លោក សុខ អាន ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាដ៏មានអំណាចនិង ជាដៃគូដ៏ជិតស្និទ្ធរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីទសវត្សរ៍ឆ្នាំ៧០បានទទួលមរណភាពកាលពីម្សិលមិញ។ ការលាចាកលោករបស់លោក សុខ អាន ជាការបាត់បង់ដ៏ធំរបស់គណបក្សប្រជាជន។
ជាសន្តិសុខមួយរូប ដែលបំពេញការងារនៅក្បែរគេហដ្ឋានរបស់លោក សុខ អាន លោក ស៊ុន វន វ័យ៣៥ ឆ្នាំ ធ្លាប់បានជួប លោក សុខ អាន ពេលលោក សុខ អាន ដើរហាត់ប្រាណ ក្នុងឯកសណ្ឋានកីឡា នៅជិតគេហដ្ឋាន ចំនួន២ដង និងធ្លាប់បានឃើញ លោក សុខ អាន ជិះរថយន្តកាត់មុខលោកជាច្រើនដង។
លោក ស៊ុន វន នៅចាំមិនទាន់ភ្លេច ដែលកាលពីឆ្នាំមុនលោកទទួលបានប្រាក់ចំនួន៥ ម៉ឺនរៀល ជាអំណោយពីលោក សុខ អានក្នុងឱកាសបុណ្យចូលឆ្នាំ។ ក្រៅពីនេះ លោកថា លោក សុខ អាន និងក្រុមគ្រួសារក៏ធ្លាប់រៀបចំជាចំណីអាហារ ឬ ផ្លែឈើចែកជូនអ្នកជិតខាង ក្នុងឱកាសបុណ្យទាននានាផងដែរ។
លោក ស៊ុន វន ថ្លែងប្រាប់ VOA ទៀតថា នាប៉ុន្មានខែចុងក្រោយ លោកមិនបានឃើញមុខ លោក សុខ អាន ញឹកញាប់ដូចមុនទៀតទេ ពោលគឺក្រោយពេលដែលលោក សុខ អាន ធ្លាក់ខ្លួនឈឺ។
«បើជិះឡានរាប់មិនភ្លេចដែរ តែដើរតែ២ដងទេ។ គាត់ដើរភាគច្រើន មកត្រឹមហ្នឹង គាត់បកទៅវិញ របៀបគាត់ហាត់ប្រាណអីហ្នឹង»។
អ្នកជិតខាងដទៃទៀត ដែលរស់នៅក្បែរខាង លោក សុខ អាន ឲ្យដឹងថា ពួកគេគ្រាន់តែធ្លាប់ឃើញ លោកសុខ អានជិះរថយន្តកាត់ពួកគេ រួចចូលផ្ទះរបស់លោកប៉ុណ្ណោះ រីឯអ្នកខ្លះទៀតគ្រាន់តែស្គាល់ផ្ទះលោក សុខ អាន ប៉ុន្តែមិនធ្លាប់ជួបលោកនៅផ្ទះទេសូម្បីតែម្តង។
២ថ្ងៃ ក្រោយលោក សុខ អាន ទើបតែទទួលបានគោរមងារ«សម្តេចវិបុលបញ្ញា»ពីព្រះមហាក្សត្រ នរោត្តម សីហមុនីនោះ នៅល្ងាចថ្ងៃពុធ ទី១៥ ខែមិនា លោកសុខ អាន បានទទួលមរណភាព ក្នុងវ័យ៦៦ឆ្នាំ នៅឯមន្ទីរពេទ្យ ក្រុងប៉េកាំង ប្រទេសចិនបន្ទាប់ពីលោកមានជម្ងឺធ្ងន់អស់រយៈពេលជាច្រើនខែនោះ។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី គឺជាបញ្ញវន្តមួយរូប ដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម នៅឆ្នាំ១៩៧២ និងបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាលនៅឆ្នាំ១៩៧៥។
មុនពេលលោកក្លាយជាអ្នកនយោបាយ លោក សុខ អាន ធ្លាប់បម្រើការងារជាអ្នកអប់រំ ផ្តើមចេញពីសាស្ត្រាចារ្យនៃក្រសួងអប់រំជាតិ ខេត្តតាកែវ នាយកអនុវិទ្យាល័យមួយក្នុងខេត្តតាកែវ និង ជាគ្រូបង្រៀនទុតិយភូមិក្នុងខេត្តសៀមរាប។
លោក ក៏ទទួលបាននូវសញ្ញាបត្របណ្ឌិតកិត្តិយសមួយចំនួនផងដែរ ក្នុងនោះមាន ផ្នែកគោលនយោបាយ និងគ្រប់គ្រងសាធារណៈ វិទ្យាសាស្ត្រនយោបាយ និងផ្នែករដ្ឋបាលសាធារណៈពីកូរ៉េ ហ្វីលីពីន រុស្ស៊ី និងអាមេរិកជាដើម។
