គណបក្សនយោបាយចំនួន ៩ ដែលជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនកម្ពុជាបានស្នើឱ្យនាយករដ្ឋមន្ត្រីថៃ ពិនិត្យនិងឃ្លាំមើលលើសកម្មភាពរបស់គណបក្សកាវក្លៃ (Move Forward) ដោយពួកគេថាបានគាំទ្រនិងហ្វឹកហ្វឺនសកម្មជនគណបក្សប្រឆាំងនៅកម្ពុជា ហើយកំពុងជ្រកកោននៅប្រទេសថៃ។
គណបក្សទាំងនោះរួមមានគណបក្សខ្មែរសាធារណរដ្ឋ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សខ្មែរអភិរក្ស គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សខ្មែរតែមួយជាដើម។
នៅក្នុងលិខិតដែលបានស្នើទៅនាយករដ្ឋមន្ត្រីថៃ និងស្ថានទូតថៃប្រចាំនៅកម្ពុជា គណបក្សខ្មែរតែមួយ បានអះអាងថា ព័ត៌មានជាច្រើនបានផ្សព្វផ្សាយពាក់ព័ន្ធនឹងសកម្មភាពរបស់គណបក្សកាវក្លៃ ដែលបានផ្តល់ទីកន្លែង និងជួយបណ្តុះបណ្តាលឱ្យក្រុមអ្នកនយោបាយឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេសដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ លិខិតដដែលបន្ថែមថា ទង្វើរបស់គណបក្សកាវក្លៃជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
លិខិតដដែលបញ្ជាក់ថា៖ «គណបក្សខ្មែរតែមួយយល់ឃើញថា ស្របតាមច្បាប់ស្តីពីកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ»។
លិខិតដដែលបន្ថែមថា៖ «គណបក្សខ្មែរតែមួយជឿជាក់ថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃនឹងពិនិត្យទៅលើទង្វើរបស់គណបក្សកាវក្លៃឡើងវិញ ដើម្បីបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំយូរអង្វែងជានិច្ច»។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបញ្ជាក់ថា គណបក្សរបស់លោកដាក់លិខិតស្នើទៅនាយករដ្ឋមន្ត្រី ដោយសារតែគណបក្សកាវក្លៃបានធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ជាទូទៅសម្រាប់ខ្ញុំ នេះជារឿងមួយគ្រាន់តែគេហៅថា ប្រជាភិថុតិនយោបាយក្នុងប្រជាជាតិអាស៊ានតែប៉ុណ្ណោះ។ សម្រាប់គណបក្សខ្មែរតែមួយគឺចង់ឱ្យរដ្ឋាភិបាលថៃចេញសេចក្តីថ្លែងការណ៍ជាផ្លូវការឬក៏ក្រៅផ្លូវការរបស់ខ្លួនថា សកម្មភាពរបស់គណបក្សកាវក្លៃបានធ្វើនេះ គឺវាប៉ះពាល់សមាជិកអាស៊ានមែន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបាននៅឡើយទេ។
ចាប់តាំងពីការរំលាយគណបក្សប្រឆាំងកាលពីឆ្នាំ ២០១៧ មក មានសកម្មជននយោបាយជាច្រើនរបស់គណបក្សប្រឆាំងបានបន្តភៀសខ្លួនទៅកាន់ប្រទេសថៃ ដោយសារតែការរឹតត្បិតផ្នែកនយោបាយ និងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរកម្ពុជា។
លោក ខឹម មុន្នីកុសល គណៈកម្មការសម្របសម្រួលជនភៀសខ្លួននៅប្រទេសថៃ ប្រាប់វីអូអេថា មិនមានការបណ្តុះបណ្តាលនិងការគាំទ្រពីគណបក្សកាវក្លៃដូចការអះអាងរបស់គណបក្សនយោបាយទាំងនោះទេ។ លោកបន្ថែមថា កាលពីថ្ងៃទី ២ ខែធ្នូ មានការជួបជុំជាមួយយុវជនគណបក្សដើម្បីសំណេះសំណាលគ្នាប៉ុណ្ណោះ។
បើតាមលោក មុន្នីកុសល ជាធម្មតាទេដែលគណបក្សមាននិន្នាការប្រជាធិបតេយ្យដូចគ្នាមានការពាក់ព័ន្ធនិងការប្រាស្រ័យគ្នា។
លោកថ្លែងថា៖ «ក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គណបក្សដែលមាននិន្នាការគោរព ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ យើងតែងតែមានទំនាក់ទំនងគ្នាជាការផ្លាស់ប្តូរបទពិសោធន៍ ជាអី។ វាជារឿងធម្មតា។ វាអត់មានរឿងអីដែលថា គណបក្សប្រជាធិបតេយ្យទាំងអស់មិនអាចទំនាក់ទំនងគ្នា មិនអាចគាំទ្រគ្នាទៅវិញទៅមក។ វាអត់មានទេ»។
បើតាមមន្ត្រីគណបក្សប្រឆាំងរូបនេះ ការចេញលិខិតនេះជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅកម្ពុជា ដើម្បីគំរាមកំហែង និងរឹតត្បិតមកលើសកម្មជនគណបក្សប្រឆាំងប៉ុណ្ណោះ។
នៅពេលសួរថា តើលោកចង់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញទេ លោក ខឹម មុន្នីកុសល លើកឡើងថា លោកចង់ត្រឡប់មកធ្វើនយោបាយនៅស្រុកខ្មែរវិញ ប៉ុន្តែលោកថា បើសិនជាលោកហ៊ានមក លោកនឹងត្រូវបានចាប់ខ្លួនភ្លាមៗ។
លោក ប៉ែន បូណា បដិសេធមិនអត្ថាធិប្បាយលើករណីនេះ។ វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសបាននៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការស្នើសុំរបស់គណបក្សទាំងនោះ ជាសិទ្ធិរបស់ពួកគេ។ លោកថា ប្រទេសនីមួយៗមានច្បាប់សម្រាប់អនុវត្តផ្សេងៗគ្នាផងដែរ។ លោកបន្ថែមថា អ្នកនយោបាយគួរតែចរចានិងសម្របសម្រួលគ្នាដើម្បីប្រយោជន៍ជាតិ។
លោកថ្លែងថា៖ «ដើម្បីឱ្យកម្ពុជាយើងមានការឯកភាពជាតិ បង្រួបបង្រួមជាតិ វាមានតែខ្មែរទាំងអស់ឬក៏អ្នកនយោបាយទាំងអស់ហ្នឹង រួមសាមគ្គីភាពគ្នា ចរចាគ្នា និយាយគ្នាដើម្បីឧត្តមប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជនជាធំ ហើយក្នុងនាមជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ការយកឈ្នះចាញ់គឺការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោត ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ហ្នឹងហើយ»។
លោក អំ សំអាត ថ្លែងថា រដ្ឋាភិបាលគួរតែបើកសិទ្ធិ និងសេរីភាពដល់សកម្មជនគណបក្សប្រឆាំងនៅក្រៅប្រទេសចូលមកប្រទេសកំណើតខ្លួនវិញ ព្រោះពួកគេក៏មានសិទ្ធិស្មើភាពគ្នាដូចប្រជាពលរដ្ឋដទៃដែរ៕