លោក ឡាង តេង និងអ្នកស្រី ហ៊ីម ចាន់អឿន ជាភរិយា ប្រកបរបរជាអ្នកលក់បន្លែ នៅក្នុងទីក្រុងភ្នំពេញជាង៤ទសវត្សរ៍មកហើយ។ អ្នកទាំងពីរដែលមានវ័យ៦៨ឆ្នាំដូចគ្នាហើយ លក់នៅក្នុងតូបចំនួនពីរជាប់គ្នា ទំហំប្រមាណ៤ម៉ែត្រការ៉េ នៅក្នុងផ្សារបឹងកេងកងដែលពួកគេផ្លាស់មកតាំងពីអំឡុងឆ្នាំ១៩៩០ ក្រោយចាកចេញពីផ្សារអូឡាំពិក។
លោក ឡាង តេង កំពុងរៀបបន្លែឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ក្រោយពេលដែលអ្នកទិញមួយចំនួន រើរុះបន្លែចម្រុះគ្នាដាក់ក្នុងកញ្ច្រែង ដើម្បីហុចឲ្យប្រពន្ធរបស់លោកដាក់ថ្លឹង និងគិតលុយ។ រួចអ្នកស្រី ចាន់ អឿនហុចបន្លែដែលច្រកក្នុងថង់ប្លាស្ទិក បំបែកជាពីរ ឬបីថង់ ទៅតាមមុខបន្លែផ្សេងៗគ្នាទៅឲ្យអ្នកទិញ។
នេះគឺជាសកម្មភាពលក់ដូរទូទៅនៅក្នុងផ្សារសព្វថ្ងៃដែល លោក ឡាង តេង និយាយថា វាខុសពីអ្វីដែលលោក និងភរិយារបស់លោក ធ្លាប់ចងចាំកាលពីមុនចុងទសវត្សរ៍ទី៩០។ កាលណោះ លោកបានឲ្យដឹងថា អ្នកដើរផ្សារមានទម្លាប់កាន់កន្ត្រកជ័រមួយ ដែលមានពណ៌ក្រហម ខៀវ បៃតង និងពណ៌ផ្សេងៗទៀតដើរទិញម្ហូបអាហារពីតូបមួយទៅតូបមួយ។ពួកគេច្រកម្ហូបអាហារដែលមានត្រី សាច់ បន្លែ ផ្លែឈើ ស៊ុត ជាដើម ទៅក្នុងកន្ត្រកតែមួយ។
នៅក្នុងផ្សារដែលមានសភាពអ៊ូអរ មនុស្សដើរទៅមក លោក ឡាង តេង ចង្អុលទៅអ្នកដើរផ្សារទៅមកដែលក្នុងដៃកាន់ម្ហូបអាហារច្រកក្នុងថង់ប្ទាស្ទិក។ លោកប្រាប់វីអូអេថា៖
«គេមានកន្ត្រកកាន់មកពីមុនមក។ ដល់ក្រោយមក គេបង្កើតអាស្បោងហ្នឹងទៅ លែងមានកន្ត្រកហ្មង។គិតតែរឿងមក ខ្លួនទទេ។ ទិញហើយអាងតែស្បោងគេហ្នឹង។ ម្នាក់ៗ អ៊ីចឹង។ហ៊ឺ...ឥឡូវអូនឯងមើល បើមានកន្ត្រកមួយ? ហ្ន៎! មកហើយ យួរអ៊ីចឹងហ្មង ឃើញទេ សុទ្ធតែស្បោង។ ស្រេចតែហ្មង...»។
បុរសវ័យ៦៨ ឆ្នាំរូបនេះ បានរំឭកទៀតថា លោកធ្លាប់ប្រើប្រាស់ស្លឹកចេក ដើម្បីខ្ចប់បន្លែ និងធ្លាប់ប្រើខ្សែកំប្លោកដើម្បីចង។ ក៏ប៉ុន្តែ លោកថា សម័យបច្ចុប្បន្ន ការវេចខ្ចប់ដោយប្រើប្រាស់របស់ធម្មជាតិទាំងនោះ មិនអាចធ្វើបានទៀតទេព្រោះវាមានតម្លៃថ្លៃខ្លាំង ជាងការប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ច្រក។ លោកប្រើប្រាស់ថង់ប្លាស្ទិកជាង១គីឡូក្រាម ក្នុងមួយថ្ងៃសម្រាប់ច្រកបន្លែ ដោយចំណាយអស់ប្រាក់ប្រមាណ ៥០០០រៀល។ ថង់ប្លាស្ទិក១គីឡូក្រាមតម្លៃពី៤០០០រៀលទៅ៥០០០រៀល ដែលលោកចំណាយពេលដើរ តែប៉ុន្មានជំហានប៉ុណ្ណោះទៅកាន់តូបលក់ថង់ប្លាស្ទិក ប្រមាណជាង១០តូប នៅក្នុងផ្សារបឹងកេងកង។
