លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានទទួលការចាក់វ៉ាក់សំាងកូវីដ១៩ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីច័ន្ទម្សិលមិញ ដើម្បីបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកាំងថា ការចាក់វ៉ាក់សាំងនេះ គឺមានសុវត្ថិភាព។
លោក Biden បាននិយាយថា «ខ្ញុំត្រៀមខ្លួនរួចហើយ» ទៅកាន់គិលានុបដ្ឋាយិកាម្នាក់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Newark រដ្ឋ Delaware កាលពីថ្ងៃច័ន្ទ នៅមុនពេលលោកត្រូវបានគេចាក់វ៉ាក់សំាង ដែលផលិតដោយក្រុមហ៊ុន Pfizer and BioNTech។
លោកបាននិយាយថា៖ «ខ្ញុំធ្វើនេះដើម្បីបង្ហាញថា ពលរដ្ឋគួរតែត្រៀមខ្លួន ដើម្បីចាក់វ៉ាក់សំាង នៅពេលវ៉ាក់សំាងមកដល់។ គ្មានអ្វីត្រូវបារម្ភនោះទេ»។
ភរិយារបស់លោកគឺ អ្នកស្រី Jill Biden ត្រូវបានគេចាក់វ៉ាក់សំាងមួយដូស នៅប៉ុន្មានម៉ោងមុនលោក Biden នៅក្នុងមន្ទីរពេទ្យតែមួយ ដែលនៅក្បែរផ្ទះរបស់អ្នកទំាងពីរ។
មេដឹកនាំសហរដ្ឋអាមេរិកផ្សេងៗទៀត ដែលបានទទួលការចាក់វ៉ាក់សំាងកាលពីសប្ដាហ៍មុនរួមមានអនុប្រធានាធិបតីលោក Mike Pence ប្រធានរដ្ឋសភា អ្នកស្រី Nancy Pelosi និងប្រធានព្រឹទ្ធសភា លោក Mitch McConnell។
លោកប្រធានាធិបតី Donald Trump ដែលបានសម្រាកនៅមន្ទីរពេទ្យកាលពីខែតុលា ដោយសារជំងឺកូវីដ១៩ មិនបាននិយាយថា លោកមានបំណងចាក់វ៉ាក់សំាងឡើយ។
វ៉ាក់សំាងដែលផលិតដោយក្រុមហ៊ុន Moderna ក៏ត្រូវបានគេបញ្ចូនទៅតាមរដ្ឋនីមួយៗ កាលពីថ្ងៃច័ន្ទ ក្រោយពីទីភ្នាក់ងារស្បៀងអាហារនិងឱសថរបស់សហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើវ៉ាក់សាំង Moderna នេះក្នុងករណីបន្ទាន់ កាលពីថ្ងៃសុក្រ។
ការអនុញ្ញាតឲ្យប្រើវ៉ាក់សាំងក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer-BioNTech ដែលត្រូវបានអនុម័តកាលពីដើមខែធ្នូនោះ គឺជាការវិវត្តយ៉ាងសំខាន់មួយក្នុងកិច្ចប្រឹងប្រែងវ៉ាក់សំាងរបស់សហរដ្ឋអាមេរិក៕