ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍អាមេរិក៖ បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​មិន​អំណោយ​ផលដោយ​សារ​អំពើ​ពុករលួយ


ទិដ្ឋភាពសំណង់អគារខ្ពស់ស្កឹមស្កៃនៅទីក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ទិដ្ឋភាពសំណង់អគារខ្ពស់ស្កឹមស្កៃនៅទីក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំ​ថ្មីមួយ​ស្តីពី​បរិយាកាស​វិនិយោគទុន​ឆ្នាំ​២០២៤​ ការិយាល័យកិច្ច​ការ​សេដ្ឋកិច្ច​ និង​ជំនួញ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​កត់សម្គាល់​ចំណុច​ទាក់​ទាញ​មួយ​ចំនួន​សម្រាប់​ការ​បណ្តាក់​ទុន​រកស៊ី​នៅ​កម្ពុជា​ ប៉ុន្តែ​កត្តា​មិន​អំណោចផល​ជា​ច្រើន​បានរុញ​ច្រាន​អ្នក​វិនិយោគ​អាមេរិក​មិន​ឱ្យ​មក​ដាក់​ទុន​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

របាយការណ៍​បាន​បង្ហាញ​ថា ​រាជរដ្ឋាភិបាលកម្ពុជា​ បាន​ផ្តល់​អាទិភាពដល់ការ​ទាក់ទាញ​ការ​វិនិយោគពី​បរទេស​។ ច្បាប់​ស្តីពីការ​វិនិយោគប្រទេសកម្ពុជា បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន ដើម្បីទាក់ទាញ​ការ​វិនិយោគ​ ដូចជា​ភាពជាកម្មសិទ្ធិ១០០ភាគរ​យនៃ​ក្រុមហ៊ុន​របស់​ជនបរទេស​ ការផ្អាក​យកពន្ធ​លើ​សាជីវ​កម្ម​នានា​ជាបណ្តោះអាសន្ន​ អត្រា​ពន្ធសាជីវកម្ម​ដែល​ត្រូវបាន​កាត់​បន្ថយ ការមិនយក​ពន្ធ​លើ​ទំនិញ​មូលធន​ដែល​បម្រើ​ដល់ដំណើរការ​ផលិត​កម្ម​ទំនិញ​ផ្សេងទៀត​ ហើយក៏​គ្មាន​ការរឹត​បន្តឹង​លើ​ការ​ផ្ទេរ​ទុនរបស់​អ្នក​វិនិយោគ​ទៅប្រទេស​ដើមវិញ​។

របាយ​ការណ៍​លើក​ឡើង​ថា​៖«ទោះបីជា​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​នេះ​ក្តី​ ប្រទស​កម្ពុជា​មិន​បាន​ទាក់ទាញ​កម្រិត​នៃ​ការ​វិនិយោគ​របស់​អាមេរិក​បាន​ជាដុំកំភួន​នោះ​ទេ នៅ​ពេល​ដែល​ធៀប​នឹង​ប្រទេស​ជិតខាង​ក្នុង​តំបន់»។

របាយការណ៍​ដដែល​បន្តថា​ ក្រៅពី​ទំហំទីផ្សារ​ប្រទេស​ដែល​តូច​នោះ មានកត្តា​ផ្សេងទៀត​ដែល​មិន​អំណោយ​ផល​ដល់​អ្នក​វិនិ​យោគ​អាមេរិក​ ក្នុ​ងនោះ​ គឺ​អំពើ​ពុករលួយ​ជាប្រព័ន្ធ ការ​ផ្គត់ផ្គង់ពលករ​ជំនាញ​ដែល​នៅ​មាន​កម្រិត ហេដ្ឋា​រចនា​សម្ព័ន្ធ​មិនគ្រប់គ្រាន់ ក្នុង​នោះ​គឺតម្លៃ​ថាមពលខ្ពស់​ កង្វះ​តម្លាភាព​ក្នុង​ដំណើរ​ការ​ផ្តល់​ការ​អនុញ្ញាត​របស់​រដ្ឋាភិបាល​ឱ្យ​មាន​ការ​វិនិយោគខ្លះ​ និង​ការយក​ចិត្តទុក​ដាក់​ដោយ​សម្លឹងទៅ​លើ​ផល​ប្រយោជន៍​ចំពោះ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ឬក្រុមហ៊ុន​បរទេស​ដទៃ​ទៀត​ ដែល​ជាប់ទាក់​ទង​នឹង​អំពើ​ពុករលួយ​ ការ​គេច​វេះ​មិនបង់​ពន្ធ​ ឬម្យ៉ាងទៀត​ គឺការទាញយកប្រយោជន៍ពី​ស្ថានភាព​ទន់​ខ្សោយ​នៃ​បទបញ្ញត្តិ​របស់​កម្ពុជា»។

