ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​និង​អ្នកជំនាញ​ខ្លះ​​សម្លឹង​មើល​វិសោធនកម្ម​ទី១៤​ដើម្បី​រារាំង​លោក Trump មិន​ឱ្យ​​កាន់​​តំណែង​​សាធារណៈ​ក្នុង​ពេល​អនាគត


ក្រុម​រដ្ឋអាជ្ញា​នៃ​សវនាការ​រដ្ឋសភា​យក​បទចោទប្រកាន់​​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ទៅ​កាន់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
ក្រុម​រដ្ឋអាជ្ញា​នៃ​សវនាការ​រដ្ឋសភា​យក​បទចោទប្រកាន់​​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ទៅ​កាន់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

លោក​អតីត​ប្រធានាធិបតី​ Donald Trumpបាន​រួច​ទោសក្នុង​ការ​កាត់ក្តីចោទ​ប្រកាន់​លោក​ជាលើកទី២ ដែល​បាន​ចប់​សព្វគ្រប់ កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៣ ខែ​កុម្ភៈ។​សមាជិក​ព្រឹទ្ធសភា ៥៧ នាក់​ដែល​ក្នុង​នោះ​មាន​រួម​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​៧​នាក់​ផង​ដែរ បាន​បោះឆ្នោតថា​លោក Trump មានទោស​ក្នុង​បទ​ចោទ​ថា​ ញុះញង់​ឲ្យ​មាន​កុបកម្ម​កាល​ពី​ថ្ងៃ​ទី៦​មករា។ ទោះ​ជាយ៉ាងណាក៏ដោយ ក៏​ព្រឹទ្ធសភា​នៅ​ខ្វះ១០​សំឡេង​ទៀត​ដែល​ត្រូវការ​ដើម្បី​សម្រេច​ថា​លោក Trump មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​នោះ។

នៅ​ពេល​ដែល​ព្រឹទ្ធសភា​កំពុង​រៀបចំ​ធ្វើការ​កាត់ទោស​នោះ មានការ​ជជែក​ដេញ​ដោល​មួយក្នុង​ចំណោមពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​សមាជិក​ខ្លះ​នៃ​សភា​អំពី​ថា​តើ​ខ​មួយ​ក្នុង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ដែល​គេ​បាន​ភ្លេច​នោះអាច​យក​មក​ប្រើដើម្បី​រារាំង​លោក Trump មិន​ឱ្យ​កាន់​តំណែង​សាធារណៈទៀត​ឬទេ។

ខ​នេះ​ជា​ផ្នែក​មួយ​នៃ​វិសោធនកម្ម​ទី​១៤។ ដោយ​បាន​ទទួលសច្ចានុមតិ​កាលពី ឆ្នាំ១៨៦៨ វិសោធនកម្ម​នេះ​ត្រូវ​គេ​ស្គាល់សម្រាប់​ពង្រីកសិទ្ធិ​របស់​ពលរដ្ឋ​អាមេរិកាំង និង​ធានា​រ៉ាប់រង​ឱ្យ​មាន«ការ​ការពារ​ស្មើ​គ្នា»​នៅ​ក្រោម​ច្បាប់។ ខ​ទី​បី​នៃ​វិសោធនកម្មនេះដែល​គេ​មិន​សូវ​ស្គាល់​តែ​នាំ​ឱ្យ​មានការ​ជជែកដេញ​ដោលគ្នាក្តៅគគុក​នោះ​រារាំង​ជនទាំង​ឡាយណា​ដែល«ធ្វើការ​បះបោរ»ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ​ឬ​ដែល«ផ្តល់​ជំនួយ​និងសម្រាលទុក្ខ»ដល់​ពួក​សត្រូវ​របស់​សហរដ្ឋ​អាមេរិកមិន​ឱ្យ​កាន់​តំណែង​សាធារណៈ។

ក្រោយពី​ការ​កាត់ទោស​លើកទី២​ដែល​បាន​រក​ឃើញ​ថា​លោក Trump គ្មាន​ទោស​នោះ គណបក្ស​ប្រជាធិបតេយ្យ​អាច​នៅ​មាន​វិធី​មួយ​ក្នុង​រដ្ឋធម្មនុញ្ញ​សម្រាប់​ដក​សិទ្ធិ​អតីត​ប្រធានាធិបតី​ម្នាក់​មិន​ឱ្យកាន់​តំណែង​សាធារណៈ​ទៀត​គឺ​វិសោធនកម្ម​ទី​១៤។ ក៏ប៉ុន្តែ​វិធី​នេះ​នៅ​មិនទាន់​ដែល​យក​មក​ប្រើប្រាស់​នៅឡើយ។

