអេថា៖ «ចំពោះបញ្ហានៃការបោះឆ្នោតនេះ ខ្ញុំគិតថា វាមានភាពលម្អៀងដែលអ្នកឈរឈ្មោះបោះឆ្នោត ដូចថាគាត់មានសិទ្ធិឈរឈ្មោះ [ក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០២២] តែគ្មានក្នុងបញ្ជីបោះឆ្នោតអ៊ីចឹង»។
ទោះជាយ៉ាងណា លោកបានចេញបោះឆ្នោត ដោយសង្ឈឹមថា រដ្ឋាភិបាលអាណត្តិថ្មីនឹងយកចិត្តទុកដាក់បន្ថែមក្នុងការអភិវឌ្ឍប្រទេស និងជួយកាត់បន្ថយភាពក្រីក្រក្នុងប្រទេស។
ចំណែក លោក គង់ នរិន្ទ អាយុ ២៤ ឆ្នាំ ជាស្ថាបត្យករម្នាក់ធ្វើការនៅក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ ហើយលោកទើបបានចូលរួមការបោះឆ្នោតលើកដំបូង។ លោកប្រាប់វីអូអេថា មូលហេតុដែលលោកចូលរួមបោះឆ្នោត ដោយសារវាគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ក្នុងសង្គមប្រជាធិបតេយ្យ ហើយលោកមើលឃើញសារៈសំខាន់នៃការបោះឆ្នោតមួយនេះ។
នៅពេលសួរអំពីអវត្តមានគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោត លោកស្ទាក់ស្ទើរក្នុងការបញ្ចេញមតិ ប៉ុន្ដែលោកចង់ឃើញការប្រកួតពុហបក្សតាមបែបប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «យើងមានការប្រឆាំងឬមតិហ្នឹងខុសគ្នាក៏ដោយ អាហ្នឹងវាជាចំណុចល្អមួយក្នុងសង្គមប្រជាធិបតេយ្យយើង គឺដើម្បីធ្វើយ៉ាងម៉េចឱ្យគំនិតមួយៗស្របគ្នា ទៅនិយាយគ្នាហើយមានឱកាសដូចគ្នាក្នុងការបោះឆ្នោត និងការចូលរួមកាន់អំណាច»។
ស្ថាបត្យករវ័យក្មេងរូបនេះចង់ឃើញគណបក្សដែលជាប់ឆ្នោតពង្រីកបន្ថែមលើផ្នែកហេដ្ឋានរចនាសម័្ពន្ធ ដោយលោកឃើញពីភាពខ្វះខាតផ្លូវថ្នល់នៅតាមបណ្ដាខេត្តមួយចំនួន។
លោក សុខ នី អាយុ៤៧ឆ្នាំ ដែលបានចូលរួមបោះឆ្នោតកាលពីព្រឹកថ្ងៃអាទិត្យ ចង់ឱ្យរដ្ឋាភិបាលរៀបចំជីវភាពប្រជាជនឱ្យកាន់តែប្រសើរ។ ខណៈពេលដែលដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយមិនមានវត្តមានគណបក្សភ្លើងទៀន លោកយល់ថាវាមិនល្អនោះឡើយ។
លោកថ្លែងថា៖ «បើតាមខ្ញុំមើលឃើញ បើមានគណបក្សម្ខាងទៀតចូលរួមជាមួយយើង ក៏វាមិនថ្វីដែរ វាក៏ល្អប្រសើរដែរ។ ស៊ីសងលើប្រជាជនទេ។ គេស្រឡាញ់ គេរាប់អានគេទុកចិត្តយើង គេបោះជូនយើងហើយ។ ធម្មតាទេយើងជួយជ្រោមជ្រែងប្រជារាស្រ្ដក្នុងជីវភាពប្រចាំថ្ងៃល្អប្រសើរ អាហ្នឹងគេបោះឱ្យយើងហើយ»។
