ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាមដាន​ចង់​ឃើញ​កម្ពុជា​និង​ថៃ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ និង​គោរព​សិទ្ធិ​ជ្រកកោន​នយោបាយ


រូបឯកសារ៖ អ្នកកាន់​កាន់​ទង់ជាតិ​កម្ពុជា និង​ថៃ ញញឹម​នៅ​ពេល​ដែល​លោក Thaksin Shinawatra ដែល​នៅ​ពេល​នោះ លោក​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ២០០៦។
រូបឯកសារ៖ អ្នកកាន់​កាន់​ទង់ជាតិ​កម្ពុជា និង​ថៃ ញញឹម​នៅ​ពេល​ដែល​លោក Thaksin Shinawatra ដែល​នៅ​ពេល​នោះ លោក​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ២០០៦។

នៅ​មុន​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ថៃ លោក Srettha Thavisin នឹ​ងមក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​២៨ ខែ​កញ្ញា អ្នក​តាម​ដាន​កត់​សម្គាល់​ថា​ ជំនួប​ទ្វេ​ភាគីរវាង​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ គឺ​ជា​រឿងល្អ ខណៈគណ​បក្ស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្អិត​រមួតចាប់​តាំង​ពី​ជំនាន់​លោក ហ៊ុន សែន ​និង​លោក Thaksin Shinawatra អតីត​នាយក​រដ្ឋមន្រ្តី​ថៃ។

អ្នក​តាម​ដាន​ចង់​ឃើញ​ថ្នា​ក់​ដឹក​នាំ​នៃប្រទេស​ទាំង​ពីរ​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​ ដូច​ជា​បញ្ហា​ព្រំ​ដែន ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ​និង​ការគោរពបទ​ដ្ឋាន​អន្តរ​ជាតិ​ទាក់​ទង​សិទ្ធិ​ជ្រក​កោន​នយោ​បាយ ដែលសកម្ម​ជន​សង្គម​និង​នយោ​បាយ​កម្ពុជារង​ការ​យា​យី និង​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​។​

លោក ឯម សុវណ្ណារ៉ា សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ ​ប្រាប់​វីអូអេ​ថា ​ជំនួប​ទ្វេ​ភាគី​នេះ គឺជា​រឿងល្អ​ ព្រោះបង្ហាញ​ថា រដ្ឋ​និង​រដ្ឋ​មាន​សិទ្ធិ​ស្មើគ្នា ​ជាពិ​សេស​ទាក់​ទង​នឹង​ការបញ្ជាក់ជំហរ​គោល​នយោ​បាយ​ការ​បរទេស​ និង​ការ​ពង្រីក​គោល​នយោ​បាយ​នៃ​ប្រទេស​ទាំង​ពីរ​ ​ទាំង​ក្នុង​តំបន់ ​និង​លើឆាក​អន្តរ​ជាតិ​។​ លោក​កត់​សម្គាល់​ថា ​ទំនាក់​ទំនង​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ដែល​លោក ហ៊ុន សែន ​ជា​ប្រធាន​ ​និង​គណ​បក្ស​ភឿ​ថៃ ដែល​គណ​បក្សនេះ​បង្កើត​ដោយ​ក្រុម​គ្រួសារ​មហា​សេដ្ឋី​ស៊ី​ណា​វ៉ាត់ ​[Shinawatra] មានទំនាក់​ទំនង​ល្អ​នឹង​គ្នា​ ជា​យូរ​មក​ហើយ។

លោក​ថ្លែង​ថា៖ «គណ​បក្ស​ប្រជា​ជន ​មាន​ទំនាក់​ទំនង​ល្អ​យូរ​ហើយ ​ជាមួយ​គណ​បក្ស ភឿថៃ តាំង​ពី​ជំនាន់​លោក ​ថាក់​ស៊ីន​។ អ៊ីចឹង​នៅ​ពេល​នាយក​រដ្ឋ​មន្ត្រី​[ថៃ​]​ថ្មី​ [​លោក​] ​សេដ្ឋា​ ​គាត់​ឡើង​ទៅ​[ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​] គាត់​ត្រូវ​ទទួល​ការ​ទាក់​ទង​គ្នា​។ យើង​គិត​ទៅ​អត់​មាន​អ្វី​ខុស​ឆ្គង​ ឬ​ភាព​អវិជ្ជមាន​អ្វីទេ ព្រោះ​នៅ​ក្នុង​ទស្សនៈ​ទំនាក់​ទំនង​ទ្វេ​ភាគី​ ​កាល​ណា​ទំនាក់​ទំនង​ប្រទេស​និង​ប្រទេស នាយក​រដ្ឋ​មន្ត្រី​មាន​ដំណើរ​ទស្សន​កិច្ចផ្លូវ​រដ្ឋ ​អ៊ីចឹងវា​ជា​កិច្ចការ​មួយ​ពង្រីក​ទំនាក់​ទំនង»។

លោក​បន្ថែម​ថា ​បញ្ហា​មួយ​ចំនួន​ដែល​ភាគី​កម្ពុជា​ និង​ភាគីថៃ មិនទាន់​បាន​ដោះ​ស្រាយល្អ​ប្រសើរ​នៅ​ឡើយ ដូច​ជា​បញ្ហា​ព្រំដែន ដែល​នៅ​មានការ​យល់​ច្រឡំ​គ្នា ​បញ្ហា​ឧក្រិដ្ឋ​កម្ម​ឆ្ល​ង ដែន ​និង​ការ​ចាប់​ជំរិត​ជា​ដើម​ ដែល​ត្រូវ​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ និង​ដោះ​ស្រាយ​រួម​គ្នា​។

លោក​ថ្លែង​ថា៖ «ជំរុញ​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​ដោះ​ស្រាយ​រួម​គ្នាលើបញ្ហាឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​មួយ​ចំនួន​ឱ្យ​ខ្លាំង​ជាមុន​។ ​ហើយ​ឈប់​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​គ្នា​ ឧទា​ហរណ៍​ទៅ​លើ​ឧក្រិដ្ឋ​កម្ម​ឆ្ល​ង​ដែន​ ឬ​ការ​ចាប់​ជំរិត​ជា​ដើម​ហ្នឹង​ ដែល​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​ប្រទេស​មួយៗ ​ដូច​ជា​រឿងមួ​យ​ចំនួន​ ថត​នៅ​ថៃ​ថ្មីៗ ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​ជា​ដើម ថត​នៅ​ថៃ ​ប៉ុន្តែ​តួ​ពាក់​ខោ​អាច​សម្លៀក​បំពាក់​ខ្មែរ​ និង​អក្សរ​ខ្មែរ ​គឺ​ពិបាក​ដែរ​។ អាហ្នឹង​គួរ​តែលុប​បំបាត់​ភាព​មន្ទិល​សង្ស័យ​ ឬ​មិន​ទុក​ចិត្ត​គ្នា​ឱ្យ​បាត់​អស់​ទៅ​ ទើប​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី ​មាន​ភាព​ដុះ​ដាល ឬ​ស្អិត​រមួត​បាន​»​។

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​រូប​នេះបន្ថែម​ថា រដ្ឋា​ភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ថៃ​ ត្រូវ​សហ​ប្រតិ​បត្តិ​ការ​គ្នា​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ និងត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​អន្តរ​ជាតិ​ ដែល​ប្រទេស​ទាំង​ពីរបាន​ចុះ​ហត្ថ​លេខា​ ពាក់​ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​ជ្រក​កោន​ និង​សិទ្ធិ​នយោ​បាយ​របស់​សកម្ម​ជន​នៃ​ប្រទេស​ទាំង​ពី​រ ​ព្រោះ​លោក​ថា​បើ​ប្រទេស​ទាំង​ពីរ​មិន​គោរពសិទ្ធិ​ទាំង​នោះ​ទេ ​វា​នឹង​ប៉ះ​ពាល់​តម្លៃ​នៃ​ប្រទេស​នីមួយ​ៗ​។

