អ្នកស្រី ចាត សារ៉ាត់ ដែលរស់នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានកូន៧នាក់ ហើយពួកគេទាំងអស់សុទ្ធតែធ្វើការនៅប្រទេសថៃ ជាកម្មករសំណង់។
អ្នកស្រីថ្លែងថា៖ «កូនខ្ញុំទៅថៃច្រើន ព្រោះជីវភាព គ្មានស្រែគ្មានភ្លឺធ្វើទេ។ ម៉ែឪក្រីក្រទាំងអស់ រហូតដល់កូនទៀត។ ទៅស៊ីឈ្នួលគេគ្រប់តែកន្លែងហ្នឹងឯង។ ធ្វើបានម៉ាហូបៗ។ វាមិនមាន វាមិនបាន បានតែម៉ាហូប ម៉ារស់។ មិនដឹងថាទៅមុខយ៉ាងណាទេ។ ជីវិតយើងម្នាក់ៗមានជំងឺប្រចាំខ្លួន»។
ប្រជាជនខ្មែរជាង១លាននាក់កំពុងធ្វើការនៅប្រទេសថៃ ក្នុងនោះក៏មានអ្នកធ្វើការមិនស្របច្បាប់ផងដែរ។ ក្រុមគ្រួសារមួយចំនួនរបស់ពលករអះអាងថា ជីវភាពរបស់ពួកគេនៅតែប្រឈមការលំបាកក្នុងប្រទេស បើទោះពួកគេមានកូនធ្វើការនៅប្រទេសថៃក៏ដោយ។
អ្នកស្រី ចាត សារ៉ាត់ ថ្លែងថា៖ «វាស្រណោះកូនដែលខ្ញុំប្រឹងធ្វើការហើយ ធ្វើហើយអត់បានផលប្រយោជន៍អី»។
កូនរបស់អ្នកស្រីចាត សារ៉ាត់ ទៅធ្វើការក្នុងប្រទេសថៃដោយស្របច្បាប់។ បច្ចុប្បន្ននេះ កូនរបស់ស្រី២នាក់បានវិលត្រឡប់មកផ្ទះវិញ ដោយសារកូនខ្ចី និងមួយទៀតដែលជាកម្មករសំណង់ត្រូវគេបោកលុយ។
ស្វាមីរបស់អ្នកស្រី ចាត សារ៉ាត់ គឺលោក ស៊ិន តឿ អាយុ៦៨ឆ្នាំ ថ្លែងថា៖ «កូនខ្ញុំទៅថៃមិនបានជោគជ័យទេ។ ការងារមិនជោគជ័យមិនបានលុយមិនបានកាក់ផ្ញើមកទេ»។
លោកបន្ថែមថា៖ «ជួនកាលខែណាក៏បានផ្ញើបួនប្រាំពាន់មួយម៉ឺន(បាត)។ ខែណាក៏បាត់មួយខែពីរខែ មិនបានទម្លាក់មកឲ្យ»។
លោកបារម្ភអំពីការចិញ្ចឹមចៅរបស់លោកដែលឪពុកម្តាយរបស់គេទៅធ្វើការនៅប្រទេសថៃ។
ចំណែកអ្នកស្រី អួន ខាត់ណា អាយុ៤៨ឆ្នាំ ធ្លាប់ទៅធ្វើការខុសច្បាប់នៅប្រទេសថៃដោយមានកូនស្រីមិនទាន់គ្រប់អាយុកំពុងធ្វើការសំណង់ក្នុងប្រទេសថៃ។ ប៉ុន្តែអ្នកស្រីថា ជីវភាពរបស់អ្នកស្រីមិនមានភាពល្អប្រសើរឡើយ។
អ្នកស្រីថ្លែងថា៖ «កូនស្រីខ្ញុំវាអាយុ១៦ឆ្នាំ។ សព្វថ្ងៃកំពុងធ្វើការនៅប្រទេសថៃហ្នឹង។ គ្នាអាយុ១៦ឆ្នាំ ធ្វើការកសាង[សំណង់]ធ្ងន់ទៀត»។
អ្នកស្រីកំពុងព្រួយបារម្ភអំពីអនាគតកូនស្រី២នាក់ទៀត ដែលកំពុងរៀនហើយរស់នៅជាមួយអ្នកស្រីក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំយំបីថ្ងៃ ចង់ឲ្យកូនត្រឡប់មកវិញ តែខ្ញុំខ្វះខាតលុយកាក់»។
លោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ថ្លែងថា ប្រជាជនខ្មែរទៅធ្វើការនៅប្រទេសថៃ ដោយសារកសិផលរបស់ពួកគាត់មិនមានទីផ្សារ មិនបានតម្លៃថ្លៃ ស្របពេលដែលពួកគាត់ត្រូវការលុយដើម្បីដោះបំណុល។
លោកបញ្ជាក់ថា៖ «កន្លែងណា ដែលអត់មានជំពាក់លុយ?»។
លោក ស៊ុំ ចាន់គា បន្ថែមថា តម្លៃលិខិតឆ្លងដែនថ្លៃក៏ជាកត្តាជំរុញឲ្យពួកគេទៅធ្វើការខុសច្បាប់នៅប្រទេសថៃផងដែរ។
ក្រសួងការងារកម្ពុជាធ្លាប់លើកឡើងថា ក្រសួងបន្តសហការជាមួយអាជ្ញាធរថៃ ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។ ក្រសួងការងារប៉ាន់ប្រមាណថា ពលករខ្មែរចំណាកស្រុកនៅប្រទេសថៃមានជាង១,២លាននាក់។
អ្នកស្រី ចាត សារ៉ាត់ អះអាងថា បើទោះអ្នកស្រីចង់ឲ្យកូនមកធ្វើការនៅស្រុកកំណើតវិញ និងបានរស់នៅជួបជុំឪពុកម្តាយ ប៉ុន្តែកត្តាជីវភាពមិនអាចឲ្យកូនៗរបស់អ្នកស្រីវិលមកវិញឡើយ។
អ្នកស្រីថ្លែងថា៖ «ថាមិនឲ្យមកក៏ថាបាន។ ថាមិនឲ្យមកក៏ថាបាន។ មកតែមួយខែ ដាច់បាយ ទាំងម៉ែទាំងកូន។ ចង់តែឲ្យមកវិញទេ ប៉ុន្តែស្រុកយើងដូចជាគ្មានការងារអី គ្នាធ្វើឲ្យបានហ្មត់ចត់ ប្រាកដថាធ្វើមុខនេះ។ ទាល់តែគេអ្នកចេះ ទើបអាចនៅស្រុកខ្មែរយើងបាន រកលុយរកកាក់បានធ្វើការ។ កូនខ្ញុំនេះ សុទ្ធតែល្ងង់ អក្សរក៏មិនចេះ រៀនបានថ្នាក់ទីបីទីបួន ក៏ឈប់អស់»៕
វេទិកាបញ្ចេញមតិ