ពលរដ្ឋកម្ពុជាមួយចំនួននៅរាជធានីភ្នំពេញ បានបង្ហាញការពេញចិត្តនឹងលោក ចូ បៃដិន (Joe Biden) ដែលត្រូវបានព្យាករណ៍ថា ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយពួកគេសង្ឃឹមថា លោកនឹងគិតគូរប្រយោជន៍ប្រជាពលរដ្ឋច្រើន។
កញ្ញា ហៀង ស៊ាកលីម អាយុ ២១ ឆ្នាំ ជានិស្សិតផ្នែកធនាគារឆ្នាំទី៤នៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងភ្នំពេញនិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ជាអតីតអ្នកជំនួញ ដូច្នេះហើយលោកមិនមានភាពប៉ិនប្រសប់ក្នុងការធ្វើនយោបាយនោះទេ។
«គាត់អត់ធ្លាប់ដើរលើវិស័យរដ្ឋា[ភិបាល] នយោបាយទេ។ គាត់លក្ខណៈគាត់ដូចជាអ្នកវិនិយោគហ្នឹងមួយអ៊ីចឹង។ អ៊ីចឹងអ្វីដែលគាត់ធ្វើ គាត់គិតគិតដល់ចំណុចខ្ពស់ គិតដល់ទាក់ទងនឹងការវិនិយោគ។ អ៊ីចឹងហើយបើយើងនិយាយទៅ ប្រជាពលរដ្ឋខ្លះគាត់អត់យល់ដឹងពីចំណុចហ្នឹងទេ»។
កញ្ញាបានបង្ហាញភាពពេញចិត្ត ពេលលោក បៃដិនឈ្នះការបោះឆ្នោតហើយថាលោក បៃដិន ក៏ទទួលបានការគាំទ្រពីប្រធានាធិបតីមុនៗ ក្នុងនោះមានលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និងប្រធានាធិបតី ប៊ិល គ្លីនតុន (Bill Clinton)។
និស្សិតរូបនេះនិយាយថា៖ «ខ្ញុំយល់ថា ខ្ញុំសប្បាយចិត្តជាជាងត្រាំ»។
កញ្ញាយល់ថា លោក បៃដិន ជាអ្នកនយោបាយដែលនឹងផ្តោតជាសំខាន់ទៅលើផលប្រយោជន៍និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
«បើតាមខ្ញុំមើល ខ្ញុំគិតថា មនុស្សគាត់មើលទៅដូច stick [ផ្តោតទៅលើ]ប្រជាពលរដ្ឋ។ អ៊ីចឹងហើយខ្ញុំគិតថា គាត់អាចអនុវត្តឬក៏លើកតម្កើងនៅក្នុងការណ៍ដែលចង់និយាយថា ប្រជាជនមានសិទ្ធិមានសិទ្ធិច្រើនអ៊ីចឹងណ៎ា»។
លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក ជាអ្នកនយោបាយជើងចាស់មួយរូប ត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ហើយនឹងក្លាយប្រជាធិបតីទី ៤៦ របស់អាមេរិក។ លោកត្រូវបានព្យាករណ៍ថា នឹងក្លាយជាប្រធានាធិបតីអាមេរិកដែលមានវ័យចាស់ជាងគេបំផុត គឺអាយុ៧៨ឆ្នាំ។
លោក បៃដិន ត្រូវបានអ្នកតាមដាននយោបាយសហរដ្ឋអាមេរិកមើលឃើញថា នឹងធ្វើកិច្ចការសំខាន់ៗមួយចំនួននៅពេលលោកឡើងកាន់តំណែងជាផ្លូវការ។ កិច្ចការស្នូលទាំងនោះ រួមមានការពិចារណាបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក និងការចុះព្រមព្រៀងឡើងវិញសន្ធិសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស ដែលលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញ។
ការឈ្នះឆ្នោតរបស់លោក បៃដិន ក៏អាចនឹងមានឥទ្ធិពលខ្លះៗដែរមកលើប្រទេសកម្ពុជា ពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ។ នេះបើតាមពលរដ្ឋខ្មែរមួយចំនួននៅភ្នំពេញ ដែលវីអូអេបានសម្ភាសនៅថ្ងៃច័ន្ទនេះ។
ពលករចំណាកស្រុកម្នាក់ ដែលកំពុងព្យាយាមដាក់ពាក្យត្រឡប់ទៅធ្វើការនៅប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយក្នុងតំបន់អាស៊ី គឺលោក ប៊ុន ថង រំពឹងថា រដ្ឋបាលរបស់លោក បៃដិន អាចគិតគូរធ្វើយ៉ាងណាឲ្យមានសំឡេងគណបក្សប្រឆាំងសំខាន់មួយ ដែលត្រូវរំលាយគឺគណបក្សសង្គ្រោះជាតិ។
