ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​ថា​នឹង​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​ដោយ​មិន​ខ្លាច​ប្រតិកម្ម​ថ្នាំ


ប្រធានាធិបតីចាប់ឆ្នោត Joe Biden ទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នៅមន្ទីរពេទ្យ ChristianaCare Christiana ក្នុងទីក្រុង Newark រដ្ឋ Delaware ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (REUTERS/Leah Millis)
ប្រធានាធិបតីចាប់ឆ្នោត Joe Biden ទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នៅមន្ទីរពេទ្យ ChristianaCare Christiana ក្នុងទីក្រុង Newark រដ្ឋ Delaware ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (REUTERS/Leah Millis)

ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក​ Joe Biden ​ប្រធានាធិបតី​ជាប់ឆ្នោត​បាន​ចាក់ថ្នាំ​វ៉ាក់សាំង​កូវីដ១៩​ដោយ​ផ្សាយ​ទូរទស្សន៍​ដោយ​ផ្ទាល់​ ​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា​ ពួកគេ​កាន់​តែ​មាន​ទំនុកចិត្ត​ហើយ​ថា​ ពួកគេ​នឹង​ចាក់​វ៉ាក់សាំង​នេះ​នៅ​ពេល​វ៉ាក់សាំង​ចែក​ចាយ​ដល់​សហគមន៍​ដោយ​ទូលំ​ទូលាយ​ដោយ​ឥត​គិត​ថ្លៃ​នោះ។​

លោក​ ជា មាស​ រស់​នៅ​ក្នុង​ទីក្រុង ​Philadelphia​ រដ្ឋ​ Pennsylvania​ បាន​អះអាង​ថា​ លោក​បាន​តាមដាន​ការ​ធ្វើ​តេស្ត​សាកល្បង​ជាច្រើន​ដំណាក់​កាល​ ហើយ​បាន​ឃើញ​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ហើយ​ឃើញ​អ្នក​ដឹកនាំ​អាមេរិកាំង​ជាច្រើន​បាន​ចាក់​វ៉ាក់សាំង​នេះ​រួមទាំង​លោក​ Joe Biden ​ផង​ដែរ។​

«ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​ក្រុមហ៊ុន​ធំៗ​ដែល​ចង់​បង្ហាញ​អំពី​ជំនឿ​ដល់​សាធារណ​មតិ​នៅ​ក្នុង​ថ្នាក់​ជាតិ​និង​ថ្នាក់​អន្តរជាតិ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​ខ្លាំង​មែនទែន​ថា​ សូម្បី​តែ​ឥស្សរជន​ជាន់ខ្ពស់​សហ​រដ្ឋ​អាមេរិក​គេនាំ​មុខ​ចាក់​ហើយ​រឿង​អី​យើង​មិន​ហ៊ាន​ចាក់។ អ៊ីចឹង​នេះ​ជា​សារ​នយោបាយ​ពាណិជ្ជ​កម្ម​មួយ​សម្រាប់​ថ្នាំ​ហ្នឹង​ផង​និង​សម្រាប់​ការ​ព្យាបាល​ផង។ ហើយ​ខ្ញុំ​ជឿ​ថា​ បើថ្នាំ​ហ្នឹង​ចេញ​មក​អាច​ព្យាបាល​មាន​ប្រសិទ្ធ​ភាព​ អ្វីៗ​ក្នុង​ពិភព​លោក​អាច​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញ​អ្វី​ទាំងអស់​ សេដ្ឋកិច្ច​នយោបាយ​អី​ឡើង​វិញ»។​

លោក​បាន​បន្ត​ថា លោក​បាន​ដឹង​ឮ​ពី​ប្រតិកម្ម​ថ្នាំ​ដែរ​ក្រោយ​ពី​ការ​ចាក់។​ តែ​រឿង​នោះ​លោក​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​មួយ​ចំនួន​មាន​ប្រតិកម្ម​ថ្នាំ​នោះ​បាន​សាប​ក្រោយ​ពេល​ចាក់​នោះ។