ខទី​បី​នៃវិសោធនកម្ម​នេះផ្តល់​អំណាចដល់​សភា​ក្នុង​ការ​ពង្រឹង​ខ​ទាំងឡាយ​ដោយ​ការ​តាក់តែង«សេចក្តី​ព្រាង​ច្បាប់​សមរម្យ»។ ការណ៍​នេះនាំ​ឱ្យអ្នក​ប្រាជ្ញ​ខាង​ច្បាប់​ខ្លះ​ជជែក​ថា​សភា​ត្រួតត្រា​ដោយ​ពួក​ប្រជាធិបតេយ្យ​អាច​អនុម័ត​ច្បាប់​មួយដោយ​សំឡេង​៥០ភាគ​រយ​បូក​មួយ​ដើម្បី​រារាំងលោក Trump កុំ​ឱ្យកាន់​តំណែង​សាធារណៈ​ក្នុង​ពេល​អនាគត។

«សភា​អាចអនុម័តច្បាប់​មួយជា​បន្ទាន់​ប្រកាស​ថា​ជន​ណាដែល​បាន​ធ្វើ​សច្ចា​ប្រណិធាន​ការពារ​រដ្ឋធម្មនុញ្ញ​ រួម​ទាំង​លោក Trump និង​អ្នក​ដទៃទៀត​ដែលបាន​ញុះញង់​ បញ្ជា ឬ​ចូល​រួមក្នុង​ការចូលលុក​ក្នុងវិមាន​សភា​កាល​ពី​ថ្ងៃ​ទី​៦​ ខែមករា​នោះ «បាន​ប្រព្រឹត្ត​អំពើ​កុបកម្ម ឬ​ការបះបោរ» ហេតុ​ដូច្នេះតាម​រយៈ​រដ្ឋធម្មនុញ្ញពួកជនទាំង​នេះគ្មានសិទ្ធិ​កាន់​តំណែង​សាធារណៈ​ក្នុង​ពេល​អនាគត​ទេ»។ នេះ​ជា​សម្តី​របស់​លោក Deepak Gupta អ្នក​ជំនាញ​ខាង​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​លោក​ Brian Beutler បណ្ណាធិការ​នាយក​នៃ​ Crooked Media ដែល​បាន​សរសេរ​ក្នុង​អត្ថបទបញ្ចេញមតិ​រួម​គ្នា​មួយក្នុង​កាសែត New York Times កាល​ពី​ខែ​មុន។

លោក Tim Kaine សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យនៃ​រដ្ឋ Virginia ​និង​ជា​បេក្ខជន​អនុប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦​ឋិត​ក្នុង​ចំណោមសមាជិក​សភាមួយ​ចំនួនតូច​ដែល​បាន​ស្នើ​ឱ្យ​ប្រើ​វិសោធនកម្មទី១៤ដើម្បី​រារាំង​លោក Trump កុំឱ្យកាន់​តំណែង​សាធារណៈ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ទៅ​ថ្ងៃ​អនាគត។​ លោក Kaine ​អះអាង​ថា​សមាជិក​នៃ​គណបក្ស​សាធារណៈ​រដ្ឋ​ទំនង​ជា​អាច​គាំទ្រ​ការ​ប្រើ​វិសោធនកម្ម​ទី​១៤​ជាងព្យាយាម​ដាក់ទោស​លោក Trump ពី​បទឧក្រិដ្ឋ​និង​អំពើ​ខុសឆ្គង​ធ្ងន់ធ្ងរ។

លោក Kaine បាន​មានប្រសាសន៍​នៅ​ក្នុងសន្និសីទ​កាសែតមួយ​កាល​ពីចុងខែមករា​ថា«អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​គឺ​ផ្តល់​ឱ្យ​សហសេវិកខ្ញុំ​នូវជម្រើស​មួយ​ក្រៅ​ពី​ការ​កាត់ទោស​ដក​ចេញ​ពី​តំណែង»។