សព្វថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួនលែងមានទម្លាប់យួរកន្រ្តកទៅផ្សារ ដោយត្រឡប់ទៅវិញយួរម្ហូបអាហារដែលច្រកក្នុងថង់ប្លាស្ទិកជាច្រើន។ សូម្បីតែទម្លាប់ពីដើមនៃការយួរដុំទឹកកក ដែលដំបូងគេអារទឹកកកបន្តិច ដើម្បីស៊កខ្សែកំប្លោកចូល និងចងធ្វើដៃយួរក៏លែងមានដែរ។
ទម្លាប់របស់ពលរដ្ឋកម្ពុជានៅជំនាន់មុនទសវត្សរ៍៩០ ដូចដែលលោកឡាង តេង រំឭកឡើងត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការរស់នៅ«គ្មានកាកសំណល់»(ឬzero-waste)។
ក្រុមអ្នកអភិរក្សបរិស្ថានបានបង្កើតគោលគំនិតជាអន្តរជាតិមួយដែលពួកគេថានឹងឈានទៅកាត់បន្ថយកាកសំណល់ស្ទើរទាំងស្រុង។ សម្ព័ន្ធអន្តរជាតិដើម្បីភាពគ្មានកាកសំណល់ (The Zero Waste International Alliance) ឲ្យនិយមន័យពាក្យថា«ភាពគ្មានកាកសំណល់» ឬ zero-waste ថា ជាការអភិរក្សធនធានទាំងអស់ដោយការអនុវត្តនូវគោលការណ៍ផលិតកម្មដែលមានការទទួលខុសត្រូវ ការប្រើប្រាស់ដែលមានការទទួលខុសត្រូវ ការប្រើប្រាស់ឡើងវិញចំពោះផលិតផលដែលផលិតរួចធនធានដែលវេចខ្ចប់រួចដែលអាចប្រើឡើងវិញបាន និងវត្ថុផ្សេងៗទៀត ដោយគ្មានការដុត និងគ្មានការហូរចូលដី ទឹក ឬខ្យល់ដែលអាចគំរាមកំហែងដល់បរិស្ថាន ឬសុខភាពមនុស្ស។
ក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបញ្ចេញកាកសំណល់រឹងជាង៣០០០តោន។ ជាង៦០% នៃកាកសំណល់រឹងនៅក្នុងទីក្រុង គឺជាកាកសំណល់ពីតាមផ្ទះសម្បែងនានាក្រៅពីនោះ មានកាកសំណល់ដែលចេញពីសណ្ឋាគារ និងផ្ទះសំណាក់(១៦,៧%) ភោជនីយដ្ឋាន(១៣,៨%) ផ្សារ(៧.៥%) ហាងនានា(៥,៤%) និងការិយាល័យ(១,៤%)។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិសិក្សានៅចន្លោះឆ្នាំ ២០១៦-២០១៨។
ក្រៅពីកាកសំណល់សរីរាង្គ ឬកាកសំណល់ជាអាហារកាកសំណល់ប្លាស្ទិកមានច្រើនជាងគេលំដាប់ទី២ គឺជាង ២០%នៃសំណល់រឹងនៅក្នុងទីក្រុង។ ក្នុងមួយថ្ងៃរាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង១០លានថង់។ នេះបើតាមទិន្នន័យឆ្នាំ២០១៩របស់ក្រសួងបរិស្ថាន។
អាជ្ញាធរមូលដ្ឋានបានបើកទីលានចាក់សំរាមខណ្ឌដង្កោ នៅក្នុងឆ្នាំ២០០៩ ហើយបានព្យាករណ៍ថា ទីលានចាក់សំរាមនេះនឹងផ្ទុកសំរាមដោយគ្មានការរអាក់រអួលក្នុងរយៈពេល២៥ឆ្នាំខាងមុខ។
ដីនៃទីលានចាក់សំរាមដែលគេប្រើប្រាស់ក្នុងដំណាក់កាលទី១ មានទំហំ១៤ ហិកតា នៃផ្ទៃដីសរុប៣១ហិកតាត្រូវបានបំពេញអស់ ក្នុងរយៈពេលត្រឹម៥ឆ្នាំ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវនៅឆ្នាំ២០១៦ អំពី«កំណែទម្រង់ការគ្រប់គ្រងសំណល់រឹងនៅរាជធានីភ្នំពេញ»។
«ចាប់តាំងពីការបើកដំណើរការ ទីលានចាក់សំរាម[ដង្កោ]នេះមកបរិមាណសំរាមដែលដឹកចូលក្នុងទីលានចាក់សំរាមនេះបានកើនឡើងពីប្រមាណ៨០០តោនក្នុងមួយថ្ងៃក្នុងឆ្នាំ២០០៩ដល់១.៤៧៥តោនក្នុងមួយថ្ងៃក្នុងឆ្នាំ២០១៤ ហើយបើតាមការព្យាករណ៍ខ្លះ វានឹងកើនឡើងដល់ ២.២០០តោនក្នុងមួយថ្ងៃក្នុងឆ្នាំ២០២០»។ នេះបើយោងតាមការសិក្សាដែលចេញផ្សាយដោយមូលនិធិអាស៊ី។
កាលពីខែឧសភាឆ្នាំ២០១៩លោក កែវ ចាន់ណារិទ្ធ ប្រធានគ្រប់គ្រងទីលានចាក់សំរាមដង្កោបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ទីលានចាក់សំរាមខណ្ឌដង្កោ នឹងផ្ទុកសំរាមពេញនៅចុងឆ្នាំ ២០២០ ឬយ៉ាងយូរនៅដើមឆ្នាំ ២០២១។
លោក Rajeev Kuman Singh អ្នកស្រាវជ្រាវគោលនយោបាយនៅវិទ្យាស្ថានសម្រាប់យុទ្ធសាស្រ្តបរិស្ថានសកល Institute for Global Environmental Strategies (IGES)នៅប្រទេសជប៉ុនបានប្រាប់វីអូអេតាមសារអេឡិចត្រូនិចថា៖ «អាយុកាលដែលគេបានរំពឹងទុកថា អាចប្រើប្រាស់ទីលានចាក់សំរាមដង្កោ គឺគួរតែយូរជាងនេះ»។
លោកក៏ជាអ្នកផ្តល់ការប្រឹក្សាពិគ្រោះយោបល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជាលើការរៀបចំផែនការគ្រប់គ្រងសំរាមដែរ។
កំណើនប្រជាជនយ៉ាងឆាប់រហ័ស លទ្ធភាពកែច្នៃសំរាមបានតិចតួចនិងការរីកចម្រើនទ្រព្យធនគឺជាកត្តាមួយដែលនាំឱ្យមានការកើនឡើងបរិមាណសំរាមយ៉ាងសន្ធឹក ដែលបង្កឲ្យកន្លែងចាក់សំរាមពេញលើសលប់។ នេះបើយោងតាមលោកRajeev Kuman Singh អ្នកស្រាវជ្រាវគោលនយោបាយបរិស្ថាន។
យុទ្ធសាស្ត្រនិងផែនការសកម្មភាពគ្រប់គ្រងកាកសំណល់សម្រាប់រាជធានីភ្នំពេញ ឆ្នាំ ២០១៨-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតសំខាន់ទៅលើការគ្រប់គ្រងសំរាមរួមមានការប្រមូល ដឹកជញ្ជូន និងចោលសំរាម។ ឯកសារដែលមានកម្រាស់១៦៦ ទំព័រជាភាសាអង់គ្លេសចេញផ្សាយកាលពីខែតុលា ឆ្នាំ២០១៨នេះ ពិភាក្សាអំពីសារៈសំខាន់នៃការអនុវត្តគោលការណ៍ឈ្មោះ 3Rs ដែលមានការកាត់បន្ថយ ការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំរាមដើម្បីប្រើឡើងវិញ។ឯកសារនេះបង្ហាញពីភាពចាំបាច់ក្នុងការលើកកម្ពស់ការអប់រំដល់មនុស្សគ្រប់គ្នាដែលជាអ្នកផលិតសំរាមឲ្យយល់ដឹងអំពីរបៀបបោះចោលសំរាមឱ្យបានត្រឹមត្រូវ។
ការចោលសំរាមដោយខ្វះការគ្រប់គ្រងត្រួតពិនិត្យគឺជា«ជម្រើសបាតក្រោមគេបង្អស់» ហើយការកាត់បន្ថយសំរាមឲ្យកាន់តែតិចទៅៗតាមដែលធ្វើបានគឺជា«ជម្រើសដ៏ល្អប្រសើរបំផុត»។ នេះជាការលើកឡើងរបស់លោក Rajeev អ្នកស្រាវជ្រាវគោលនយោបាយបរិស្ថាន។
លោកបន្ថែមទៀតថា៖ «គោលគំនិត«គ្មានកាកសំណល់»ឬ zero-waste នេះអាចអនុវត្តបាននៅក្នុងបណ្តាប្រទេសក្នុងទ្វីបអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរក៏ ប៉ុន្តែលោកថាភាពជោគជ័យរបស់ក្រុមប្រទេសនៅអាស៊ីនេះជាដំណើរមួយដ៏វែងឆ្ងាយ»។