មានមាឌធំមាំ សម្បុរស និងភ្នែកតូច បែបកូនកាត់ចិននេះ លោក សុខ អាន កើតនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ១៩៥០ នៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាទីដែលលោកបានជាប់ជាតំណាងរាស្ត្ររបស់គណបក្សប្រជាជន៥អាណត្តិជាប់គ្នា គិតចាប់ពីការបោះឆ្នោតលើកទី១ នៅកម្ពុជា នាឆ្នាំ ១៩៩៣ មកម៉្លេះ។
អ្នកនាង មាស មិថុនាវ័យ៣៦ឆ្នាំ ជាកសិករមួយរូប មកពីខេត្តតាកែវ បង្ហាញការសោកស្តាយចំពោះការបាត់បង់លោក សុខ អាន។ អ្នកនាង លើកឡើងតាមទូរស័ព្ទប្រាប់ VOA ថា លោកសុខ អាន នាពេលកន្លងមកធ្លាប់អភិវឌ្ឍផ្លូវថ្នល់ ជួយចាស់ជរា ជីកអណ្តូងទឹក និងសាងសង់មន្ទីរពេទ្យនៅក្នុងខេត្តតាកែវ។ អ្នកនាង បន្តថា ការអភិវឌ្ឍទឹកដីខេត្តតាកែវនេះ ក៏ដោយសារខេត្តនេះ មានការអភិវឌ្ឍតិចតួចនៅពេល លោក សុខ អាននៅក្មេង។
អ្នកនាង មាស មិថុនា ថ្លែងថា៖
«ការលំបាក និយាយរួម កាលគាត់នៅពីក្មេង អត់មានការរីកចម្រើនអីចឹង។ ដល់ពេលគាត់ដើរទៅប្រទេសគេច្រើនចឹង គាត់ចង់ជួយប្រទេសយើងឲ្យរីកចម្រើនដូចគេដែរ»។
មេឃុំលាយបូរ ក្នុងខេត្តតាកែវ លោក ញ៉ែម ឆន ថ្លែងប្រាប់ VOA ថា កន្លងមក លោក សុខ អាន បានយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍខេត្ត តាកែវដែលជាស្រុកកំណើតរបស់លោក សុខ អាន ផ្ទាល់៖
«ចំពោះការដឹកនាំខេត្ត តាកែវគឺ គាត់យកចិត្តទុកដាក់។ ចំពោះខេត្តផ្សេងទៀត ខ្ញុំអត់បានដឹងទេ។ តែចំពោះខេត្តតាកែវ គាត់ដឹកនាំមានការរីកចម្រើនយ៉ាងច្រើនក្នុងខេត្តតាកែវ»។
កើតនៅក្នុងគ្រួសារកសិករ លោក សុខ អាន សម្រេចចាកចេញពីស្រុកកំណើតខ្លួន មករស់នៅ និងបន្តការសិក្សាក្នុងក្រុងភ្នំពេញ។ ក្រៅពីភាសាខ្មែរ ដែលជាភាសាកំណើតខ្លួន លោក សុខ អាន ក៏អាចប្រើប្រាស់ភាសាអង់គ្លេស បារាំង និងវៀតណាមបានស្ទាត់ជំនាញផងដែរ។
លោក សុខ អាន ចាប់ផ្តើមធ្វើការជិតស្និទ្ធជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយការដួលរលំនៃរបបខ្មែរក្រហម នាឆ្នាំ១៩៧៩ ជាពេលដែលអ្នកទាំង២បានផ្តើមដំណើរជីវិតនយោបាយរួមគ្នានៅឯក្រសួងការបរទេស។
នៅពេលនោះលោក សុខ អានធ្វើការជាប្រធានខុទ្ទកាល័យរបស់លោក ហ៊ុន សែន ខណៈដែលលោក ហ៊ុន សែន ជារដ្ឋមន្ត្រីក្រសួងការបរទេស។
ទំនាក់ទំនងអ្នកទាំង២ កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នាមួយកម្រិតទៀត ក្រោយមកទៀត លោកសុខ អាន ក្លាយជាដន្លងរបស់លោក ហ៊ុន សែន នៅឆ្នាំ២០០៥ ពេលដែលកូនប្រុសលោក គឺលោក សុខ ពុទ្ធីវុធ រៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី ហ៊ុន ម៉ាលី កូនស្រីរបស់លោក ហ៊ុន សែន។
