លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានគេដឹងថា ជាឥស្សរជននយោបាយខ្មែរទីពីរដែលបានទទួលមរណភាពនៅប្រទេសចិន បន្ទាប់ពីអតីតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហនុ។ ព្រះបាទនរោត្តម សីហនុ បានសោយទិវង្គតនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិននៅក្នុងឆ្នាំ២០១២ បន្ទាប់ពីទ្រង់បានបន្តទទួលការទទួលបាលព្រះរោគនៅទីនោះអស់ជាច្រើនឆ្នាំ និងមិនសូវបានគង់ក្នុងប្រទេសរបស់ទ្រង់នោះឡើយ។
ការស្លាប់របស់លោក សុខ អាន នៅក្នុងប្រទេសចិននេះបង្ហាញដល់សាធារណជនខ្មែរថា គុណភាពនៃការព្យាបាលជំងឺធ្ងន់ធ្ងរក្នុងប្រទេស គឺស្ថិតក្នុងកម្រិតមួយដែលមិនទាន់អាចទុកចិត្តបាននោះទេ។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកឃ្លំាមើលដំណើរវិវត្តន៍របស់សង្គមកម្ពុជា។
លោក សុខ អាន ដែលគេដឹងថា បានកាន់តួនាទីជាច្រើននៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ក្រៅតែពីមានមុខងារជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនោះ បានទទួលមរណភាពកាលពីថ្ងៃពុធ នៅក្នុងមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធ ក្នុងអាយុ៦៦ឆ្នាំ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពប្រាប់ VOA នៅថ្ងៃព្រហ្បតិ៍នេះថា ឥស្សរជនខ្មែរ ខុសពីឥស្សរជននៃប្រទេសក្បែរខាងរបស់កម្ពុជាដែលសុខចិត្តទទួលការព្យាបាលជំងឺក្នុងប្រទេសរបស់ខ្លួន ហើយលាចាកលោកនៅក្នុងប្រទេសរបស់ខ្លួនដែរ។ លោកនិយាយថា នេះទំនងបណ្តាលមកពីគុណភាពនៃការព្យាបាលជំងឺក្នុងប្រទេសនៅបន្តមានបញ្ហានៅឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសនោះគឺឥស្សរជនខ្មែរដែលមានឋានៈខ្ពង់ខ្ពស់ ត្រូវបង្ខំចិត្តទៅទទួលការព្យាបាលនៅក្រៅប្រទេស។
«លោក លី ក្វាន់យូ គាត់ស្លាប់ តាមខ្ញុំដឹងគាត់ស្លាប់នៅក្នុងប្រទេស។ ស្តេចថៃសោយទិវង្គតនៅក្នុងមន្ទីរពេទ្យនៅក្នុងប្រទេសថៃ។ ប៉ុន្តែសម្រាប់ ថ្នាក់ដឹកនាំ ឬក៏ឥស្សរជនជាន់ខ្ពស់របស់កម្ពុជាយើង ក្នុងនោះរួមមានអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តមសីហនុ ហើយឥឡូវនេះ គឺលោកសុខ អាន មួយទៀត ហើយក៏មុនហ្នឹងក៏មានព័ត៌មានចចាមអារ៉ាមថា លោកមិន ឃិន នោះ ដែលជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាហ្នឹងគាត់ ទៅមើលជំងឺនៅប្រទេសថៃដែរនែ៎»។
លោកថ្លែងបន្តថា៖
«បាទអញ្ចឹងចំណុចនេះ បានបញ្ជាក់យ៉ាងច្បាស់ថាគុណភាពនៃសេវាឬក៏ការទុកចិត្តទៅលើសេវាសុខាភិបាលនៅកម្ពុជាហ្នឹង កំពុងតែមានបញ្ហាហើយ បញ្ហាបានន័យថា បញ្ហាត្រង់ថា ខ្វះនូវជំនឿទុកចិត្ត ជំងឺធ្ងន់ៗហ្នឹងគឺ ទាំងឥស្សរជន ទាំងគេហៅថា្នក់ដឹកនាំកំពូលរបស់ជាតិហ្នឹងតែងតែទៅរកសេវានៅក្រៅប្រទេស»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គមនៅប្រទេសកម្ពុជា ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថាលោក សុខ អាន ជាអ្នកនយោបាយខ្មែរទីពីរ ដែលបានស្លាប់នៅប្រទេសចិន។ លោកថា កង្វះទំនុកចិត្តលើសេវាព្យាបាលជំងឺក្នុងប្រទេស បានបង្ខំឲ្យមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជារូបនេះ ចាកចេញពីប្រទេសទៅទទួលការព្យាបាលនៅក្រៅស្រុក។ លោកមានប្រសាសន៍ថា ការណ៍នេះ គឺផ្ទុយពីមេដឹកនាំផ្សេងទៀតក្នុងតំបន់ ដូចជាសេ្តចប្រទេសថៃដែលទ្រង់មិនចាកចេញពីប្រទេសនៅគ្រាទ្រង់ប្រឈួនខ្លាំង ហើយបន្តទទួលការព្យាបាលជំងឺក្នុងប្រទេសទ្រង់រហូតដល់ទ្រង់សោយទិវង្គត។
«តាំងពីប្រឈួនរហូតដល់សោយទិវង្គតហ្នឹង លោកស្នាក់នៅក្នុងទីក្រុងបាងកករហូត នេះជាការខុសប្លែកគ្នារវាងសេវាកម្មសុខភាពនៅក្នុងស្រុកយើង ហើយនឹងនៅប្រទេសថៃ»។
លោក មាស នី បន្ថែមថា៖ «អាចជាទំនុកចិត្តដែលអ្នកដឹកនាំគេមានទៅលើសេវាកម្មរបស់គេ ជួនកាលសេវាកម្មរបស់យើង គឺមិនត្រឹមតែធ្វើឲ្យពលរដ្ឋខ្លួនឯងមិនទុកចិត្តទេ ជួនកាលមន្ត្រីជាន់ខ្ពស់របស់ស្រុកខ្មែរ ខ្លួនឯងហ្នឹង ក៏មិនទុកចិត្តសេវាកម្មហ្នឹងដែរ»។
VOA ព្យាយាមសុំការអធិប្បាយពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីសុំសេចក្តីអធិប្បាយពាក់ព័ន្ធនឹងគុណភាពព្យាបាលជំងឺនៅកម្ពុជា តែលោកមិនលើកទូរស័ព្ទ។ VOA ក៏មិនបានទទួលសេចក្តីអធិប្បាយពីលោក លី សុវណ្ណអ្នកនាំពាក្យក្រសួងសុខាភិបាលផងដែរ ដោយសារទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
ការស្លាប់របស់លោក សុខ អាន ក៏ទទួលរងការរិៈគន់ខ្លាំងៗផងដែរពីសាធារណជនខ្មែរ ទៅលើការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅ ៧៥០ ០០០ដុល្លារអាមេរិក។
ក្រៅពីលោក សុខ អាន ដែលចេញទៅទទួលការព្យាបាលជំងឺនៅក្រៅប្រទេស មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនផ្សេងទៀតក៏ត្រូវគេដឹងថា បានចេញទៅទទួលការព្យាបាលជំងឺនៅក្រៅប្រទេសផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវបានគេដឹងថាបានចេញទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី។ ចំណែក លោក ប៉ែន សុវណ្ណ អតីតសហការីលោក ហ៊ុន សែន និងជាអតីតនាយករដ្ឋមន្ត្រីខ្មែរ ក៏បានចេញទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី មុនពេលលោកទទួលមរណភាពនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន៕