តែ​យ៉ាង​ក៏​ដោយ​ក៏​មាន​បញ្ហា​ស្មុគស្មាញខ្លះ​ដែរ។ ឧទាហរណ៍​ វិសោធនកម្ម​ទី​១៤​ មិន​បាន​ចែង​ច្បាស់លាស់​ថា​តើ​នរណាជា​អ្នក​សម្រេចថា​តើ​មន្ត្រី​រដ្ឋាភិបាល​ម្នាក់បាន​ធ្វើ​សកម្មភាពបះបោរ​ហើយ​ស័ក្តិសម​គ្មាន​សិទ្ធិកាន់​តំណែង​ទៅ​ថ្ងៃ​អនាគត​។ អ្នកប្រាជ្ញ​ខ្លះ​ជជែក​ថា​តុលាការ​ត្រូវ​សម្រេច​អំពី​បញ្ហា​នេះ​មិនមែន​សភា​ទេ។

«ខ​ទីបីនៃ​វិសោធនកម្ម​នេះ​មិន​បានបង្ហាញ​អំពី​យន្តការ​សម្រាប់​ធ្វើការ​សម្រេច​ថា​តើ​មន្ត្រី​ម្នាក់ប្រាកដ​ជា​បានធ្វើ​សកម្មភាព​បះបោរដែល​អាច​នាំឱ្យ​មានការ​ដក​សិទ្ធិមិន​ឱ្យ​កាន់តំណែងសាធារណៈ​ទៀត​ ហេតុដូច្នេះ​ហើយ​បាន​ជា​វិសោធនកម្ម​នេះ​មិន​ត្រូវ​បាន​ប្រើ​ច្រើន»។ នេះ​បើ​តាម​សម្តី​របស់​លោក Keith Whittington​សាស្ត្រាចារ្យ​ខាង​នយោបាយ​នៅ​សាកលវិទ្យាល័យ Princeton។

លោក Whittington ​បានព្រមាន​ថា​ក្រៅ​ពី​នេះ​ការ​អនុញ្ញាតឱ្យ​មាន​សំឡេងឆ្នោត​៥០ភាគ​រយ​បូក​មួយ​ក្នុង​សភា​ដើម្បីដាក់​កំហិតការ​ហាមប្រាម​មួយ​ជីវិត​មិន​ឱ្យ​អតីតប្រធានាធិបតីកាន់​តំណែង​សាធារណៈ អាច​នាំ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​ទៅ​ថ្ងៃ​អនាគត។ នៅ​ពេល​ដែល​គណបក្ស​សាធារណរដ្ឋមាន​សំឡេង​ភាគច្រើនក្នុង​សភា​វិញ​ ពួកគេ​អាចបោះឆ្នោត​ដក​សិទ្ធិ​នេះពី​ពួក​ប្រជាធិបតេយ្យ​ដែល​បាន​បញ្ចេញ​មតិ​អំពីបាតុកម្ម​ដែល​ក្លាយ​ជា​កុបកម្ម។

លោក Whittington បាន​និយាយ​តាម​អ៊ីមែល​ថា«មាន​ការ​ប្រថុយ​ប្រថាន​ខាង​នយោបាយយ៉ាង​ច្បាស់ក្នុង​ការអនុញ្ញាត​ឱ្យ​សភា​សម្រេច​បែប​នេះតាម​ការបោះឆ្នោត​យក៥០ភាគ​រយ​បូក​មួយហើយ​ដក​សិទ្ធិសមាជិក​នៃ​គណបក្សមានសំឡេង​ភាគ​តិចដោយ​មាន​ភស្តុតាង​តិច​តូច​និង​ធ្វើ​តាម​រយៈដំណើរការ​នយោបាយ​របស់​គណបក្ស​តែ​មួយ»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាន់​ខ្ពស់​ខ្លះ​មិន​យល់​ស្រប​ចំពោះ​ការ​ប្រើប្រាស់​វិសោធនកម្ម​ទី​១៤ ទេ។ លោក Dick Durbin ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Illinois និង​ជាឧបការី​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ព្រឹទ្ធ​សភា​។ លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ថា«ខ្ញុំ​មិន​ទាន់យល់ស្រប​ចំពោះ​ការ​ប្រើប្រាស់​វិសោធនកម្ម​នេះ​នៅ​ឡើយ​ទេ ពីព្រោះវិសោធនកម្ម​ទី១៤​មិន​បាន​ចែង​ច្បាស់លាស់​អំពី​វិធី​សម្រេច​ថា​តើនរណាម្នាក់​បាន​ចូល​រួម​ក្នុង​ការ​បះបោរ​មួយ»។

សវនាការ​កាត់ទោស​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump បាន​សម្រេច​ថា​លោក​គ្មាន​ទោស។
សវនាការ​កាត់ទោស​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump បាន​សម្រេច​ថា​លោក​គ្មាន​ទោស។

ប្រវត្តិនៃ​វិសោធនកម្ម​ទី១៤

បើ​គ្មាន​កុបកម្ម​កាល​ពី​ថ្ងៃ​ទី​៦​មករា​នៅ​វិមាន​សភា​ទេ​នោះ មានតែអ្នកច្បាប់​តិចតួច​ប៉ុណ្ណោះ ដែល​ដឹង​អំពី​ខ​ទី​បីនៃ​វិសោធនកម្ម​ទី​១៤នេះ។ បើ​តាម​លោក​ Gerard Magliocca ដែលជាសាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​ច្បាប់ Robert McKinney នៃ​សាកលវិទ្យាល័យ Indiana ថា​ខ​នេះបាន​ត្រូវ​រៀបចំ​ឡើង​សម្រាប់រារាំង​ពួក​អតីត​សមាជិក​នៃ​បណ្តា​រដ្ឋ​នៅ​ប៉ែក​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ដែល​គាំ​ទ្រ​ឲ្យ​មាន​ទាសករ​នៅ​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិកាំង​កុំ​ឱ្យកាន់​តំណែង​ជាន់​ខ្ពស់។

លោក Magliocca បាន​និយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍មួយ​ថា«ក្រោយពេល​ដែល​វិសោធនកម្ម​ទី​១៤​បាន​ទទួលសច្ចានុមតិ​រួច​ហើយ ខ​ទី​បី​បាន​ត្រូវ​អនុវត្តក្នុង​ពេល​ប្រមាណ​បួន​ឆ្នាំប្រឆាំង​នឹង​ពួក​មន្ត្រីដែល​បាន​កាន់​តំណែងឬ​ក្រុម​មនុស្សដែល​បាន​ជាប់​ឆ្នោត​សម្រាប់​កាន់​តំណែង​សាធារណៈហើយ​ត្រូវ​បាន​ដក​សិទ្ធិ​មិន​ឱ្យ​កាន់​តំណែង​ទាំង​នេះ ពីព្រោះ​ពួកគេ​ត្រូវ​យល់​ថា​មិន​មាន​សិទ្ធិ​កាន់​តំណែង​ក្រោម​វិសោធនកម្ម​នេះ»។

បើ​តាមលោក Magliocca ថា​ចាប់​តាំង​ពី​ការ​បញ្ចប់​ការ​កសាង​ប្រទេស​ជា​ថ្មី ខ​នេះ​ត្រូវ​បាន​ប្រើ​តែ​ម្តង​គត់​។ កាល​ពីឆ្នាំ១៩១៩​ លោក​ Victor Berger សមាជិកសង្គមនិយម​នៃ​សភា​មក​ពី​រដ្ឋ Wisconsin ត្រូវ​បាន​ដក​សិទ្ធិហើយបដិសេធ​មិន​ឲ្យ​កាន់​តំណែង​នៅ​ក្រោយលោក​មាន​ទោសពី​បទប្រព្រឹត្ត​សកម្មភាព​ប្រឆាំង​សង្គ្រាមតាម​រយៈ​ច្បាប់​ចារកម្មដែល​ជា​ទោស​មួយ​ដែល​ក្រោយ​មកត្រូវ​ប្រែ​ក្រឡាស់​ដោយ​តុលាការ​កំពូល។

លោក Magliocca បាន​ថ្លែង​ថា«សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បានសម្រេច​ថាគោលជំហរប្រឆាំងសង្គ្រាមរបស់​លោក Berger ជា​ការ​ផ្តល់​ជំនួយ​និង​ការ​សម្រាលទុក្ខ​ដល់​ប្រទេស​អាល្លឺម៉ង់ ហើយ​ហេតុដូច្នេះ​សមាជិក​សភា​រូប​នេះគ្មាន​សិទ្ធិ​បម្រើការ​ក្នុងសភាទេ»។

ការ​ជជែក​ដេញដោល​គ្នា​ក្រោយព្រឹត្តិការណ៍​ថ្ងៃ​ទី​៦ ខែ​មករា

ក្នុង​ពេលមួយសតវត្សរ៍​កន្លះកន្លងទៅ​ គ្មាននរណា​ចងចាំ​អំពី​ខ​នេះ​ទេ។ ការណ៍​នេះ​បាន​ប្រែ​ប្រួលនៅ​ក្រោយ​ថ្ងៃទី៦​មករានៅ​ពេល​ដែល​ហ្វូងអ្នក​គាំទ្រ​លោក Trump បាន​សម្រុកចូលនិង​បាន​បំផ្លាញ​ក្នុង​វិមាន​សភា​បណ្តាល​ឱ្យ​មនុស្ស​ប្រាំ​នាក់​ស្លាប់​ដោយ​មាន​រួម​បញ្ចូលប៉ូលិស​ម្នាក់​ផងហើយ​នាំ​ឱ្យសភា​តំណាង​រាស្ត្រ​អាមេរិកាំងចោទប្រកាន់​ដក​តំណែង​លោក​ Trump ពី​បទ«ញុះញង់​ឱ្យ​មាន​កុបកម្ម»។

