ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​​យ៉ាង​តិច​៨០​នាក់​ស្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​សូម៉ាលី


ទាហាន​ឈរ​នៅ​ជិត​បំណែក​រថ​យន្ត​នៅ​ទីក្រុង Mogadishu បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ នៅ​ទីក្រុង​នេះ​កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៩។
ទាហាន​ឈរ​នៅ​ជិត​បំណែក​រថ​យន្ត​នៅ​ទីក្រុង Mogadishu បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ នៅ​ទីក្រុង​នេះ​កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៩។

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​នៅ​ឯ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដ៏​មមាញឹក​មួយ​នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ (​Mogadishu) ​របស់​ប្រទេស​សូម៉ាលី ​បាន​កើន​ឡើង​ដល់​យ៉ាង​ហោច​ណាស់​៨០​នាក់​និង​មនុស្ស​ជាង​៩០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។​

ប្រភព​ពី​ប៉ូលិស​និង​មន្ត្រី​ពេទ្យ​បាន​និយាយ​ថា ​នេះ​គឺ​ជា​ឧបទ្ទវហេតុ​ដ៏​សាហាវ​បំផុត​ដែល​បាន​វាយ​ប្រហារ​រដ្ឋធានី​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ។​ ​

រថយន្ត​ផ្ទុក​ជាតិ​ផ្ទុះ​បាន​ផ្ទុះ​នៅ​កណ្តាល​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​ Afgoye ​ក្នុង​ខេត្ត​ Lower Shabelle។

ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ឈ្មោះ​ Ex-Control​ នេះ​គឺ​ជា​ប៉ុស្តិ៍​មួយ​ក្នុង​ចំណោម​ប៉ុស្តិ៍​ប្រមូល​ពន្ធ​លើ​ផ្លូវ​ធំៗ​នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ។ ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ​រថយន្ត​និង​រ៉ឺម៉ក​ដឹក​អ្នក​ដំណើរ​ជិត​១០០​គ្រឿង​កំពុង​តម្រង់​ជួរ​នៅ​ចំណុច​ត្រួត​ពិនិត្យ​សន្តិសុខ​ជា​ប្រចាំ​នៅ​ពេល​មាន​ការ​ផ្ទុះ​នោះ។​

គេ​អាច​មើល​ឃើញ​ផ្សែង​ខ្មៅ​ជាច្រើន​នៅ​ខាង​លើ​រដ្ឋធានី ​ហើយ​សំឡេង​ផ្ទុះ​នេះ​បាន​លាន់ពាស​ពេញ​ទីក្រុង​ដែល​ធ្វើ​ឱ្យ​វា​ជា​ការ​ផ្ទុះ​គ្រាប់​ខ្លាំង​និង​គ្រោះ​ថ្នាក់​បំផុត​នៅ​ម៉ូហ្គាឌីស្យូ។

សាក្សី​បាន​រៀប​រាប់​ទិដ្ឋភាព​ដ៏​រន្ធត់​អំពី​សាកសព​ដែល​ហូរ​ឈាម​នៅ​កន្លែង​ត្រួត​ពិនិត្យ​និង​នៅ​កន្លែង​ជុំវិញ។​ អ្នក​រង​របួស​ស្រែក​ហៅ​ឲ្យ​អ្នក​ជួយ​សង្គ្រោះ​ទាញ​ពួក​គេ​ចេញ​ពី​ក្រោម​យានយន្ត​ជា​ច្រើន​ដែល​ខូច​ខ្ទេចខ្ទី​ដោយ​សារ​ការ​ផ្ទុះ។

មន្ត្រី​ប៉ូលិស​សូម៉ាលី​ជា​ច្រើន​នាក់​ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​ឆែក​ឆេរ​នោះ​និង​ជនជាតិ​តួកគី​ពីរ​នាក់​បង​ប្អូន​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវក៏​បាន​ស្លាប់​ដែរ៕​

XS
SM
MD
LG