រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានអបអរសាទរទិវាឯករាជ្យជាតិកម្ពុជាថ្ងៃទី ៩ ខែវិច្ឆិកា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយពីក្រសួងការបរទេសសហរដ្ឋអាមេរិកដែល VOA ទទួលបាននៅថ្ងៃសៅរ៍នេះ។
លោក Pompeo បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ «តាំងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក ខ្ញុំសូមអបអរសាទរប្រជាជនកម្ពុជានៅខួបទី ៦៧ នៃទិវាឯករាជ្យជាតិរបស់ខ្លួន»។
លោក Pompeo បានថ្លែងបន្ថែមទៀតថា៖ «យើងមានកិត្តិយសណាស់ក្នុងការប្រឈមមុខនឹងឧបសគ្គរួមក្នុងនាមជាដៃគូជាមួយនឹងកម្ពុជា ដើម្បីគាំទ្រដល់សុខុមាលភាព សុវត្ថិភាព និងវិបុលភាពនៃប្រទេសទាំងពីរ។ យើងទន្ទឹងរង់ចាំការបង្កើនចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដើម្បីជួយកសាងប្រទេសកម្ពុជាឲ្យកាន់តែមានវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព»។
អ្នកវិភាគកិច្ចការការទូត និងនយោបាយមួយចំនួនទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជាបានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលបានឈានចូលដល់គម្រប់ ៧០ ឆ្នាំ នៅឆ្នាំ ២០២០ នេះ ហាក់មានភាពល្អប្រសើរជាងពេលមុន ជាពិសេសចាប់តាំងពីការចូលកាន់តំណែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា កាលពីខែសីហា ឆ្នាំមុនមក៕