ពលករវ័យ ៣៧ ឆ្នាំរូបនេះនិយាយថា លោកចង់ឃើញមានការប្រកួតប្រជែង ដែលមានអតីតគណបក្សជំទាស់នៅប្រទេសកម្ពុជា៖ «ចង់ឲ្យមានតើ ដើម្បីមានការប្រកួតប្រជែង»។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អនៅកម្ពុជា បានបង្ហាញការសាទរនឹងការឈ្នះឆ្នោតរបស់លោក បៃដិន។ លោកអធិប្បាយលើគណនីហ្វេសប៊ុករបស់លោកថា លោកមិនរំពឹងថានឹងមានការផ្លាស់ប្តូរច្រើនពីគោលនយោបាយការបរទេសសហរដ្ឋអាមេរិកទេ ឬក៏ប្រហែលជារដ្ឋបាលថ្មីអាចមានការប្រឈមមុខតិចជាងមុនជាមួយប្រទេសចិន ធៀបនឹងរដ្ឋបាលមុន។
លោក Paul Chambers ដែលជាអ្នកវិភាគនយោបាយនិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃប្រាប់វីអូអេតាមសារអ៊ីមែលថា លោក បៃដិន នឹងព្យាយាមធ្វើឲ្យមានតុល្យការផលប្រយោជន៍ភូមិសាស្ត្រនយោបាយជាមួយតម្លៃសិទ្ធិមនុស្ស។
លោកបានអធិប្បាយបន្ថែមថា៖ «ខ្ញុំគិតថាលោក បៃដិន នឹងមិនបង្ខំខ្លាំងទេលើការពង្រឹងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដូចអ្វីដែលលោក អូបាម៉ា បានធ្វើប៉ុន្តែលោកអាចបង្ខំខ្លាំងលើកិច្ចការនេះជាងលោក ដូណាល់ ត្រាំ។ លោក បៃដិន នឹងរក្សាជំហររបស់ ត្រាំ ជំទាស់នឹងប្រទេសចិនដោយមើលទៅលើសង្គ្រាមត្រជាក់រវាងចិននិងអាមេរិក ដែលកំពុងឡើងកម្តៅខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍»។
ទោះបីមានមតិរិះគន់នឹងការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏មានពលរដ្ឋខ្មែរខ្លះលើកឡើងថា លោក ត្រាំ បានខិតខំធ្វើឲ្យអាមេរិកកា្លយជាប្រទេសខ្លាំងមួយខាងសេដ្ឋកិច្ច។
និស្សិតឆ្នាំទី ៤ ផ្នែកគីមីនិងចំណីអាហារ លោក ហៃ គីមលាំង អាយុ ២0 ឆ្នាំ និយាយថា លោកពេញចិត្តលោក ត្រាំ ដែលលោកថាគិតគូរពីប្រទេសលោកជាងប្រទេសផ្សេងៗទៀត។
លោកនិយាយថា៖ «សម្រាប់មតិខ្ញុំផ្ទាល់ហ្មងខ្ញុំគិត ខ្ញុំចូលចិត្តត្រាំព្រោះគាត់គិតលើប្រទេស(របស់)គាត់ផ្ទាល់ខ្លួន...»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិងជាសមាជិកព្រឹទ្ធសភាមួយរូបផង លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនទាន់អាចវាយតម្លៃបានទេនៅពេលនេះចំពោះការអនុវត្តគោលនយោបាយរបស់លោក បៃដិន។
ប៉ុន្តែ លោកថា នយោបាយការបរទេសរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនោះ «ធូរស្រាល» ជាងលោកដូណាល់ ត្រាំ ដោយលោក ត្រាំ ប្រកាន់យកនយោបាយ« ជាតិនិយមជ្រុល» គឺ«America First» ដែលលោកសុខ ឥសាន យល់ថា គិតផលប្រយោជន៍អាមេរិកធំជាងផលប្រយោជន៍ពិភពលោកនិងសម្ព័ន្ធមិត្ត។
គិតមកដល់ល្ងាចថ្ងៃច័ន្ទនេះ កម្ពុជាមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ដើម្បីឆ្លើយតបទៅនឹងការព្យាករណ៍ឈ្នះការបោះឆ្នោតរបស់លោក បៃដិន នោះទេ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនទាន់ឃើញមានការអធិប្បាយណាមួយជុំវិញជ័យជម្នះរបស់លោក បៃដិន ដែរ។
ប៉ុន្តែនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបង្ហាញការយល់ឃើញរបស់លោកថា បើលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលកាលនោះជាដៃគូប្រជែងជាមួយលោក ដូណាល់ ត្រាំត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីអាមេរិក នោះពិភពលោក«អាចនឹងមានសង្គ្រាម»។ លោកបង្ហាញនៅគ្រានោះថាលោកចង់ឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោត។
នៅពេលថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ ពេលដឹងថា លោកបានឈ្នះការបោះឆ្នោតនោះលោក បៃដិនបានប្រាប់ទៅគូប្រកួតរបស់លោកថា៖ «យើងអាចជាគូជំទាស់នឹងគ្នា ប៉ុន្តែយើងមិនមែនជាសត្រូវនឹងគ្នាទេ។ យើងគឺជាពលរដ្ឋអាមេរិកាំង»៕