ក្នុង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ដក​សិទ្ធិ​លោក Trump មិន​ឱ្យ​លោក​កាន់​តំណែង​សាធារណៈ បទ​ចោទ​ប្រកាន់ប្រឆាំង​នឹង​លោក​បាន​និយាយ​យោង​ដល់​ខ​ទីបី​នៃ​វិសោធនកម្ម​ទី ១៤។ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​រដ្ឋអាជ្ញា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​មិនបាននិយាយ​ច្រើន​អំពី​ខ​នេះ​ទេ​នៅ​ក្នុង​សំណុំ​ឯកសារ​ដាក់​ជូន​ព្រឹទ្ធសភា​មុនពេលកាត់ក្តី​កាល​ពី​ថ្ងៃ​អង្គារទី២​កុម្ភៈ។

លោក Magliocca បាន​ពោល​ថាការណ៍​នេះ​អាច​មាន​ន័យ​ថា​គណបក្ស​ប្រជាធិបតេយ្យ​រក្សា​ជម្រើស​មួយ​ដែលពួក​គេអាច​ប្រើត​ទៅ​ទៀត​ទៅ​ថ្ងៃ​អនាគត ​ដោយ​លោក​បាន​និយាយថែមទៀត​ថា​ពួក​សមាជិក​សភា​កំពុង​ធ្វើការលើ​សេចក្តី​ព្រាង​ច្បាប់​ទាក់ទិន​នឹង​ខ​នេះ។

លោក Magliocca ថា​ប្រសិន​បើ​គណបក្សប្រជាធិបតេយ្យ​ក្នុង​សភា​សម្រេចប្រើវិសោធនកម្ម​ទី​១៤ដើម្បី​ដក​សិទ្ធិ​ពីលោក Trump ពួក​គេអាចធ្វើ​កិច្ចការ​ពីរយ៉ាង។ ទី​មួយ​គឺ​អនុម័ត​សេចក្តីព្រាង​ច្បាប់​សម្រាប់​បង្កើត​យន្តការ​ពង្រឹង​ខ​ទី​បីនៃ​វិសោធនកម្ម​នោះ។ ​លោក Magliocca បាននិយាយ​ថា​រឿងនេះស្រដៀងនឹង​ច្បាប់​ទីមួយអំពី​ពួក​ក្រុម​ជន​ដែល​ប្រកាន់​ជំនឿ​ថា​ជន​ស្បែក​ស​មាន​អំណាច​ជាង​អ្នកដទៃ ហៅ ku Klux klan កាល​ពី​ឆ្នាំ១៨៧០​ដែល​បាន​បង្កើត​ដំណើរ​ការមួយ​សម្រាប់​ដក​ពួកអតីត​មន្ត្រី​ក្នុង​បណ្តា​រដ្ឋ​គាំ​ទ្រ​ឲ្យ​មាន​ទាសករ​ ចេញ​ពីតំណែង​សាធារណៈ។

ទី​ពីរគឺអនុម័តសេចក្តី​សម្រេចចិត្ត​មួយ​គ្មាន​ការ​បង្ខំ​ឱ្យ​អនុវត្ត​ ថា​លោក Trump គ្មានសិទ្ធិ​កាន់តំណែងសាធារណៈ​ក្នុង​ពេល​អនាគត​ទៀត​និង​សុំ​ឱ្យតុលាការយល់ស្រប​តាម​ការ​សម្រេច​របស់​ពួក​គេ។

លោក Magliocca បាន​ថ្លែងថា«លោក​អតីត​ប្រធានាធិបតី Trump មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ទាំងអស់ក្នុងការជំទាស់​នឹងសេចក្តី​សម្រេច​ណា​មួយដែល​ថា​លោក​គ្មានសិទ្ធិនេះ​ នៅ​ក្នុង​តុលាការ​ហើយ​អាច​តវ៉ា​តាម​ផ្លូវ​ច្បាប់​រហូត​ដល់​តុលាការ​កំពូលថែ​មទៀត​ផង»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG