ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សង្គម​សាស្រ្ត៖ សាលក្រម​អាច​នឹង​មិន​ដូច​ការ​ចង់​បាន


លោកសង្ឃ​មួយអង្គ​និមន្ត​នៅ​ខាង​មុខ​សាលសវនាការ​នៃ​សាលាក្តី​​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។
លោកសង្ឃ​មួយអង្គ​និមន្ត​នៅ​ខាង​មុខ​សាលសវនាការ​នៃ​សាលាក្តី​​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។

ជន​រងគ្រោះ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​ខ្មែរ​ក្រហម​គួរ​តែ​ត្រៀម​ខ្លួន​ក្នុង​ករណី​ដែល​សាលក្រម​មិន​បាន​ដូច​អ្វី​ដែល​ពួកគេ​រំពឹង​ទុក​ហើយ​គួរ​មើល​ថា​ការចូលរួម​ក្នុង​ដំណើរការ​តុលាការ​ខ្មែរ​ក្រហម​នេះ​គឺជា​មេរៀន​មួយ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​បាន​យល់​ដឹង។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នក​សង្គម​សាស្ត្រ។

មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​១៧០​នាក់​បាន​ដាក់​ពាក្យបណ្តឹង​តាម​រយៈ​វិទ្យាស្ថាន​ស្រាវជ្រាវ​សង្គម​អនុវត្តន៍​នៃ​កម្ពុជា​ប៉ុន្តែ​ជន​រងគ្រោះ​ខ្លះ ប្រហែល​ជា​នឹង​មិន​បាន​ឃើញ​សាលក្រម​លើក​ដំបូង​ទេ។ អ្នក​ដាក់​ពាក្យ​បណ្តឹង​ខ្លះ​មាន​វ័យចាស់​ជរា​អាយុ​ជិត​៩០​ឆ្នាំ​។​ អ្នក​ខ្លះ​ទៀត​មាន​បញ្ហា​សុខភាព​ហើយ​អ្នក​ខ្លះ​ទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក​ស្រី បណ្ឌិត​នូ លក្ខិណា​ដែល​ជា​ប្រធាន​វិទ្យាស្ថាន​នេះ។

លោក​ស្រី​បាន​បន្ថែម​ថា៖

«ដូច្នេះ​ពេល​វេលា​កៀក​មែន​ទែន​។ ខ្ញុំ​ភ័យ​ខ្លាច​តែ​គាត់​ស្លាប់​ព្រោះ សុខភាព​គាត់​ខ្សោយ​ទៅ​ៗ។ គាត់​អត់​បាន​ឮ​ដំណឹង»។

លោក​ស្រី​ នូ លក្ខិណា បាន​ធ្វើ​ការ​ជួបជុំ​ជាមួយ​នឹង​អ្នក​ដាក់​ពាក្យ​បណ្តឹង​នៅ​តំបន់​ឆ្នេរសមុទ្រ​ខាងលិច​របស់​សហរដ្ឋ​អាមេរិក​កាលពី​ចុង​ខែ​កក្កដា​ដើម្បី ឱ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់​គ្រាន់​ត្រៀម​ខ្លួន​ទទួល​សាលដីការកាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​នឹង​ប្រកាស​នៅ​ថ្ងៃទី​៧​ខែ​សីហា​ខាង​មុខ​នេះ។

លោក​ស្រី បាន​បញ្ជាក់​ថា៖

«តាម​ពិត​ពួកគាត់​ទាំង​អស់​អត់​មាន​ទុកចិត្ត​តុលាការ​ហ្នឹង​១០០​ភាគរយ​ទេ។ ពួកគាត់​ទប់​ចិត្ត​ហើយ​ ប៉ុន្តែ​ពួកខ្ញុំ​ចង់​ឱ្យ​ពួកគាត់​ត្រៀម​ឱ្យ​ហើយ​បើ​គេ​កាត់​ទោស​អត់​មាន​ទោស​ទេកុំ​ឱ្យ​គាត់​អន់​ចិត្ត​ប៉ុន្តែ​ឱ្យ​គាត់​មាន​សង្ឃឹម​ថា​អ្វីៗ​គាត់​ខំ​ដាក់​ពាក្យ​មាន​សង្ឃឹម​ថា​អ្វីៗ​គាត់​ខំ​ដាក់​ពាក្យ​ជា​ប្រវត្តិ​មួយ​សំខាន់​ដែល​យើង​ទុក​រក្សា​ហើយ​នឹង​បង្រៀន​ជា​ឯកសារ​មួយ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ដឹង​ថា​ជំនាន់​ខ្មែរ​ក្រហម​ជាអំពើ​អត់​ល្អ​ហើយ​នឹង​កុំ​ឱ្យ​អំពើ​នោះ កើតឡើង​ទៀត»។​

លោក​ឆន ហេនរី ជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ រដ្ឋ​ម៉ាស្សាឈូសេតនិង​ជា​ដើមបណ្តឹង​ម្នាក់​ដែល​នឹង​ទៅ​ចូលរួម​ស្តាប់ការប្រកាស​សាលក្រមក្នុង​នាម​ជា​តំណាង​ជន​រងគ្រោះនៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ជន​រងគ្រោះ​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌។

«ខ្ញុំ​យល់​តាម​ផ្លូវ​ច្បាប់​។ បើច្បាប់​គេដាក់​យ៉ាង​ណា​ហើយ​គេ​ឱ្យ​មាន​ឧទ្ធរណ៍​គេ​ឱ្យ​ធ្វើ​បន្ត​ទៀត​នោះ ពលរដ្ឋ​នឹង​ស្វែងរក​តាម​ការពិត​ដែល​គេ​សង្ឃឹមពីមុនមក»។​

បងប្អូន​របស់​ភរិយា​ដើម​របស់​លោក​ត្រូវ​បាន​សម្លាប់​ដោយ​សារ​តែ​ក្រុម​ខ្មែរ​ក្រហមដឹង​ថា​លោក​ធ្វើ​ជា​ទាហាន​ក្នុង​របប​លន់​ នល់ដែល​ជាកាត្វកិច្ច​មួយ​របស់​លោក​នាពេល​នេះ​ក្នុងការ​ស្វែង​យក​យុត្តិធម៌​ដល់​អ្នក​ទាំង​នោះ៕

XS
SM
MD
LG