មន្រ្តីនិងសកម្មជនសិទ្ធិមនុស្សបាននិយាយថា យោធាសូម៉ាលីបានប្រហារជីវិតពួកសកម្មប្រយុទ្ធ al-Shabab ចំនួន៦នាក់ដោយមិនមានការកាត់ទោស។
លោក Farah Mohamed Turba មេបញ្ជាការយោធាសូម៉ាលីបានប្រាប់ VOA កាលពីថ្ងៃអង្គារថា «បុរសទាំងនោះបានជាប់គុកអស់រយៈពេល៥ខែមកហើយ។ ពួកគេជាផ្នែកមួយនៃអង្គភាពធ្វើឃាត។ ម្នាក់ក្នុងចំណោមពួកគេត្រូវបានគេចាប់ខ្លួននៅពេលដែលកំពុងសម្លាប់ទាហានរដ្ឋាភិបាលហើយការចាប់ខ្លួនជននេះបាននាំឱ្យយើងចាប់ខ្លួនមនុស្ស៥នាក់ទៀត ហើយទីបញ្ចប់ យើងប្រហារជីវិតពួកគេ»។
ពួកសកម្មប្រយុទ្ធត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ដោយអង្គភាពប្រហារជីវិតនៅក្នុងទីក្រុង Bardhere ចម្ងាយប្រហែល៣០០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Mogadishu។
ទីក្រុង Bardhere ដែលជាទីក្រុងកសិកម្មដ៏សំខាន់ ធ្លាប់ជាមូលដ្ឋានរឹងមាំរបស់ពួក al-Shabab នៅក្នុងតំបន់ ប៉ុន្តែទីក្រុងនេះបានធ្លាក់ទៅក្នុងដៃកងទ័ព Ethiopia កាលពីឆ្នាំ២០១៥។
សាច់ញាតិរបស់អ្នកដែលត្រូវប្រហារជីវិតហើយដែលបានទាក់ទងមកវីអូអេពីទីក្រុងនេះបាននិយាយថា នេះជាការប្រហារជីវិតដោយកងកម្លាំងយោធាដោយគ្មានការជំនុំជម្រះដោយយុត្តិធម៌។
លោក Turba បាននិយាយថា ពួកយោធាធ្វើតាមបញ្ជាពីរដ្ឋមន្រ្តីការពារជាតិសូម៉ាលី។ថ្មីៗនេះ នៅពេលដែលពួកសកម្មប្រយុទ្ធបានសម្លាប់ឧត្តមសេនីយ៍យោធាជាន់ខ្ពស់សូម៉ាលីពីរនាក់នៅក្នុងការផ្ទុះមួយ មេបញ្ជាការយោធាជាន់ខ្ពស់និងរដ្ឋមន្ដ្រីការពារជាតិបាននិយាយថា ពួកសកម្មប្រយុទ្ធ al-Shabab គួរត្រូវបានសម្លាប់ភ្លាមៗ។ មិនមានសេចក្តីថ្លែងការណ៍ជាផ្លូវការពីក្រសួងការពារជាតិ ឬប្រមុខកងទ័ពជាតិសូម៉ាលីអំពីការប្រហារជីវិតចុងក្រោយបំផុតនេះទេ។ កាលពីឆ្នាំ២០១៧តុលាការយោធាសូម៉ាលី និងពួកal-Shabab បានសម្លាប់មនុស្សជាង១០នាក់នៅកន្លែងសាធារណៈ ដែលមានមនុស្សពី៣០ទៅ៣០០នាក់៕