មន្ត្រីសាលាក្តីខ្មែរក្រហមថ្លែងថា សាលក្រមសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិទាក់ទងនឹងការជម្លៀសពលរដ្ឋចេញពីទីក្រុងដែលគេគ្រោងនឹងចេញ នៅសប្តាហ៍នេះនឹងមិនអាចផ្គាប់ចិត្តគ្រប់ភាគីទេ។ តែរំពឹងថា ការយល់ដឹងនីតិវិធី របស់ជនរងគ្រោះដែលទន្ទឹងរង់ចាំយុត្តិធម៌នោះ អាចធ្វើឲ្យមានភាពស្ងប់ចិត្ត។
សាលាក្តីកាត់ទោសខ្មែរក្រហមកំពុងត្រៀមប្រកាសសាលក្រមសំណុំរឿង០០២ វគ្គ១ នៅថ្ងៃទី៧ខែសីហាឆ្នាំ២០១៤ ក្រោយពីសំណុំរឿងនេះបានកាត់ទោស ចប់តាំងពីថ្ងៃ៣១ខែតុលាឆ្នាំ២០១៣ ពីបទជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋាន ឬបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃ ដែលមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ពីររូប នួន ជា និង ខៀវ សំផនត្រូវក្លាយជាជនជាប់ចោទនោះ។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា ទោះជាសាលក្រមមិនបានធ្វើឲ្យពេញចិត្តដល់គ្រប់ភាគីមែន តែភាគីដែលមិនពេញចិត្តអាចប្តឹងឧទ្ធរណ៍បាន។ លោកក៏បានបញ្ជាក់ថា ការយល់ដឹងរបស់ជនរងគ្រោះអំពីនីតិវិធី អាចជួយដល់ជនរងគ្រោះបានស្ងប់ចិត្ត។ លោកភក្រ្តាបានអះអាងថា សំណុំរឿង០០១ឬកាំង ហ្កេចអ៊ាវ ហៅឌុច ត្រូវកាត់ទោសឲ្យជាប់គុក៣៥ឆ្នាំ តែក្រោយពីការប្តឹងឧទ្ធរណ៍ អង្គជំនុំជម្រះតុលាការកំពូលបានកាត់ទោសឌុចឲ្យជាប់គុកអស់មួយជីវិតតាមច្បាប់កម្ពុជាដែលកំណត់ទោសខ្ពស់បំផុត។
លោក ឡាត់ គី អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្សអាហុក បានអះអាងក្នុងកម្មវិធីហេឡូវីអូអេថា យុត្តិធម៌មិនមែនរំពឹងលើការដាក់ទោស តែមួយទេ តែជនរងគ្រោះត្រូវចូលរួមតាមដានមើលពីនីតិវិធីដើម្បីកុំឲ្យមានការខកចិត្តពេលសាលក្រមចេញមក មិនបានដូចចិត្ត។
លោកថ្លែងថាម្នាក់ៗមានតួនាទីផ្សេងៗគ្នា ដូចជាមេធាវីជនជាប់ចោទ គេមាន តួនាទីការពារកូនក្តីគេឲ្យរួចផុតពីការចោទប្រកាន់ទោស ដែលនេះជានីតិវិធីច្បាប់។
ទោះជាយ៉ាងណាក៏ដោយក្រុមវាគ្មិនបានអះអាងថា ពួកគេបានពន្យល់អំពីនីតិវិធី ច្រើនដល់ក្រុមជនរងគ្រោះដើម្បីឲ្យជនរងគ្រោះទទួលបានការផ្សះផ្សារផ្លូវចិត្ត ក្នុងពេលដែលពួកគេកំពុងរង់ចាំយុត្តិធម៌យ៉ាងអន្ទះសារ៣០ឆ្នាំមកហើយនោះ។
សាលាក្តីកាត់ទោសខ្មែរក្រហមគ្រោងនឹងចាប់ផ្តើមកាត់ទោសសំណុំរឿងថ្មីគឺ សំណុំរឿង០០២វគ្គ២ នៅចុងខែកញ្ញាឬដើមខែតុលា ក្រោយពេលប្រកាស សាលក្រមវគ្គ១ នៅសប្តាហ៍នេះ៕
សូមចុចស្តាប់ការបកស្រាយរបស់ក្រុមវាគ្មិននៅផ្នែកខាងលើ។