មុនពេលលោក សុខ អាន បានក្លាយជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ធ្លាប់បម្រើការងារជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសឥណ្ឌា ព្រមទាំងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងមហាផ្ទៃ។
លោក សុខ អាន ត្រូវបានគេមើលឃើញថា ជាបុគ្គលសំខាន់មួយរូបក្នុងគណបក្សកាន់អំណាច និងជួររដ្ឋាភិបាល ដែលមានតួនាទីនិងមុខតំណែងសំខាន់ៗជាច្រើនមុខ។
ជាក់ស្តែងរូបលោកផ្ទាល់គឺជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលរបស់បក្សកាន់អំណាច។ រីឯក្នុងជួររដ្ឋាភិបាលវិញលោក សុខ អាន គឺជាប្រធានក្រុមការងារជាតិជាច្រើនរាប់ចាប់តាំងពី អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិប្រេងកាត រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ក្រុមការងារកាត់ទោសមេដឹកនាំខ្មែរក្រហម ក្រុមការងារទទួលស្គាល់គុណភាពអប់រំជាដើម។
ស្នាដៃសំខាន់ៗដែល លោក សុខ អាន បានបន្សល់ទុកក្រោមភាពជាអ្នកដឹកនាំកំពូលមួយរូបនៅកម្ពុជា មានជាអាទិ៍ ការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ការដោះស្រាយជម្លោះព្រំដែន ការទាមទាររូបបដិមាខ្មែរដែលបាត់បង់ពីបរទេសមកវិញ ការបង្កើតឲ្យមានសាលាក្តីខ្មែរក្រហម ការចុះសន្ធិសញ្ញាទីក្រុងប៉ារីសនាឆ្នាំ១៩៩១ ជាដើម។
មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បង្ហាញការសោកស្តាយចំពោះការបាត់បង់លោក សុខ អាន ដែលជាថ្នាក់ដឹកនាំកំពូលមួយរូបរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោកសុខអាន គឺជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជន ហើយបានរួមចំណែកការងារធំៗជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
«គាត់ជាសមាជិកគណៈប្រតិភូរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាទៅពិភាក្សាការងារជាមួយនឹងសម្តេចនរោត្តមសីហនុ នៅទីក្រុងប៉ារីស រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា។ នេះជាស្នាដៃមួយដែលគាត់បានរួមចំណែកក្នុងប្រវត្តិសាស្ត្រ។ ទី២គាត់បានគិតគូរអំពី ការការពារបូរណភាពទឹកដីក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម គាត់បានរៀបចំឯកសារផ្សេងៗដើម្បីពិភាក្សាជាមួយភាគីវៀតណាម។ មួយទៀតដែលលេចធ្លោថ្មីៗនេះគាត់បានខិតខំតស៊ូជាមួយភាគីថៃក្នុងការដោះស្រាយប្រាសាទព្រះវិហាររហូតបានសម្រេចជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រក្នុងការបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងថា លោក សុខ អាន បានកសាងស្នាដៃជាច្រើនដល់ប្រជាជន និងប្រទេសកម្ពុជា ចាប់តាំងពីរបបខ្មែរក្រហមដួលរលំមកម្ល៉េះ។ លោកបន្តថាលោក សុខ អានជាអ្នកជំនាញខាងផ្នែលគោលនយោបាយមួយរូបក្នុងជួររដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលនេះថ្លែងប្រាប់ VOA ថា៖
«លោកចាប់ផ្តើមតតាំងពីឆ្នាំ ១៩៧៩មក លោកប្រយុទ្ធប្រឆាំងការពារជីវិតប្រជាពលរដ្ឋ។ លោកជាអ្នកជំនាញដឹកនាំកម្ពុជា ឲ្យគេទទួលស្គាល់ពេញពិភពលោក ។លោកបានដាក់ប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហ្នឹងដោយជោគជ័យ ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ ដែលទូតអាមេរិកាំងបាននិយាយថា លោកមានភាពជំនាញវ័យឆ្លាត ប្រកបដោយវិជ្ជាជីវៈខ្ពស់ក្នុងការងារទូត ដែលធ្វើឲ្យប្រាសាទព្រះវិហារទទួលស្គាល់ដោយមិន ចាំបាច់បោះឆ្នោត គឺទទួលស្គាល់ដោយឯកច្ឆន្ទឆ្នាំ ២០០៨»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមថ្លែងប្រាប់ VOA ថា គណបក្សប្រជាជនកម្ពុជា បានបាត់បង់ធនធានមនុស្សដ៏មានសារៈសំខាន់មួយរូប ក្រោយការទទួលមរណភាពរបស់លោក សុខ អាន។
លោកថ្លែងថា ដោយហេតុលោក សុខ អាន មានតួនាទីច្រើនក្នុងរដ្ឋាភិបាល ដែលលោកពិបាកកត់សម្គាល់អំពីស្នាដៃរបស់លោក ក្នុងការកសាងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖
«នៅក្នុងជួរគណបក្សប្រជាជន បើយើងមើលទៅឯកឧត្តម សុខ អាន ពីដើមមក គឺគាត់ជាធនធានមនុស្សមួយសំខាន់ណាស់ សម្រាប់គាត់ជួយប្រឹក្សាយោបល់ដល់រដ្ឋាភិបាល។ ហើយបើយើងមើលតួនាទីរបស់ឯកឧត្តមសុខ អានក្នុងជួររដ្ឋាភិបាលវិញ យើងឃើញគេច្រើនប្រើពាក្យមួយមន្ត្រីជាន់ខ្ពស់ដៃមួយរយ។ អីចឹងបើអត់ពីឯកឧត្តមសុខ អានទៅ សំណួរសួថាតួនាទីទាំងនោះ នឹងត្រូវធ្លាក់លើអ្នកណាវិញ បើមនុស្សម្នាក់កាន់ការងាររាប់សិបជំពូក»។
លោក សុខ អាន បានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី អាយ អាន្នីសុខ អានមានកូនស្រីម្នាក់ និងកូនប្រុស៤នាក់ ដែលកំពុងបំពេញតួនាទីសំខាន់ៗក្នុងតំណែងរដ្ឋាភិបាល និងជាអ្នកជំនួញសំខាន់។ ក្នុងនោះ លោក សុខ ពុទ្ធីវុធជាប្រធានសហភាពសហព័ន្ធស្រូវអង្ករ និងជាអ្នកជំនួញដ៏ល្បីមួយរូប លោក សុខ សូកាន តំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តតាកែវ។ លោក សុខ សូកេន ជាអនុប្រធាននាយកដ្ឋានគណៈកម្មការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក សុខ សង្វារ ជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា៕