មន្ត្រីសហជីព និងកម្មកររោងចក្រ R.G Footwearមួយចំនួន នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានមតិចម្រុះ ជុំវិញការផ្តល់សំណងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រសួងការងារទៅឱ្យកម្មករ បន្ទាប់ពីរោងចក្រនោះត្រូវភ្លើងឆេះរាបដល់ដីកាលពីសប្តាហ៍មុន។
កម្មករចំនួនជាង២០០០នាក់ បានបាត់ការងារ បន្ទាប់ពីគ្រោះអគ្គិភ័យនោះ។ ក្រុមហ៊ុនបានប្រកាសក្ស័យធន តែកម្មករមួយចំនួននៅមិនទាន់ជឿ ហើយស្នើឱ្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ផលប្រយោជន៍ ទាក់ទិនការទូទាត់សំណងប្រាក់ឈ្នួល និងប្រាក់អតីតភាពការងារ។ នេះបើតាមមន្ត្រីសហជីព និងកម្មករ។
អនុប្រធានសហជីពសេរីឯករាជ្យនៃរោងចក្រ R.G Footwear លោកជឹម សុភា អាយុ ៤២ឆ្នាំ ប្រាប់វីអូអេថា រោងចក្រពិតជាត្រូវបានឆេះពិតមែន ប៉ុន្តែលោកមិនយល់ស្របចំពោះការលើកឡើងរបស់រោងចក្រដែលប្រកាសថាក្ស័យធន ក្រោយឧប្បត្តិហេតុឆេះរោងចក្រនោះទេ។
លោកថ្លែងថា៖«ការប្រកាសក្ស័យធនគាត់អត់មានជម្រះបញ្ជីផ្លូវតុលាការទេ។ ទីពីរក្រុមហ៊ុនគាត់មានធានារ៉ាប់រង ហើយគាត់ប្រកាសថា ក្ស័យធនហ្នឹងគាត់អត់មានប្រកាសប្រាប់កម្មករថា ឥឡូវធានារ៉ាប់រងគេសងគាត់ប៉ុណ្ណេះ ហើយជម្រះបញ្ជីផ្លូវតុលាការគេជម្រះហើយម៉េច? ខាងក្រសួងផងដែរសូមលោកជួយពិនិត្យ ពិសេសឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារឡើងថ្មី ដែលមានប្រសាសន៍ ថាលោកយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករកម្មការនី។ មិនមែនចង់ទាមទារឱ្យរោងចក្រធ្វើអីខុសច្បាប់ទេ បើក្ស័យធនប្រាកដមែន ឱ្យប្រាកដថាមានអីជាអំណះអំណាងថាក្ស័យធនមែន»។
រោងចក្រ R.G Footwear ដែលជាអ្នកផលិតស្បែកជើងឱ្យក្រុមហ៊ុន Brunt Footwear របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Puma របស់អាល្លឺម៉ង់ ត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយសារមានការផ្ទុះម៉ូទ័រក្នុងរោងចក្រ ពេលកម្មករភាគច្រើនបានសម្រាកពីការងារ។ នេះបើតាមមន្ត្រីសហជីព។
អ្នកស្រីផែន ស្រីរ័ត្ន អាយុ៣៦ឆ្នាំ កម្មកានីរោងចក្រR.G Footwear មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បានទទួលយកសំណងពីការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រសួងការងារ ប៉ុន្តែអ្នកស្រី ស្នើឱ្យក្រសួងជួយផ្តល់ឱកាសការងារដល់អ្នកស្រី និងកម្មករផ្សេងទៀត នៅទីតាំងជិតកន្លែងដែលពួកគេស្នាក់នៅ។
អ្នកស្រីប្រាប់វីអូអេថា៖ «ការបើកប្រាក់ឈ្នួលហ្នឹង កម្មករទាំងអស់យល់ព្រមហើយបង គ្រាន់តែថា សុំឱ្យខាងក្រសួងឬមួយខាងរោងចក្រហ្នឹងជួយរកការងារឱ្យកម្មករនៅជិតរោងចក្រR.Gហ្នឹងធ្វើបង ព្រោះអីភាគច្រើនកម្មករនៅផ្ទះជួលជិតរោងចក្រR.Gទាំងអស់បង»។
ចំណែកឯអ្នកស្រី ឃីម ស្រីណាត អាយុ២៥ឆ្នាំ កម្មការនីរោងចក្រR.G ម្នាក់ទៀត ក៏បានទទួលយកការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រសួងការងារ បន្ទាប់ពីរោងចក្របានប្រកាសបិទដំណើរការក្រោយហេតុការណ៍ឆេះរោងចក្រនោះ។ ប៉ុន្តែអ្នកស្រីថា ក្រសួងក៏ត្រូវគិតគូរពីការផ្តល់ប្រាក់អត្ថប្រយោជន៍បន្ថែម ចំពោះកម្មការនីដែលកំពុងមានផ្ទៃពោះ។
អ្នកស្រីថ្លែងថា ៖«ខ្ញុំពោះធំបង! ខ្ញុំពោះធំ៧ខែហើយ។ ថ្ងៃ៣០ហ្នឹងបើកលុយធម្មតាម៉េច បើពោះធំយើងមិនអាចទៅធ្វើការណាផ្សេងទេ អ៊ីចឹងចង់ឱ្យគេបើកលុយឱ្យយើងខ្លះ»។