លោក​បន្ថែម​ថា៖ «​ប្រទេស​មួយ​ៗត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​អន្តរ​ជាតិ​ដែល​ខ្លួន​បាន​ចុះ​ហត្ថ​លេខា​នោះ​។ ឧទា​ហរណ៍​ថា​ពាក់​ព័ន្ធ​នឹង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ប្រជា​ធិប​តេយ្យ​ នយោ​បាយ​ហ្នឹង វា​ត្រូវមាន​សិទ្ធិ​ជ្រក​កោន ​មិន​អាច​បញ្ជូន​ទៅ​ទេ ​ដូច​ថៃ​បញ្ចូន​មក​ខ្មែរ​ ហើ​យ​ខ្មែរ​បញ្ជូន​ទៅ​ថៃ​ជាដើម​។​ ហើយ​សកម្ម​ជន​ថៃ​មួយ​ ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​ហ្នឹង ​ក៏​វា​ទាម​ទារ​ឱ្យ​មាន​ការបង្ហាញ ឬ​ក៏​បក​ស្រាយ​បន្ថែម​ដែរ ​ពី​ព្រោះ​សកម្ម​នោះ​ គឺ​ជា​អ្នក​គាំ​ទ្រ​ខាង​ប្រជា​ធិប​តេយ្យ​ទេ​»។

​កាលពី​ពេលកន្លង​ទៅ​ សកម្ម​ជន​នយោ​បាយ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ ​ដោយ​ព្រួយ​បារម្ភ​អំ​ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញក្រោម​រូបភាព​ផ្សេង​ៗ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ម​ក​ឱ្យ​អាជ្ញាធ​រ​កម្ពុជា ដើម្បីផ្តន្ទា​ទោស​ និង​ដាក់​ពន្ធ​នាគារ​។ សកម្ម​ថៃ​ម្នាក់​លោក Wanchalearm​ ដែល​ហ៊ាន​រិះគន់​មិន​សំចៃ​មាត់​ លើរបប​យោធា​ថៃ​ ដឹក​នាំ​ដោយ​លោក ប្រាយុទ្ធ ចាន់​អូចា ​និងបាន​ភៀស​ខ្លួន​មក​ជ្រក​កោន​នៅ​កម្ពុជា ​ក្រោយ​រដ្ឋ​ប្រហារ​ថៃ​ឆ្នាំ​២០​១៤ ​ក៏​ត្រូវ​បាន​បាត់​ខ្លួន​ក្នុង​ទឹក​ដី​កម្ពុជា​ ​ដោយ​មក​ដល់​បច្ចុ​ប្បន្ន ​មិន​ទាន់​មាន​ដំណឹង​និង​តម្រុយ​អ្វីនៅ​ឡើយ​។

​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ​សេដ្ឋា ​ថាវី​ស៊ីន​ ដែល​មក​ពីគណ​បក្ស​ភឿ​ថៃ នឹង​មាន​ជំនួប​ទ្វេ​ភាគី​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត ក្នុងគោល​បំណង​កំណត់​ទិស​ដៅ​សកម្ម​ភាព ​ដើម្បី​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​ ដែល​ផ្តល់​ផល​ប្រយោ​ជន៍​ទៅ​វិញ​ទៅ​មក​ ក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាគី និង​ពហុ​ភាគី​។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរ​ទេស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ

​បើ​តាម​ក្រសួង​ការ​បរ​ទេស​កម្ពុជា ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ប្រគល់និង​ទទួល​នូវ​«​មជ្ឈ​មណ្ឌល​សំចត​និងស្តារ​នីតិ​សម្បទា​សម្រាប់​ជន​រងគ្រោះ​ ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ និងក្រុម​ជន​ងាយ​រង​គ្រោះ​ដទៃ​ទៀត» ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ប្រទេស​កម្ពុជា ដែល​ជា​គំនិត​ផ្តួច​ផ្តើម​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី។

ក្រៅ​ពី​នេះ ​នាយក​រដ្ឋ​មន្ត្រី​ថៃ ​លោក ​សេដ្ឋា ថាវី​ស៊ីន​ (Srettha Thavisin​) នឹង​ជួប​ជាមួ​យ​លោក ​សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា ​លោក ហ៊ុន សែន ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់​ព្រះ​មហា​ក្សត្រ និង​អ្នក​ស្រី ឃួន ​សុដារី​ ​ប្រធាន​រដ្ឋ​សភា។

លោក ​Phil Robertson​ នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ប្រចាំ​តំបន់​អាស៊ី ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​ កាល​ពី​កន្លង​ទៅ ​អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ លោក ប្រាយុទ្ធ​ ចាន់អូចា ​បាន​គាំទ្រ​ដល់​ការ​បញ្ជូន​សកម្មជន​ខ្មែរមកកម្ពុជា​វិញ និង​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ភាគី​ខ្មែរ ដែល​នាំ​ឱ្យមានការ​បញ្ជូន​សកម្មជន​ទាំង​នោះ​មក​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់​ថា៖ «​សកម្មជ​នយោ​បាយ​កម្ពុជា​ជា​ច្រើន​នាក់​គិត​ថា​នៅ​ពេល​ដែល​ពួកគេ​ទៅ​ដល់​ប្រទេស​ថៃ ពួកគេ​នឹង​មាន​សុវត្ថិភាព​ពី​ក្រុម​ដែល​លោក ហ៊ុន សែន បញ្ជា​ ប៉ុន្តែ​វា​មិន​ដូច​ការ​គិត​ទាល់​តែ​សោះ​»។

លោក​បន្ថែម​ថា​ សកម្មជន​ទាំង​នោះត្រូវ​ប្រឈម​នឹង​ការ​តាម​ដាន ​យាយី និង​បញ្ជូន​ទៅ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់ ​និង​ដាក់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ជំរុញ​ឱ្យនាយករដ្ឋមន្រ្តី​ថៃ​បញ្ចប់​នូវ​កិច្ច​ព្រម​ព្រៀង​នានា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​លក្ខណៈគាប​សង្កត់​លើ​សកម្ម​ជន​។ លោក​ក៏​ជំរុញឱ្យនាយករដ្ឋមន្រ្តី​ជជែក​ជាមួយ​មេដឹក​នាំ​ខ្មែរ​អំពី​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​លោក Wanchalearm កាល​ពី​ឆ្នាំ​២០២០​ផង​ដែរ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត កត់​សម្គាល់​ថា​រដ្ឋា​ភិបាល​កម្ពុជានិង​ថៃ ​មាន​កិច្ច​សហប្រតិ​បត្តិ​ការជាមួយ​គ្នា​ជា​ច្រើន​ ​ទាំង​ការទប់​ស្កាត់​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​។​ ប៉ុន្តែ​លោក​ថា​ក្នុង​ជំនួប​ទ្វេ​ភាគី​នេះ ​មេដឹកនាំ​ទាំង​ពីរ​គួរ​ពិភាក្សា​គ្នា ​ដោយ​ត្រូវតែ​ឈរ​គោល​ការណ៍​ផល​ប្រយោជន៍ប្រជា​ពល​រដ្ឋទាំង​សង​ខាង និង​ត្រូវ​គោរព​គោល​ការណ៍​សិទ្ធិ​មនុស្ស ​ព្រោះ​កន្លង​មក​មាន​ការ​រិះ​គន់​ច្រើន ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ជន​ភៀស​ខ្លួន ​ដែល​ជា​សកម្ម​ជន​នយោ​បាយ និង​សិទ្ធិ​មនុស្ស បញ្ជូន​មក​កម្ពុជា​វិញ ​ដោយ​ពួក​គេ​ទាំង​នោះ​ប្រឈម​ការ​ជាប់​ពន្ធនាគារក្នុង​ប្រទេស​កម្ពុជា​។ ​

លោក​ប្រាប់​វីអូអេ​ថា៖ «អ៊ីចឹង​ថៃ​ ក៏​ជា​ភាគី​មួយ​ដែល​បាន​ផ្តល់​នូវ​ការ​វាយ​[តម្លៃ​] របស់​ឧត្តម​ស្នង​ការ​អង្គ​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​នៅ​ទីក្រុង​បាង​កក​។ អ៊ីចឹង​ប្រទេសថៃ​ត្រូវ​តែ​គោរព​ទៅ​តាម​អនុ​សញ្ញា​ស្តីពីជន​ភៀស​ខ្លួន ​ហើយ​និង​គោល​ការណ៍​នៃ​សិទ្ធិ​របស់​ជន​ភៀស​ខ្លួន​»។

ក្រៅ​ពី​នេះ លោក​ចង់​ឃើញ​រដ្ឋា​ភិបាល​ទាំង​ពីរយក​ចិត្ត​ទុក​ដាក់ ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដែល​ត្រូវ​ធានា​ដល់​សិទ្ធិ​ពល​រដ្ឋ​ ជាពិសេសពលករ​ខ្មែរ ដែល​ទៅ​ធ្វើកា​រ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគេ​មាន​ភាព​ស្រប​ច្បាប់​៕​

XS
SM
MD
LG