«ជា​ទំនុក​ចិត្ត​ហ្នឹង​ខ្ញុំ​ទុក​ចិត្ត ​៩៩,៩​ភាគរយ​ ដោយ​សារ​ខ្ញុំ​មើល​ទៅ​ថ្នាំ​ហ្នឹង​មក​ចាក់​នៅ​ក្រុង​Philadelphia​ អ្នក​មុខ​អ្នកការ​ឃើញ​គេ​ចាក់​ដែរ​ហើយ​អត់​មាន​ប្រតិកម្ម​អី​ផង»។​

លោក​ សារ៉ាយ យន់​ រស់​នៅ​ក្នុង​ទីក្រុងTacoma​ រដ្ឋ វ៉ាស៊ីនតោន ​បានថ្លែង​ថា ​លោក​មិន​ខ្លាច​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​នេះទេ​ ដោយ​លោក​មាន​ការ​ជឿជាក់​លើ​អ្នក​វិទ្យាសាស្ត្រ​ដែល​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់។​

«ខ្ញុំទុក​ចិត្ត​ព្រោះ​អី​យើង​ដឹង​ហើយ​ថ្នាំ​មិនមែន​ចេះតែ​ធ្វើ​បាន។​តាម​ធម្មតា​ទេ​កាល​ណា​មុន​នឹង​ធ្វើ​ថ្នាំ​ចេញ​មក​គឺ​ថា​អ្នក​ជំនាញ​ការ ​អ្នក​បច្ចេក​ទេស​នេះ​គេ​ធ្វើ​ល្អិតល្អន់​ណាស់។​ អ៊ីចឹង​ខ្ញុំ​នឹង​ចាក់​ប្រសិន​បើ​ជា​តម្រូវ​ថា​ខ្ញុំ​ចាក់»។​

លោក​ថា​លោក​បាន​ចូលរួម​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩​ដែរ​កាលពី​ខែមុន​តែ​មិន​បាន​រក​ឃើញ​ថា​មាន​វិជ្ជមាន​ទេ​ នៅ​ពេល​លោក​ឈឺ​ដៃ​ឈឺ​ជើង​នោះ។ ​លោក​បាន​បញ្ជាក់​ថា​ លោក​ក៏​នឹង​មិន​ខ្លាច​ប្រតិកម្ម​ថ្នាំ​ដែរ​ដោយ​សារ​លោក​ជឿជាក់​ថា​នឹង​មាន​ពេទ្យ​ជំនាញ​ប្រសិន​បើ​មាន​ប្រតិកម្ម​ពេល​ចាក់​វ៉ាក់សាំង​នោះ។

«បាទ​ខ្ញុំ​មិន​ខ្លាច​ប្រតិកម្ម​ទេ​ព្រោះ​យើង​មក​នៅ​ប្រទេស​រីកចម្រើន​ អញ្ចេះ​ទោះ​បី​យ៉ាងណា​ក៏​ដោយ​យើង​មាន​ពេទ្យ​មាន​អី​សព្វ​បែប​យ៉ាង​ទៅ​ឃើញ​ថា​ បើ​មាន​ប្រតិកម្ម​យើង​ជឿ​ថា​យើង​មាន​ពេទ្យ​មាន​អ្នក​ជំនាញ​ការ​នានា​គេ​នឹង​ជួយ​បាន​ហើយ»។​

នៅ​មុន​ពេល​លោក​ចាក់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Pfizer​ និង​ BioNTech​ ដោយ​មាន​ការ​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់​នោះ​ ​ លោក​ Biden​ កាល​ពី​ថ្ងៃច័ន្ទ​បាន​និយាយ​ទៅ​កាន់​គិលានុបដ្ឋាយិកា​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ Newark​ រដ្ឋ​ Delaware ​ថា​«ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ»។​

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​ធ្វើ​នេះ​ដើម្បី​បង្ហាញ​ថា​ពលរដ្ឋ​គួរ​តែ​ត្រៀម​ខ្លួន​ដើម្បី​ចាក់​វ៉ាក់សំាង​នៅ​ពេល​វ៉ាក់សំាង​មក​ដល់។ ​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះទេ»។​

