ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​អាមេរិក​ថា ចិន​កំពុង​ពន្លឿន​ផែនការ​យក​ឈ្នះ​អាមេរិក​លើ​ឆាក​អន្តរជាតិ


រូបឯកសារ៖ លោកឧត្តមនាវី Philip Davidson មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​របស់​ស.រ.អ​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៅពេលដែល​លោក​រង់ចាំ​ការមកដល់​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុនលោក Yoshihide Suga សម្រាប់​ការប្រជុំ​នៅឯ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅ​ទីក្រុងតូក្យូ។
រូបឯកសារ៖ លោកឧត្តមនាវី Philip Davidson មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​របស់​ស.រ.អ​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៅពេលដែល​លោក​រង់ចាំ​ការមកដល់​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុនលោក Yoshihide Suga សម្រាប់​ការប្រជុំ​នៅឯ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅ​ទីក្រុងតូក្យូ។

មេបញ្ជាការ​កំពូល​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​សមាជិក​សភា​កាល​ពី​ថ្ងៃ​អង្គារថា​ ការណ៍​ដែល​អាមេរិក​មិន​មាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​កម្លាំង​យោធា​របស់​ចិន កំពុង​តែ​ជំរុញឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពន្លឿន​ផែនការ​ដណ្ដើមឧត្តមភាពជា​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ​និង​កែប្រែ​រចនាសម្ព័ន្ធ​អន្តរជាតិ​តាម​បំណង​របស់​ចិន។​

ការ​ព្រួយ​បារម្ភ​ពី​អាកប្បកិរិយាគឃ្លើន​របស់​ចិន​មិន​មែន​ជាង​រឿង​ថ្មី​ឡើយ។ នៅ​ក្នុង​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump មន្រ្តី​យោធា និង​មន្ត្រី​ស៊ើបការណ៍​របស់​អាមេរិក​ បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀតអំពីការ​វិនិយោគរបស់​ចិន​លើ​វិស័យ​យោធា​ ព័ត៌មាន​ក្លែង​ក្លាយ ប្រតិបត្តិការ​ចារកម្ម និង​វាយប្រហារតាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា។ ប៉ុន្តែ​ការ​ដាស់តឿន [អំពី​ការ​គំរាម​កំហែង] នេះ បាន​ក្លាយ​ជា​រឿង​បន្ទាន់​សារ​ជាថ្មី សម្រាប់​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​របស់​លោក បាន​កំណត់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ប្រទេស​ចិន​គឺជា​«ការ​គំរាមកំហែងដែល​កាន់​តែ​ស្មើ​កម្លាំង​គ្នា»។​

លោកឧត្តមនាវី Philip Davidson មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ធ្វើ​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការកិច្ចការ​ការពារ​ជាតិរបស់​ព្រឹទ្ធសភា​ថា៖ «ខ្ញុំ​បារម្ភ​ថា​ ពួកគេ​កំពុង​ពន្លឿន​មហិច្ឆតា​របស់ពួកគេ​ ដើម្បី​ប៉ែង​ជើង​សហរដ្ឋ​អាមេរិក​ ដណ្ដើម​យក​ភាព​ជា​អ្នក​ដឹកនាំ​របស់​អាមេរិក​ក្នុង​ឆាក​អន្តរជាតិ»។​

លោក​បន្ថែម​ថា៖ «ពួកគេ​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា ពួក​គេចង់​សម្រេច​ឱ្យ​បានដូច្នេះ​ ​នៅ​ត្រឹម​ឆ្នាំ ២០៥០។​ ខ្ញុំ​បារម្ភ​ថា ​ពួក​គេ​ខិត​កាន់​តែជិតដល់​គោលដៅ​នេះ»។

លោក​ Davidson ដែលនឹង​ត្រូវ​ចូល​និវត្តន៍​នៅ​ចុង​ឆ្នាំ​នេះ បាន​ចំណោយ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ដើម្បី​ព្យាយាមបង្វែរ​ចំណាប់​អារម្មណ៍​មក​កាន់​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ប្រទេស​ចិន​ដែល​កាន់​តែ​មាន​សាច់ដុំ៕

XS
SM
MD
LG