សកម្មជនម្នាក់របស់គណបក្សភ្លើងទៀន លោក ស្រូយ ឆេង ដែលបោះឆ្នោតនៅមណ្ឌលអនុវិទ្យាល័យតាលន់ ស្រុកស្អាង ខេត្តកណ្ដាល បានសម្ដែងការមិនពេញចំពោះអវត្តមានគណបក្សជំទាស់។ លោកប្រាប់វីអូអេថា មូលហេតុដែលលោកសម្រេចចិត្តចូលរួមបោះឆ្នោត គឺដោយសារលោកបារម្ភថាលោកមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាអាណត្តិក្រោយ បើសិនជាលោកមិនចេញបោះឆ្នោតអាណត្តិនេះ។
លោកបន្ថែមថា លោកក៏ព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ ដែលអាចនឹងរងការគំរាមកំហែងណាមួយពីអាជ្ញាធរក្នុងភូមិ ប្រសិនបើលោកមិនទៅបោះឆ្នោត។
លោក ស្រូយ ឆេង ថ្លែងថា៖ «ខ្ញុំយល់ឃើញថា យើងមិនមកបោះឆ្នោតខ្លាចគេគំរាមកំហែងប្រពន្ធកូន កូននៅរៀននៅអីទៀត ខ្លាចគេធ្វើបាប ធ្វើទុក្ខបុកម្នេញយើង»។
សកម្មជនគណបក្សភ្លើងទៀនរូបនេះ ថ្លែងបន្តថា ដំណើរការបោះឆ្នោតមានភាពសោះកក្រោះ ដោយហេតុថា មិនមានគូប្រកួតប្រជែងខ្លាំងក្លានឹងគណបក្សកាន់អំណាច។
ចំណែកអ្នកស្រី គៀន ឡៃស៊ី អាយុ២៣ឆ្នាំ ពលរដ្ឋម្នាក់ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ប្រាប់វីអូអេថា នេះជាលើកទី ១ ហើយដែលអ្នកស្រីបោះឆ្នោត។ អ្នកស្រីបន្ថែមថា អ្នកស្រីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ក្នុងនាមជាពលរដ្ឋមួយរូប ដោយមិនមានការបង្ខិតបង្ខំពីអ្នកណាឡើយ។
អ្នកស្រីថ្លែងថា៖ «អ្វីដែលយើងចង់បានសំខាន់ គឺសុខសន្តិភាព ជាពិសេសគឺកុំឱ្យមាន អានាធិបតេយ្យច្រើនពាក់ព័ន្ធជាមួយនឹងជនឆបោក ហើយច្បាប់ គឺត្រូវតែដែលមានឈ្មោះជាច្បាប់គឺត្រូវតែគោរពទៅតាមច្បាប់។ មិនមែនមានច្បាប់ ប៉ុន្តែអត់មានការគោរពទេ»។
នៅពេលសួរអំពីការបោះឆ្នោតមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំមួយ អ្នកស្រីយល់ឃើញថា សម្រាប់ការបោះឆ្នោតមួយនេះ មិនមានគណបក្សណាដែលមានប្រៀបដូចនឹងគណបក្សកាន់អំណាចឡើយ បើទោះបីមានគណបក្សចំនួន ១៧ ទៀតចូលរួមក៏ដោយ។
កាលពីការបោះឆ្នោតជាតិអាណត្តិមុន ក្នុងឆ្នាំ ២០១៨ ដែលអវត្តមានគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជាបានឈ្នះទាំង ១២៥ អាសនៈ ហើយគ្រប់គ្រងរដ្ឋសភាដោយឯកបក្ស។ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ គេរំពឹងថា គណបក្សប្រជាជនកម្ពុជាអាចនឹងឈ្នះទាំង ១២៥ អាសនៈនៅរដ្ឋសភា ហើយបន្តដឹកនាំរដ្ឋសភាដោយឯកបក្សមួយអាណត្តិទៀត៕