ភរិយា​របស់​លោក​គឺ​អ្នកស្រី​ Jill Biden​ ត្រូវ​បាន​គេ​ចាក់​វ៉ាក់សំាង​មួយ​ដូស​នៅ​ប៉ុន្មាន​ម៉ោង​មុន​លោក Biden​ នៅ​ក្នុង​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​អ្នក​ទំាង​ពីរ​ដែរ។​

មេដឹក​នាំ​សហ​រដ្ឋ​អាមេរិក​ផ្សេងៗ​ទៀត​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សំាង​កាល​ពី​សប្ដាហ៍​មុន​រួម​មាន​លោក​អនុ​ប្រធានាធិបតី​លោក​ Mike Pence​ ប្រធាន​រដ្ឋសភា​អ្នកស្រី ​Nancy Pelosi ​និង​ប្រធាន​ក្រុម​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភា​លោក​ Mitch McConnell​ នៃ​គណបក្សសាធារណរដ្ឋ។

លោក ​ងាវ ឈានស្រេង ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​ Minnesota​ បាន​ថ្លែង​ថា​ នៅ​ពេល​ដែល​ថ្នាំ​វ៉ាក់សាំង​នេះ​ត្រូវ​ផ្តល់​ជូន​ពលរដ្ឋ​ទូលំ​ទូលាយ​លោក​នឹង​ចាក់​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ទេ។​

«ខ្ញុំ​ត្រូវតែ​ចាក់​ព្រោះ​សហ​រដ្ឋ​អាមេរិក​គេ​រើស​ថ្នាំ​ល្អៗ​ណាស់ ​ហើយ​សុទ្ធតែ​គេ​អ្នក​ចេះ​ដឹង។​ យើង​ខ្លាចអី?យើង​មក​នៅ​ប្រទេស​គេ​អភិវឌ្ឍន៍​ល្អ​ហើយ»។​

លោក​បាន​បន្ត​ថា ​នៅ​រដ្ឋ​ Minnesota​ មាន​ឆ្លង​ច្រើន​ រួមទាំង​សមាជិក​គ្រួសារ​លោក​ផង​ តែ​គាត់​បាន​បង្ឃាំង​ខ្លួន​ឯង​ក្នុង​ផ្ទះ​តាម​ច្បាប់​តាម​ការ​ណែនាំ ​និង​បាន​ទទួល​ទាន​ថ្នាំ​ថែ​រក្សា​សុខភាព​ហើយ​ក៏​ជា។​

ពលរដ្ឋ​អាមេកាំង​ជាច្រើន​ក៏​នៅមិន​ទាន់​មាន​ជំនឿ​នៅ​ឡើយ​ដែរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន​ចំនួន​ពីរ​នេះ​ទោះ​បី​ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ​ស.រ.អា.​(FDA) ​បាន​សម្រេច​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ​ក្តី។​ ពួកគេ​មាន​ដោយក្តី​បារម្ភ​ដូច​ជា​វ៉ាក់សាំង​គ្រុន​ឬ​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​ដែល​តម្រូវ​ឲ្យ​ចាក់​ជា​ប្រចាំ​ឆ្នាំ​ដែល​ខ្លះ​ចាក់ហើយ​ខ្លះ​មិន​ចាក់​ក៏​មាន។​

វ៉ាក់សំាង​កូវីដ១៩​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន ​Moderna​ ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​តាម​រដ្ឋ​នានា​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្រោយ​ពី​ទីភ្នាក់ងារ​ស្បៀងអាហារ​និង​ឱសថ​របស់​សហ​រដ្ឋ​អាមេរិក(FDA) បាន​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន​ Moderna ​នេះ ​ក្នុង​ករណី​បន្ទាន់​កាល​ពី​ថ្ងៃ​សុក្រ។​

ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ក្រុមហ៊ុន​ Moderna​ និង​ក្រុមហ៊ុន ​Pfizer-BioNTech ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ដើម​ខែ​ធ្នូ​នោះ​គឺ​ជា​ការ​វិវត្ត​យ៉ាង​សំខាន់​មួយ​ក្នុង​កិច្ច​ប្រឹងប្រែង​ផលិត​វ៉ាក់សំាង​របស់​សហ​រដ្ឋ​អាមេរិក។​

នៅ​ក្រោយ​ពេល​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​(CDC)​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាល​ពី​ដើម​ខែ​ធ្នូ​ថា​ ពលរដ្ឋ​អាមរិកាំង​ដែល​មាន​ហានិភ័យ​ខ្ពស់​នឹង​ទទួល​វ៉ាក់សាំង​មុនគេ​នៅ​ពេល​វ៉ាក់សាំង​នេះ​ទទួល​បាន​ការ​យល់​ព្រម​ឲ្យ​ប្រើប្រាស់​សម្រាប់​គ្រា​អាសន្ន​ពី​ ទីភ្នាក់ងារ​ FDA ​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​មាន​ការ​ទុក​ចិត្ត​ទាំងស្រុង​នៅ​ឡើយ​ដែរ ​ដោយ​ខ្លះ​ចោទ​សួរ​ពី​គុណភាព​និង​ប្រតិកម្ម​ថ្នាំ​នេះ​ ទាក់ទង​នឹង​ការ​បង្ក​ដល់​សុខភាព​ដល់​ពួកគេ​ទេ​ប្រសិនបើ​គេ​ប្រើប្រាស់។​

លោកស្រី​ គួច ធានវី ​នាយិកា​សមាគម​គាំទ្រ​សុខភាព ​Khmer Health Advocates​ ដែល​ផ្តល់​ឱវាទ​ផ្នែក​សុខភាព​និង​ផ្តល់​សេវាកម្ម​សុខាភិបាល​ផ្នែក​ខ្លះ​មិន​គិត​ថ្លៃ​ក្នុង​រដ្ឋ ​Connecticut អះអាង​ថា​មាន​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ព្រួយ​បារម្ភ​ចំពោះ​វ៉ាក់សាំង​ថ្មី​នេះ។​ លោកស្រី​បាន​អះអាង​ថា ​ពួកគេ​បាន​សួរ​ថា​តើ​ការ​ប្រើប្រាស់​នឹង​មាន​ផល​ប៉ះពាល់​អ្វី​ប្រតិកម្ម​អ្វី​ដល់​ពួកគេ។​ ក្រៅពី​អះអាង​ថា​មាន​ជា​ឃ្លីប​វីដេអូ​ពន្យល់​ច្រើន​អំពី​រឿង​សុខភាព​ពេល​មាន​ការ​ឆ្លង​រាតត្បាត​វិធី ​ការពារ ​និង​រឿង​វ៉ាក់សាំង​នេះ​ផង​នោះ​ លោកស្រី ​គួច ធានវី​បាន​ពន្យល់​ថា​ ការ​ប្រើប្រាស់​ត្រូវ​ប្រយ័ត្ន​ហើយ​ត្រូវ​មើល​ពី​វិធី​ឬ​របៀប​ប្រើ​ដែល​គេ​ប្រាប់​ជាមុន​សិន​ហើយ​ក៏​ត្រូវ​តាម​មើល​ព័ត៌មាន​ថា​តើ​វ៉ាក់សាំង​នោះ​ត្រូវ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ប្រើ​ឬទេ?

«ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​នេះ ​ជម្រាប​បងប្អូន​ខ្មែរ​យើង​ថា​សំខាន់​ណាស់​បើ​សិន​ណា​ជា​គេ​មាន​វ៉ាក់សាំង​ហ្នឹង​ធម្មតា​គេ​មិន​ដែល​ចេះតែ​យក​មក​ចាក់​ទេ​គឺ​គេ​ប្រាប់​យើង​មុន ​មួយ​ ពីរ ​បី ​បួន ​ប្រាំ​ អ៊ីចឹង​ទៅ​គឺ​ដើម្បី​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​មុន​នឹង​ចាក់»។