របាយការណ៍បន្ថែម​ថា៖ «​អ្នកវិនិយោគទុន​បរទេស និង​ក្នុង​ស្រុក​បាន​ត្អូញត្អែរ​ដូចគ្នា​ចំពោះ​បរាជ័យ​របស់​រដ្ឋាភិបាល​ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ជំនួញ​ជួញដូរ​លើ​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​បទ​បញ្ញត្តិថ្មីៗ​។ ទោះជាយ៉ាងណាក៏ដោយ​ អ្នកពាក់​ព័ន្ធក្នុងកិច្ចការ​ជំនួញ​បាន​រាយការណ៍​អំពីការ​ចាប់​ផ្តើម​ពិនិត្យ​លើ​សំណើ​លឿន​ជាង​មុន​ក្រោម​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ​ដើម្បី​ទាក់​ទង​និង​ពិគ្រោះ​យោបល់​សកម្មជាង​មុន​ជាមួយ​វិស័យ​ឯកជន​ ដើម្បីពង្រឹង​បរិយាកាស​វិនិយោគ​ទុន»។

អ្នកឃ្លាំ​មើល​ស្ថានការណ៍កម្ពុជា​ខ្លះ​ រួមមាន​ទាំងអ្នកនយោបាយ​ យល់​ស្រប​នឹង​ការ​លើកឡើង​របស់​របាយការណ៍​ក្រសួងការបទេស​សហរដ្ឋអាមេរិក​។

សហស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ លោក ​អ៊ូ ច័ន្ទរ័ត្ន និងជាអតីតតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ដែល​លែង​ដំណើរការ​ ប្រាប់វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា​ អំពើពុករលួយ​នៅ​ជា​បញ្ហា​ប្រឈម​របស់​ប្រទេស​កម្ពុជា​ ហើយប្រទេសនេះ​ក៏មិន​ទាន់​មាន​ប្រព័ន្ធយុត្តិធម៌មួយ​ដែល​អាច​អារ​កាត់​វិវាទ​ពាណិជ្ជកម្ម ដែល​អាច​គួរ​ឱ្យ​ជឿ​ទុក​ចិត្តបាន​សម្រាប់​អ្នកវិនិយោគមក​ពីប្រទេស​ធំៗ​ ដូចជា​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា៖​ «យើង​ដឹង​ហើយ​បញ្ហា​តុលាការ​នៅ​កម្ពុជា​ ក៏​ធ្វើ​ឱ្យ​អ្នកវិនិយោគ​ទុន​ហ្នឹង​ ពិបាក​មានការ​ទុក​ចិត្ត​ច្រើន​ ព្រោះ​ប្រទេស​គេ​មួយ​ចំនួន​ គេ​ធានា​បាន​ខ្លាំង​មែន​ទែន​ គេ​មាន​ទាំង​តុលាការ​ពាណិជ្ជកម្ម​អី​ជាដើម​សម្រាប់​ដោះស្រាយ​ បញ្ហា​វិវាទ​ រឿង​ពាណិជ្ជកម្ម​អីចឹង។ ប៉ុន្តែ​កម្ពុជា​យើង​មិន​ដឹង​ថា​ម៉េច​ទេ​ ព្រោះ​យើង​ដឹង​ហើយ​សូម្បី​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ហ្នឹង​ក៏​សឹង​តែ​ពិបាក​ទុ​កចិត្ត​រឿង​តុលាការ​ក្តីហ្នឹង​ ព្រោះ​យើង​ឃើញ​ហើយ​ស្រែក​ពេញ​កន្លែង​រឿង​អយុត្តិធម៌​នៅ​ក្នុង​សង្គមយើង​ហ្នឹង​»។

បើតាម​លោក អ៊ូ ច័ន្ទរ័ត្ន​ ប្រទេសចិន​ជា​ប្រទេស​មួយ​ដែល​មាន​ការរក​ស៊ី​ច្រើន​នៅ​កម្ពុជា​ បើ​ធៀប​នឹង​ប្រទេស​ដែល​ផ្តល់​តម្លៃខ្ពស់​ចំពោះ​ការគោរព​សិទ្ធិ​មនុស្ស។

