ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច ១៦ នាក់​បាន​ស្លាប់ ដោយសារ​ទឹក​ជំនន់ និង​ការ​បាក់ដី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន


ពលរដ្ឋ​ជប៉ុន​ត្រូវ​បាន​កងកម្លាំង​យោធា​ជួយ​សង្គ្រោះ​ដាក់​លើ​ទូក​នៅ​តំបន់​ដែល​លិចលង់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ភូមិ Kuma ប្រទេស​ជប៉ុន ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ២០២០។  Kyodo/via REUTERS
ពលរដ្ឋ​ជប៉ុន​ត្រូវ​បាន​កងកម្លាំង​យោធា​ជួយ​សង្គ្រោះ​ដាក់​លើ​ទូក​នៅ​តំបន់​ដែល​លិចលង់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ភូមិ Kuma ប្រទេស​ជប៉ុន ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ២០២០។  Kyodo/via REUTERS

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៦ នាក់​បាន​ស្លាប់ និង ១៣ នាក់​បាន​បាត់​ខ្លួន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដូច​ទឹក​បាក់​ទំនប់​នៅ​កោះ Kyushu ភាគ​ខាង​ត្បូង ប្រទេស​ជប៉ុន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍ NHK របស់​ជប៉ុន នៅ​ថ្ងៃ​អាទិត្យ​នេះ។

បន្ថែម​ពី​នេះ​ទៀត យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៧ នាក់​ទៀត កំពុង​ស្ថិត​ក្នុង​ស្ថានភាព «ប៉ះពាល់​ដល់​ជីវិត»។

ភ្លៀង​ធ្លាក់​ជោគជាំ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​អាណាខេត្ត Kumamoto នៃ​កោះ Kyushu បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់ និង​ការ​បាក់ដី។ ភ្លៀង​ធ្លាក់​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី និង​ចរន្ត​ទឹក​ប្រើប្រាស់​ផង​ដែរ។

អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​មនុស្ស​ជាង ២ សែន​នាក់ ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​បាន​ជំរុញ​អ្នក​ដែល​ស្នាក់នៅ​កន្លែង​ស្នាក់នៅ​សម្រាប់​គ្រា​អាសន្ន​នានា ឲ្យ​លាង​ដៃ និង​រក្សា​គម្លាត​ពី​គ្នា ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

រដ្ឋមន្ត្រី​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក Ryota Takeda បាន​និយាយ​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «យើង​នឹង​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ និង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​រស់នៅ​មាន​ផាសុកភាព​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន ស្រប​ពេល​ដែល​មាន​ការ​ទស្សន៍ទាយ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត៕

XS
SM
MD
LG