លោកស្រី​បាន​បញ្ជាក់​ថា​សម្រាប់​លោកស្រី​ផ្ទាល់ខ្លួន​ លោកស្រី​នឹង​ចាក់​វ៉ាក់សាំង​នេះ​ព្រោះ​ជា​រឿង​សំខាន់​សម្រាប់​សុខភាព។​

មនុស្ស​នៅជុំវិញ​ពិភពលោក​ចំនួន​ជាង​ ៧៨​លាន​នាក់​ បាន​ឆ្លងវីរុស​កូរ៉ូណា​និង​ចំនួន​ជាង​១​លាន​៧សែន​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ដែល​ផ្ទុះ​ឡើង​ដំបូង​នៅក្នុង​ទីក្រុង​វូហាន​ប្រទេស​ចិន។​ នេះ​បើតាម​តួលេខ​នៃ​សាកល​វិទ្យាល័យ ​John Hopkins ​កាលពី​ថ្ងៃ​ពុធ។​ ដោយ​ឡែក​ពលរដ្ឋ​អាមេរិកាំង​ចំនួន​ជាង​ ១៨​លាន​នាក់​ បាន​ឆ្លង​ហើយ​ពលរដ្ឋ​អាមេរិក​ចំនួន​ជាង​ ៣២​ម៉ឺន​នាក់ ​បាន​ស្លាប់។​

អង្គការ​សុខភាព​ពិភពលោក​បាន​ចាប់ផ្តើម​ប្រកាស​អាសន្ន​ទូទាំង​ពិភពលោក​ កាលពី​ខែ​មីនា​ឆ្នាំ​២០២០​ក្រោយ​ពេល​ដែល​ជំងឺ​នេះ​បាន​ឆ្លង​រាត​ត្បាត​ជាសាកល​ខ្លាំង​ឡើង​ធ្វើ​ឲ្យមាន​ការ​បិទ​ប្រទេស​បិទសេដ្ឋកិច្ច ​បិទ​ការ​ធ្វើ​ដំណើរ​បិទ​សាលារៀន ​បិទ​ការិយាល័យ​ធ្វើការ​រដ្ឋ​និង​ ឯកជន ​ហើយ​បង្ក​ជា​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​ មុខ​ជំនួញ​ធ្ងន់ធ្ងរ​និង​ជំរុញ​ឲ្យ​មនុស្ស​ផ្លាស់ប្តូរ​ឥរិយាបទ​ក្នុង​ការ​រស់នៅ​និង​ទំនាក់​ទំនង​ជា​ដើម​នោះ។​

ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទាំង​នេះ មាន​ការ​ការពារ​ពី​មន្ត្រី​សន្តិសុខ​ ហើយ​នឹង​ផ្ទុក​នៅ​ក្នុង​ទូ​ទឹកកក​ដែល​មាន​ចាក់​សោរ​ត្រឹមត្រូវ។​ ក្រុម​ពលរដ្ឋ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដូចជា​មនុស្ស​វ័យ​ចំណាស់​នៅ​មណ្ឌល​មនុស្ស​ចាស់​ជរា​ និង​បុគ្គលិក​សុខាភិបាល​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​នេះ​មុន​គេ។​

កាល​ពី​ថ្ងៃ​សុក្រ​ទីភ្នាក់ងារ​ FDA​ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ក្នុង​គ្រា​បន្ទាន់​នូវ​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន​ Moderna​ នេះ។​ នេះ​គឺ​ជា​វ៉ាក់សាំង​លើក​ទី ២ ​ហើយ ដែល​ទីភ្នាក់ងារ​នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រើ។​

វ៉ាក់សាំង​កូវីដ១៩​លើក​ទី​មួយ​ ដែល​ទីភ្នាក់ងារ​នេះ​បាន​អនុញ្ញាត​គឺ​វ៉ាក់សាំង​ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ Pfizer ​និង​ក្រុមហ៊ុន​ BioNTech ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី ១១ ​ខែ​ធ្នូ​កន្លង​ទៅ​នេះ៕


XS
SM
MD
LG