អ្នកនាំពាក្យក្រសួងការងារលោកកត្តា អ៊ន ប្រាប់វីអូអេថា ការប្រកាសក្ស័យធន ឬមិនមិនក្ស័យធនរបស់រោងចក្រR.Gគឺជាសិទ្ធិរបស់ម្ចាស់រោងចក្រ តែលោកថា មានតែតុលាការទេដែលជាអ្នកមានសម្រេចក្នុងការផ្តល់ភាពក្ស័យធន ឬមិនក្ស័យធន។ លោកថា កិច្ចការបន្ទាន់ដែលក្រសួងត្រូវដោះស្រាយគឺ ការគិតគូរផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតជាមុនសិន ស្របទៅតាមច្បាប់ការងាររបស់កម្មករ។
លោកថ្លែងថា៖ «ក្រសួងការងារយើង បានផ្ទៀងផ្ទាត់ជាមួយឯកសារផ្សេងៗរបស់រដ្ឋបាលរោងចក្រយើងឃើញថា កម្មករនិយោជិតបានធ្វើការងារក្នុងកិច្ចសន្យាមានថេរវេលាកំណត់។ អ៊ីចឹងយើងតាមច្បាប់ការងារចំពោះបងប្អូនធ្វើការងារតាមកិច្ចសន្យាថេរវេលាកំណត់ ត្រូវបានទទួល៣ប្រភេទ ទី១ប្រាក់ឈ្នួលដែលមិនទាន់បើក ចែងក្នុងមាត្រា១១៦ ទី២ ប្រាក់បំណាច់ទូទាត់ជួសជុលការសម្រាកប្រចាំឆ្នាំដែលនៅសល់ មាត្រា១៦៦ ១៦៧ ។ទី៣ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច៥%នៃប្រាក់ឈ្នូលដែលកម្មករបានបើកក្នុងរយៈពេលនៃកិច្ចសន្យា យោងតាមមាត្រា៧៣នៃច្បាប់ការងារ»។
លោកបន្ថែមថា ក្រសួងនឹងពិនិត្យមើលឯកសាររបស់កម្មករនិយោជិតបន្ថែមទៀត បើសិនបើពួកគេការធ្វើតាមកិច្ចសន្យាការងារមិនកំណត់ថេរវេលា ក្រសួងនឹងពិនិត្យមើលតាមការជាក់ស្តែងបន្តទៀតដោយផ្អែកលើឯកសារតម្កល់របស់រោងចក្រផ្ទាល់។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីភាគីខាងម្ចាស់រោងចក្រ R.G Footwear បាននៅឡើយទេ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ក្រសួងនឹងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដល់កម្មករនិយោជិតរោចក្រ អ.ជី ហ៊្វូតវែរ (R.G Footwear Cambodia Co., Ltd)នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ខាងមុខ។ នេះមានន័យថា មកដល់ពេលនេះកម្មករមិនទាន់ទទួលបានសំណងណាមួយឡើយពីម្ចាស់រោងចក្រដែលតាមមន្ត្រីសហជីពខ្លះថា មានសញ្ជាតិចិន។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែមីនានេះ ក្រសួងបានពន្យល់ថា កម្មករនិយោជិតនឹងអាចទទួលបានប្រាក់ឈ្នួល ៣ចំណុចរួមមាន ប្រាក់ឈ្នួលមិនទាន់បើកក្នុងខែចុងក្រោយ ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥%។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោកឃុន ថារ៉ូ យល់ថា ការទូតទាត់ផលប្រយោជន៍កម្មកររបស់ក្រសួងការងារ ដោយប្រើប្រាស់កិច្ចសន្យាដែលមានថេរវេលាមានកំណត់នឹងអាចធ្វើឱ្យប៉ះពាល់ដល់អតីតភាពការងាររបស់កម្មកររោងចក្រ R.G Footwearដែលធ្វើការនៅទីនោះច្រើនឆ្នាំមកហើយ។
លោកថ្លែងថា៖«ការកំណត់ពួកគាត់ស្ថិតក្រោមកិច្ចសន្យាដែលមានថេរវេលាមានកំណត់ហ្នឹង គឺវាធ្វើឱ្យប៉ះពាល់ទៅដល់អតីតភាពការងាររបស់ពួកគាត់ ព្រោះរោងចក្ររីជិន [Regent] ហ្នឹងបានដូរឈ្មោះមកR.Gហ្នឹងនៅក្នុងឆ្នាំចុងឆ្នាំ២០២២ អ៊ីចឹងអតីតភាពកម្មករនិយោជិតចាស់ពីមុនមក ដែលធ្វើការនៅរីជិន អ្នកខ្លះធ្វើបាន៤ ៥ឆ្នាំ ៦ ៧ឆ្នាំ វាបានបាត់បង់នូវអត្ថប្រយោជន៍របស់ពួកគាត់»។
លោកថា ភាគីរោងចក្រក៏គួរណាស់តែបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងការគិតគូរដល់កម្មករឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យកម្មករមានការខាតបង់៕
វេទិកាបញ្ចេញមតិ