អ្នកលក់ម្នាក់ទៀត អ្នកស្រី ជ្រិន ឆេងលាភ វ័យ៥០ឆ្នាំ ដែលលក់សាច់ជ្រូកស្រស់នៅក្នុងផ្សារបឹងកេងកង បានប្រាប់វីអូអេថាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកដែលបង្កើតជាសំរាមប្លាស្ទិក គួរតែចាប់ផ្តើមពីអ្នកដើរទិញទំនិញក្នុងផ្សារជាដំបូង។ អ្នកស្រីនិយាយយ៉ាងដូច្នេះថា៖
«ទៅរួចទាល់តែអ្នកទិញ អ្នកលក់អត់ចង់ប្រើទេ ប្រសិនណាជាអ្នកទិញ ផ្តើមចេញពីអ្នកទិញ អ្នកទិញហ្នឹងត្រូវមានស្អីៗយកមកដាក់ដោយខ្លួនឯង»។
អ្នកស្រីបញ្ជាក់ថាប្រសិនបើយុទ្ធនាការ និងគោលការណ៍តឹងរ៉ឹងដើម្បីកាត់បន្ថយប្លាស្ទិកនេះធ្វើឡើងនៅតាមផ្សារនានាដែលពលរដ្ឋកម្ពុជាទូទៅនិយមទៅទិញម្ហូបជាប្រចាំថ្ងៃ នោះទំនងជាមានប្រសិទ្ធភាពខ្ពស់បន្ថែមលើការអនុវត្ត និងលើកកម្ពស់យុទ្ធនាការ និងគោលការណ៍នេះនៅក្នុងផ្សារទំនើប។
អ្នកស្រីបន្តថា៖ «អាហ្នឹងបើគេមានវិធានការគេ នោះសប្បាយចិត្តទៅវិញ។ តាមការណ៍ពិត បើផ្សារគេឧស្សាហ៍ដើរចុះប្រកាសមេក្រូអាហ្នឹងគេយល់ដឹងច្រើនជាង។ ម្នាក់ៗដូចថា មានស្អីៗ យកមកសាគួហ្មងណា៎។ ដល់ពេលអ៊ីចឹងមួយៗធ្វើដែរ។ គេម៉េច អញម៉េច តាមគ្នា»។
សកម្មជនដែលស្រឡាញ់ការពារបរិស្ថាន និងអង្គការអន្តរជាតិនានាបាននិងកំពុងបង្កើនការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពី គោលការណ៍ 3Rs ដែលមានការកាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំរាមដើម្បីប្រើឡើងវិញ។ ភាគច្រើន ពួកគេចាប់អារម្មណ៍ទៅលើការកាត់បន្ថយសំរាមប្លាស្ទិក ជាជាងការឈានទៅរក«ភាពគ្មានសំណល់» ឬ zero-waste។
កញ្ញាអាត សុធាវី ស្ថាបនិកនៃយុទ្ធនាការឈ្មោះ Think Plastic ដែលផលិតជាវីដេអូបង្ហោះលើគណនីហ្វេសប៊ុកដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់និងការកាត់បន្ថយប្លាស្ទិកបាននិយាយថា ប្រទេសកម្ពុជាត្រូវធ្វើឲ្យមានការគ្រប់គ្រងសំរាមប្រសើរឡើង ជាមុនសិន មុននឹងឈានដល់«ភាពគ្មានសំណល់» ឬ Zero Waste។
«និយាយរួមអត់ដែលបានគិតរឿងហ្នឹងហ្មង។ អត់ដែលបានគិតថា ខ្លួនឯងនឹងឈានទៅដល់ Zero Waste ហ្នឹងហ្មង។ ដូចខ្ញុំថាអ៊ីចឹងវា Too Extreme[ជ្រុលពេក]»។
កញ្ញាបន្តថា៖ «ខ្ញុំសឹងតែថា និយាយអត់ចេញហ្មងពីព្រោះទី១ខ្ញុំអត់ទាន់ឮថា មានPolicy [គោលនយោបាយ]អីទាក់ទងជាមួយនឹង zero wasteផង។ សួរថាហេតុអីបានយើងឈានមួយជំហានភ្លាមឡើងមកដល់ជំហានទី១០នៅពេលយើងទើបតែចាប់ផ្តើមជំហានមួយ ពីរ បី ទើបតែចាប់ផ្តើមនិយាយពី Waste Management ហ្នឹង»។
អ្នកលក់នៅក្នុងផ្សារ ដូចជាលោក ឡាង តេង និងអ្នកស្រី ជ្រិន ឆេងលាភ បានឲ្យដឹងថា ប្រសិនបើពួកគាត់ត្រូវគេតម្រូវឲ្យប្រើប្រាស់ការវេចខ្ចប់ដោយមិនប្រើថង់ប្លាស្ទិក នោះពួកគាត់ត្រូវចំណាយច្រើនណាស់។ ស្លឹកឈូក ឬស្លឹកចេក ដែលធ្លាប់ងាយរកបាននោះ ឥឡូវមានតម្លៃប្រមាណ១០០០រៀល ត្រឹមតែបីឬបួនស្រទាប់។
ការប្រើប្រាស់កន្រ្តក ស្លឹកចេក ស្លឹកឈូក ខ្សែកំប្លោក ដើម្បីវេចខ្ចប់ និងយួរឥវ៉ាន់ ទៅផ្សារប្រចាំថ្ងៃគឺសក្តិសម និងអាចអនុវត្តបាននៅក្នុងជំនាន់ដែល លោក ឡាង តេងទើបតែចាប់ផ្តើមអាជីវកម្មរបស់លោក។ ប៉ុន្តែ ឥឡូវនេះ ថង់ប្លាស្ទិកមានតម្លៃថោកនៅក្នុងទីផ្សារ ងាយស្រួលរក និងងាយស្រួលប្រើដែលធ្វើឲ្យប្រមាណ២ទសវត្សរ៍ចុងក្រោយនេះថង់ប្លាស្ទិករាប់លាន ត្រូវបានប្រើប្រាស់ក្នុងការវេចខ្ចប់ទំនិញប្រចាំថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។
អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានលើកឡើងអំពីការវិវត្តយ៉ាងដូច្នេះនៅទីក្រុងភ្នំពេញដែលមានចំនួនប្រជាជនរស់នៅជាង២,២លាននាក់។
តាមអ្វីដែលរបាយការណ៍នៅក្នុងឆ្នាំ២០១៩របស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានលើកឡើង ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ក្នុងការគ្រប់គ្រងកាកសំណល់ «នោះ ការកែច្នៃសំរាមប្លាស្ទិកប្រកបដោយប្រសិទ្ធភាពនៅកម្ពុជាគឺស្ទើរតែមិនអាចទៅរួចទេ»។
លោក Nick Beresford នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានឲ្យដឹងថា ខណៈពេលដែលកម្ពុជាចាំបាច់ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង និងកាត់បន្ថយកាកសំណល់រាជរដ្ឋាភិបាល និងដៃគូត្រូវគិតគូរឱ្យបានច្បាស់ទៅលើដំណើរការនៃការរៀបចំគោលនយោបាយ និងសកម្មភាពការងារ។
លោកលើកឧទាហរណ៍អំពីការផ្លាស់ប្តូរការវេចខ្ចប់ដោយគ្មានប្រើប្រាស់ប្លាស្ទិក ដោយសួរថា តើពលរដ្ឋទូទៅអាចរងផលប៉ះពាល់ខាងសេដ្ឋកិច្ចរបស់ពួកគេដែរឬទេ ដោយសារថា ការប្រើប្រាស់របស់ដែលជំនួសថង់ប្លាស្ទិកសម្រាប់ការវេចខ្ចប់អាចមានតម្លៃថ្លៃ ដែលអាជីវករខ្នាតតូចមិនអាចមានលទ្ធភាពប្រើបាននោះ។
លោកមានប្រសាសន៍ថា៖ «យើងចង់ធ្វើការផ្លាស់ប្តូរនេះដោយមិនមានដាក់បន្ទុកមកលើប្រជាជនក្រីក្របំផុត»។
លោក Nick Beresford បន្ថែមថា៖ «នេះគឺជាចំណុចសំខាន់នៃបញ្ហាដែលយើងកំពុងសម្លឹងមើលជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាពីព្រោះវាទៅមិនរួចទេ ដែលយើងគ្រាន់តែប្រកាសហាមឃាត់ការប្រើប្រាស់ប្លាស្ទិកដោយយើងមិនបានបង្កើតជម្រើសល្អៗផ្សេងៗឲ្យពួកគាត់នោះ»៕