លោក​បន្ថែម​ថា៖ «ហើយ​អ្វី​ដែល​សំខាន់​គឺយើងទាក់​ទាញ​បាន តែ​វិនិយោគ​ចិន​ដែល​ចូលរួមហ្នឹង​ក្នុង​ឋានៈ​ ជា​ដៃគូ​របស់​រាជរដ្ឋាភិបាល​ជាដើម​ ជាពិសេស​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ហ្នឹង​ ច្រើន​តែ​គេហៅ​ថា ​state companies ក្រុមហ៊ុន​របស់​រដ្ឋចិន​អីជាដើមហ្នឹង ចូល​មក​ធ្វើការ​បាន​ដោយ​គ្មាន​ការ​គាប​សង្កត់​អី​ ព្រោះ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ធ្វើការ​ជាមួយរដ្ឋាភិបាល​ហ្នឹង»។

របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិកស្តីពី​បរិយាកាស​វិនិយោគទុន​ឆ្នាំ២០២៤​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ដោយសារ​ក្តីបារម្ភដែល​ពាក់ព័ន្ធនឹង​ការធ្វើ​ជំនួញ​ដូច​បាន​រៀបរាប់​ខាង​លើ​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក រតនាគារ និងក្រសួងពាណិជ្ជកម្ម បាន​ចេញ​សេចក្តីប្រឹក្សាខាង​ជំនួញ​មួយ កាល​ពីខែ​កញ្ញា​ឆ្នាំ​២០២១​ ដើម្បីដាស់តឿន​ក្រុមហ៊ុន​របស់​អាមេរិក​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ ឬពិចារណា​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា ឱ្យ​គិតដល់​ការ​ទាក់ទង​ឆ្លើយឆ្លងគ្នា​ជាមួយ​ស្ថាប័ន​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជំនួញ​បែប​ពុក​រលួយ សកម្ម​ភាពឧក្រិដ្ឋនានា និង​ការរំលោភ​សិទ្ធិ​មនុស្ស។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ស្នើឱ្យ​អ្នកព័ត៌មាន​ទាក់ទង​មន្ត្រី​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) ដែល​វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ នៅ​ថ្ងៃ​សុក្រនេះ។

បើ​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​ ២០២៣ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា កាល​ពី​ខែ​មករា​ឆ្នាំ២០២៤​ កម្ពុជា​ទទួល​បាន​ពិន្ទុ​ចំនួន​តែ២២ ​ស្ថិត​នៅ​លេខ​រៀង​ទី ​១៥៨​ក្នុង​ចំណោម​ប្រទេស​១៨០​លើ​ពិភព​លោក។ នេះ​មាន​ន័យថា ​អំពើ​ពុករលួយ​នៅ​តែ​ជា​ក្តី​បារម្ភ​សម្រាប់​ប្រទេស​កម្ពុជា។

ទោះ​បី​កម្ពុជា​ទទួល​ការ​រិះគន់​ ឬវាយ​តម្លៃថា​ជា​ប្រទេស​មួយដែលអំពើ​ពុករលួយនៅ​មាន​កម្រិត​ខ្ពស់ក្តី​ របាយ​ការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​ឱ្យ​ដឹង​ពី​ចំណុចប្រសើរ​ខ្លះ​របស់​កម្ពុជា។ របាយ​ការណ៍​បាន​បង្ហាញ​ថា​កាល​ពីខែ​កុម្ភៈ ឆ្នាំ២០២៣ ក្រុម​ការងារ​ទទួលបន្ទុកវិធាន​ការហិរញ្ញវត្ថុ​(FATF)​បាន​ដក​ប្រទេស​កម្ពុជា​ចេញពី​«បញ្ជីប្រផេះ» បន្ទាប់​ពី​ក្រុម​ការងារ​ទទួលបន្ទុក​វិធាន​ការ​ហិរញ្ញវត្ថុ​បាន​វាយ​តម្លៃថា​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍនៅ​ក្នុង​ការ​ពង្រឹង​វិធាន​ការ​នៃ​ការ​ប្រឆាំង​នឹង​ការ​លាងលុយ និង​ការទប់​ទល់​នឹង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​អំពើ​ភេរវកម្ម៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG